អានតួអត្ថបទ
អ៊ីនធ័រណេត

រដ្ឋាភិបាល​ចិន​ប្រើ​មនុស្ស​២លាន​នាក់​ដើម្បី​ចាំ​ធ្វើ​ជា​ប៉ូលិស​អ៊ីនធ័រណេត

រដ្ឋាភិបាល​ចិន​លែង​លាក់​កំបាំង​ទៀត​ហើយ វិធីសាស្រ្ត​របស់ខ្លួន ក្នុង​ការតាមដាន ត្រួតពិនិត្យ​ខ្លឹមសារ​អត្ថបទ​នៅ​លើ​អ៊ីនធ័រណេត។ កាសែត​ដំណឹង​ប៉េកាំង ដែល​ជាមធ្យោបាយ​ឃោសនា​ផ្លូវរដ្ឋ​បាន​បញ្ជាក់​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ​ពី​វត្តមាន​នៃ​ទីភ្នាក់ងារ​សម្ងាត់ ដែល​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​អ៊ីនធ័រណេត។  

បុគ្គលិក​ក្រុមហ៊ុន​ចិននៅ​សៀងហៃ ​ព្យាយាម​ប្រើប្រាស់​បណ្តាញ​សង្គម​ដែល​តាមដាន​ត្រួត​ពិនិត្យ​ខ្លាំង​ពី​រដ្ឋាភិបាល​
បុគ្គលិក​ក្រុមហ៊ុន​ចិននៅ​សៀងហៃ ​ព្យាយាម​ប្រើប្រាស់​បណ្តាញ​សង្គម​ដែល​តាមដាន​ត្រួត​ពិនិត្យ​ខ្លាំង​ពី​រដ្ឋាភិបាល​ ©REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

តាមកាសែត ដំណឹង​ប៉េកាំង រដ្ឋាភិបាល​ចិន​ប្រើ​ភ្នាក់ងារ​ប្រមាណ​២លាន​នាក់​ដើម្បី​ចាំ​តាមដាន ត្រួតពិនិត្យ​មើល​រាល់​ព័ត៌មាន និង​បទ​អត្ថាធិប្បាយ​នានា​ដែល​គេ​បាន​បង្ហោះ​នៅលើ​អ៊ីនធ័រណេត។

 
នេះ​ជា​លើកទីមួយ ដែល​កាសែត​ផ្លូវរដ្ឋ​ចិន​បាន​បញ្ជាក់​ពី​វត្តមាន​របស់​ស្ថាប័ន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាពិសេស ដើម្បី​តាមដាន​អ្នកប្រើប្រាស់​អ៊ីនធ័រណេត ប្រមាណ ៥០០​លាន​នាក់ នៅ​ប្រទេស​ចិន។ តាម​កាសែត​ខាងលើ ប៉ូលិស​អ៊ីនធ័រណេត​ប្រមាណ​២​លាន​នាក់ បាន​ទទួល​ប្រាក់ខែ​ពី​អង្គភាព​ឃោសនា​របស់​រដ្ឋាភិបាល របស់​បក្ស​កុម្មុយនិស្ត​ចិន និង​ពី​ក្រុមហ៊ុន​វិបសៃតិ៍​ឯកជន​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ចិន។ ការងារ​របស់​ពួកគេ​គឺ​អាន និង​ជម្រុះ​បិទចោល​អត្ថបទ ព័ត៌មាន ឬ​ការអត្ថាធិប្បាយ​ទាំងឡាយ​ណា ដែល​រិះគន់​រដ្ឋាភិបាល ឬ​បក្ស​កុម្មុយនិស្ត​ចិន នៅ​ក្នុង​​បណ្តាញ​សហគមន៍​របស់​អ្នកប្រើប្រាស់​អ៊ីនធ័រណេត។

កន្លងមក រដ្ឋាភិបាល​បាន​ធ្វើការ​តាមដាន​សកម្មភាព​បញ្ចេញ​មតិ​នៅ​អ៊ីនធ័រណេត​ដោយ​ស្ងាត់កំបាំង មិន​បើក​ចំហរ។ ប៉ុន្តែ ក្នុង​មួយ​ឆ្នាំ​ចុងក្រោយនេះ រដ្ឋាភិបាល​ថ្មី​របស់​ចិន​បាន​បើក​ចំហរ​ឲ្យ​ឃើញ​ពី​សកម្មភាព​របស់ខ្លួន ច្រើន​ជាង​ពេល​មុន ទាំង​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ និង​ការត្រួតពិនិត្យ នៅលើ​អ៊ីនធ័រណេត។

កាលពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ចិន​ទើប​តែ​ចេញ​ច្បាប់​ថ្មី​ដែល​មាន​ទិសដៅ​ត្រួតពិនិត្យ​កាន់តែ​ខ្លាំង​ជាងមុន ខ្លឹមសារ​អត្ថបទ ដែល​ចុះផ្សាយ​នៅ​លើ​បណ្តាញ​សង្គម។ ក្នុង​លេស​ប្រឆាំង​នឹង​បទល្មើស រដ្ឋប្បវេនី ដូចជា​បរិហារ​កេរ្តិ៍ រដ្ឋាភិបាល​បាន​ហាម​មិន​ឲ្យ​គេ​ធ្វើ​ការរិះគន់​បុគ្គល​របស់​បក្ស ឬ​មន្រ្តី​រដ្ឋាភិបាល។ អ្នកដែល​ល្មើស ចុះ​អត្ថបទ​រិះគន់ ហើយ​អត្ថបទ​រិះគន់​នោះ​ត្រូវ​បាន​ទទួល​ការចូលចិត្ត​ពីមនុស្ស​៥ពាន់​នាក់​ឡើងទៅ និង​ត្រូវ​ចែករំលែក​បន្ត​ចាប់​ពី​៥០០​ដង នឹង​ត្រូវ​ប្រឈម​នឹង​ការដាក់​ទោស ​ជាប់​ពន្ធនាគារ​បីឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ