អានតួអត្ថបទ
ន័រវែស-ចិន

រង្វាន់​ណូបែល​សន្តិភាព​ឆ្នំា ២០១០ ដ៏​ចម្រូងចម្រាស

គឺ​នៅ​ថ្ងៃ​សុក្រ ទី១០ ធ្នូ ឆ្នំា ២០១០ ស្អែក ដែល​ពិធី​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​ឆ្នំា ២០១០ នឹង​ត្រូវ​រៀបចំ​ជា​ផ្លូវការ​ដោយ​គណៈកម្មការ​ណូបែល​នៅ​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស។ រង្វាន់​ណូបែល​សន្តិភាព​ឆ្នំា ២០១០​បាន​ប្រគល់​ឲ្យ​សកម្មជន​ប្រឆំាង​រដ្ឋអំណាច​ចិន លោក លីវ ស៊ាវប៉ូ។ បច្ចុប្បន្ន លោក លីវ ស៊ាវប៉ូ​កំពុង​ជាប់គុក​ក្នុង​ប្រទេស​ចិន និង​ដែល​ទីក្រុង​ប៉េកំាង​បាន​និង​កំពុង​កៀរគរ​គ្រប់​ប្រទេស​ទំាង​អស់​ក្នុង​ លោក​កុំ​ឲ្យ​ទៅ​ចូល​រួម​ពិធី​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​នៅ​ក្នុង​ប្រទេស​ន័រវែស។

ក្បួនបាតុកម្ម​គំាទ្រ​លោកលីវ ស៊ាវប៉ូ
ក្បួនបាតុកម្ម​គំាទ្រ​លោកលីវ ស៊ាវប៉ូ ©REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម
07:56

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

តួអង្គ​សំខាន់​ជាង​គេ និង​ដែល​អវត្តមាន​នៅ​ថ្ងៃ​ពិធី​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​នា​ថ្ងៃ​សុក្រ ទី១០ ធ្នូ ឆ្នំា ២០១០​ស្អែក​ គឺ​លោក លីវ ស៊ាវប៉ូ ដែល​ជា​ជ័យលាភី​រង្វាន់​ណូបែល​​សន្តិភាព​ឆ្នាំ ២០១០។ មាន​អាយុ ៥៤​ឆ្នាំ លោក​ លីវ ស៊ាវប៉ូ ជាបញ្ញាវន្ត​ចិន​ម្នាក់​ដែល​បាន​បូជាទាំង​​កំលាំងកាយ និង​ចិត្ត ដើម្បី​ជម្រុញ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ចិន។ គឺ​អតីត​សាស្រ្តាចារ្យ​អក្សសិល្បិ៍​រូប​នេះ​ហើយ​ដែល​​បាន​ចូលរួម​តាក់តែង​ធម្មនុញ្ញ លេខ​៨។ ជា ​អត្ថបទដែល​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ចិន​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​។ ប៉ុន្តែ ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ណា​មិន​ដឹង​ទេ តែ​នៅ​ចិន​គឺ​ជា​បទឧក្រិដ្ឋ។ អ៊ីចឹង​ហើយ​បាន​ជា​ថ្ងៃ​ទី ២៥ ធ្នូ ឆ្នំា ២០០៩ ចំ​ថ្ងៃ​ណូអែល​ឆ្នំា​ទៅ​មិញ លោក​ លីវ ស៊ាវប៉ូ​ត្រូវ​បាន​តុលាការ​ចិន​កាត់​ទោស​ញាត់​គុក​ចំនួន ១១ឆ្នំា ពី​បទវិទ្ធង្សណា​ប្រឆំាង​រដ្ឋអំណាច។

ជារួម​ទៅ គ្មាន​សាច់ញាតិ ឬ​ក្រុមគ្រួសារណា​ម្នាក់​​របស់​ម្ចាស់​រង្វាន់​ណូបែល​សន្តិភាព២០១០​​ណា​ម្នាក់​នឹង​អាច​ទៅ​ទទួល ឬ​មួយ​ក៏​ទៅ​ចូល​រួម​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​នៅ​ថ្ងៃ​សុក្រ ទី១០ ធ្នូ​ស្អែក​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស​ទេ។ ម្ចាស់​រង្វាន់​ណូបែល​កំពុង​ជាប់គុក ចំណែក​ប្រពន្ធ​របស់​លោក​ លីវ ស៊ាវប៉ូ​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ឃុំឃំាង​នៅ​ក្នុង​គេហដ្ឋាន រី​ឯ​បងប្អូន​ប្រុស​បង្កើត​ទំាង​បី​នាក់​របស់​លោក​ លីវ ស៊ាវប៉ូ ក៏​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ហាម​មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ដែរ។ ទន្ទឹម​គ្នា​នេះ ចិន​ក៏​បាន​អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ក្នុង​លោក ពិសេស​ប្រទេស​ណា​ដែល​មាន​ទំនាក់ទំនង​ការទូត​ជា​មួយ​ប្រទេស​ន័រវែស កុំ​ឲ្យ​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន​ទៅ​ចូល​រួម។

បើ​យោងតាម​តួលេខ​របស់​គណៈកម្មាធិការ​ណូបែល មាន​ស្ថានទូត​បរទេស​ចំនួន ១៩ ក្នុង​ទីក្រុង​អូស្លូ​បាន​បញ្ជាក់​ពី​អវត្តមាន​របស់​ខ្លួន​ដោយ​លើក​យក​មូលហេតុ​ផ្សេង​គ្នា។ អ្នក​ខ្លះ​ថា ជាប់​រវល់ អ្នក​ខ្លះ​ទៀត​ថា មក​ពី​កាលវិភាគ​មិន​អនុគ្រោះ។ ប្រទេស​អវត្តមាន​ទំាង​នោះ​រួម​មាន វៀតណាម ហ្វីលីពីន អាហ្វហ្កានីស្តង់ ម៉ារ៉ុក រុស្ស៊ី អ៊ុយក្រែន គុយបា អៀរ៉ាក់ អៀរ៉ង់។ល និង។ល។ ដោយ​ឡែក អវត្តមាន​ដែល​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លំាង​នោះ គឺ​អវត្តមាន​របស់​លោកស្រី​ណាវី ប៉េឡេ​ដែល​ជា​ស្នងការជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស។ លោកស្រី​ណាវី ប៉េឡេ​បាន​លើក​យក​ហេតុផល​ថា ជាប់​រវល់​ចូល​រួម​នៅ​ក្នុង​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង Genève នា​ថ្ងៃសុក្រ ទី១០ ធ្នូ ឆ្នំា ២០១០។

ទន្ទឹម​នឹង​ប្រទេស​អវត្តមាន មាន ប្រទេស​ចំនួន៤៤​​​បាន​បញ្ជាក់​​ពី​វត្តមាន​របស់​គេ​ ក្នុង​នោះ​មាន​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទំាង​អស់ ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អាមេរិក និង​ប្រទេស​ប្រេស៊ីល។ល។ និង។ល។

លោក លីវ ស៊ាវប៉ូ និង​ភរិយា
លោក លីវ ស៊ាវប៉ូ និង​ភរិយា ©REUTERS/Handout

តើ​អ្នក​ណា​អាច​នឹង​ទទួល​រង្វាន់​ណូបែល​ជំនួស​លោក​លីវ ស៊ាវប៉ូ

ក្រៅ​ពី​ម្ចាស់​ផ្ទាល់ និង​ក្រុម​គ្រួសារ គ្មាន​នរណា​ម្នាក់​អាច​ទៅ​ទទួល​ជំនួស​បាន​ឡើយ។ ប៉ុន្តែ នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​ជា​ផ្លូវការ​នោះ គណៈកម្មាធិការ​ណូបែល​បាន​សម្រេច​យក​កៅអី​ទំនេរ​មួយ​ដាក់​ជា​និមិត្តរូប តំណាង​ឲ្យ​ លោក​លីវ ស៊ាវប៉ូ។

សូម​ជម្រាប​ជូន​ថា នេះ​អាច​ជា​ព្រឹត្តការណ៍​មួយ​ដែល​មិន​ធ្លាប់​មាន​ទេ នៅ​ក្នុង​ប្រវត្តិ​របស់​គណៈកម្មាធិការ​ណូបែល​ដែល​បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ណូបែល​មួយ​ដោយ​គ្មាន​វត្តមាន​ម្ចាស់ ឬ​មួយ​ក្រុម​គ្រួសារ​ទៅ​ទទួល​ផ្ទាល់ដៃ។ កន្លង​មក​គេ​សង្កេត​ឃើញ​ថា បើ​ម្ចាស់​រង្វាន់​ណូបែល​អវត្តមាន​មិន​អាច​ទៅ​ទទួល​បាន យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រពន្ធ កូន ឬ​មួយ​ក៏​បងប្អូន​បង្កើត​ទៅ​ទទួល​ជំនួស​ដែរ។ ដូច​យ៉ាង​ករណី​លោកស្រី​អ៊ុង សានស៊ូជី ប្រមុខ​គណបក្សប្រឆំាង​នៅ​ក្នុង​ប្រទេស​ភូមា ដែល​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នំា ១៩៩១ និង​ដែល​កាលណោះ កូន​របស់​លោកស្រី​ជា​អ្នក​ទៅ​ទទួល​ជំនួស ព្រោះ​លោកស្រី​ត្រូវ​បាន​របបសឹក​ភូមា​ចាប់​ឃុំ​ក្នុង​គេហដ្ឋាន។

និយាយ​ជា​រួម​ទៅ បើ​ម្ចាស់​រង្វាន់​ណូបែល​អវត្តមាន​ហើយ ក្រុមគ្រួសារ​របស់​ម្ចាស់​រង្វាន់​ក៏​អវត្តមាន​ទៀត​នោះ គឺ​គ្មាន​នរណា​ម្នាក់​អាច​ទៅ​ទទួល​ជំនួស​បាន​ទេ មាន​ន័យ​ថា គណៈកម្មការ​ណូបែល​ជា​អ្នក​រក្សា​ទុក​រង្វាន់​នោះ រហូត​ដល់​ថ្ងៃ​ណា​មួយ​ដែល​ម្ចាស់ ឬ​ក្រុម​គ្រួសារ​អាច​ទៅ​ទទួល​បាន។

ទោះ​ជា​យ៉ាង​នេះ​ក្តី រង្វាន់​ណូបែល​មិន​អាច​បាត់បង់​តម្លៃ​របស់​វា​បាន​ទេ សូម្បី​តែ​រង្វាន់​ណូបែល​ផ្នែក​ស្អី​ក៏​ដោយ សន្តិភាព សេដ្ឋកិច្ច អក្សរសិល្ប៍ រូបវិទ្យា ឬ​មួយ​ក៏​គីមី ព្រោះ​ថា រង្វាន់​ណូបែល​នីមួយៗ​ត្រូវ​បាន​គេ​ចារទុក​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ និង​មាន​តម្លៃ​ជា​រៀង​រហូត ទោះបី​ជា​នៅ​ក្រោយ​អនិច្ចកម្ម​ម្ចាស់​វា​ក៏​ដោយ។ រង្វាន់​ណូបែល​ជា​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ស្នាដៃ​មនុស្ស​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម​ដែល​បាន​ប្រឹងប្រែង​ដើម្បី​ផលប្រយោជន៍​មនុស្ស​លោក។

ក្រុម​ប៉ូលីស​ចិន​ពង្រឹង​សន្តិសុខ​នៅ​ផ្ទះ​លោកលីវ ស៊ាវប៉ូ ក្នុង​ទីក្រុង​ប៉េកំាង
ក្រុម​ប៉ូលីស​ចិន​ពង្រឹង​សន្តិសុខ​នៅ​ផ្ទះ​លោកលីវ ស៊ាវប៉ូ ក្នុង​ទីក្រុង​ប៉េកំាង AFP/Goh Chai Hin

ចិន​កំពុង​បន្ត​ក្តៅក្រហាយ

វា​ជា​រឿង​មួយ​ធម្មតា​ទេ​ដែល​ចិន​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​របស់​ខ្លួន ព្រោះ​ថា លោក​ លីវ ស៊ាវប៉ូ ជាបញ្ញវន្ត​ចិន​ម្នាក់​ដែល​បាន​បូជា​ទាំង​​កំលាំងកាយ និង​ចិត្ត ដើម្បី​ជម្រុញ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ប្រកាន់​យក​របបកុម្មុយនិស្ត​យ៉ាង​តឹងរ៉ឹង​ដូច​ករណី​ប្រទេស​ចិន។ សម្រាប់​ទីក្រុង​ប៉េកំាង ការ​ដែល​គណៈកម្មការ​រង្វាន់​ណូបែល​បាន​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​ទៅ​លោក លីវ ស៊ាវប៉ូ និង​ការ​ដែល​ប្រទេស​មួយ​ចំនួន​បាន​ចូល​រួម​គំាទ្រ​ពេល​នេះ វា​ជា​ទង្វើ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។

មែន​ទែន​ទៅ តំាង​ពី​ឈ្មោះ​លោក​លីវ ស៊ាវប៉ូ​បាន​លេចឭ​ថា​ ជា​អ្នក​ទទួល​រង្វាន់​ណូបែល​ឆ្នំា ២០១០​មក ប្រទេស​ចិន​មិន​ត្រឹម​តែ​បាន​គំរាម​​គណៈកម្មការ​រង្វាន់​ណូបែល​ប៉ុណ្ណោះ​ទេ តែ​ថែម​ទំាង​បាន​លុបចោល​ជំនួប និង​កាត់ផ្តាច់​គម្រោង​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​មួយ​ចំនួន​ជា​មួយ​ប្រទេស​ន័រវែស​ទៀត​ផង។ ទន្ទឹម​គ្នា​នេះ រដ្ឋអំណាច​ចិន​ក៏​បាន​គំរាម​ប្រទេស​មួយ​ចំនួន​ទៀត​កុំ​ឲ្យ​លូកលាន់។

ឥឡូវ​នេះ​ទៀត មួយ​ថ្ងៃ​មុន​ពិធី​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​ជា​ផ្លូវការ ចិន​បាន​និង​កំពុង​កៀរគរ​គ្រប់​ប្រទេស​ទំាង​អស់​ក្នុង​លោក​កុំ​ឲ្យ​ទៅ​ចូល​រួម ដោយ​លើក​ហេតុផល​ថា នឹង​ទទួល​ផលវិបាក​នៅ​ពេល​ក្រោយ។ ផលវិបាក​ហ្នឹង​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ទំនាក់ទំនង​ជា​ឧភតោភាគី​ទេ ពិសេស​គឺ​ទំនាក់ទំនង​សេដ្ឋកិច្ច​តែ​ម្តង។ យើង​ដឹង​ហើយ​ថា ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ក្នុង​លោក និង​មាន​កំណើន​សេដ្ឋកិច្ច​ជិត ១០% នោះ អ្នក​ណា​ក៏​ត្រូវ​ការ​ចិន​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​គេ​ឃើញ​មាន​ប្រទេស​ខ្លះ​បាន​បដិសេធ​មិន​ទៅ​ចូល​រួម​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ប្រទេស​ន័រវែស ​នា​ថ្ងៃ​សុក្រ ទី១០ ធ្នូ ឆ្នំា ២០១០​ស្អែក។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក។ ​ដោយ​ថ្ងៃ​ស្អែក ជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ផង​នោះ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទំាង​អស់ រួម​ទំាង​អ្នក​នយោបាយ​នៅ​ប្រទេស​ចិន​ផង។ លោកស្រីណាវី ប៉េឡេ​ដែល​ជា​ស្នងការជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​អះអាង​ថា ការ​ហ៊ាន​រិះគន់​ទិតៀន មិន​មែន​ជា​បទឧក្រិដ្ឋ​ទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ