អានតួអត្ថបទ

MH370៖ ​ក្រុមស៊ើបអង្កេត​ថា​គ្មាន​ភស្តុតាង​ដាក់​ការ​ទទួលខុសត្រូវ​លើ​អ្នក​បើកបរ

ក្រុមស៊ើបអង្កេត​អន្តរជាតិ ដែល​ទទួល​បន្ទុក​ស៊ើបអង្កេត​លើ​ករណី​បាត់យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរលេខ​៣៧០ បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​បឋម​របស់​ខ្លួន នៅថ្ងៃ​អាទិត្យ​នេះ ក៏ប៉ុន្តែ របាយការណ៍​នេះ​ហាក់ដូចជា​មាន​បាន​ផ្តល់​នូវ​ពន្លឺ​អ្វី​ថ្មី ចំពោះ​ការ​បាត់យន្តហោះ​នេះ​ទេ។ ទោះជា​យ៉ាងណា ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ធ្វើការ​គូសបញ្ជាក់ថា គេ​មិនឃើញ​មាន​តម្រ៉ុយ​ណាមួយ ដែល​អាច​បញ្ជាក់ថា ការ​បាត់យន្តហោះ​នេះ​បណ្តាល​មក​ពី​អ្នក​បើកបរ ឬ​ក៏​មក​ពី​បញ្ហា​គ្រឿងម៉ាស៊ីន​នោះទេ។

ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុងការ​បាត់យន្តហោះ​ម៉ាឡេស៊ី​លេខ​៣៧០ នាំគ្នា​ជួបជុំ​រំឭកខួប​១ឆ្នាំ នៅ​ទីក្រុង​ប៉េកាំង​ ថ្ងៃទី៨ មីនា ២០១៥
ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុងការ​បាត់យន្តហោះ​ម៉ាឡេស៊ី​លេខ​៣៧០ នាំគ្នា​ជួបជុំ​រំឭកខួប​១ឆ្នាំ នៅ​ទីក្រុង​ប៉េកាំង​ ថ្ងៃទី៨ មីនា ២០១៥ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​យន្តហោះ​ប៊ូអ៊ីង ៧៧៧ របស់​ក្រុមហ៊ុន​ Malaysia Airlines ជើង​ហោះហើរ​លេខ​៣៧០​ ត្រូវ​បាត់​ពី​រ៉ាដា កាល​ពី​មួយ​ឆ្នាំ​មុន សម្មតិកម្ម​ជាច្រើន​ត្រូវ​បាន​គេ​លើកឡើង ដើម្បី​ព្យាយាម​បកស្រាយ​ចំពោះ​ករណី​បាត់យន្តហោះ​ដ៏ចម្លែក​មួយ​នេះ ដោយ​អ្នក​ខ្លះ​សង្ស័យ​ពី​បញ្ហា​គ្រឿងម៉ាស៊ីន ឬ​អគ្គិភ័យ​លើ​យន្តហោះ ខ្លះ​ថា​ជា​ករណី​ចាប់ពង្រាត់យន្តហោះ​ដោយ​ភេរវជន​ណាមួយ ក៏ប៉ុន្តែ ការសង្ស័យ​ដែល​គេ​តែងតែ​លើកឡើង​ច្រើន​ជាងគេ គឺ​ទាក់ទង​ទៅនឹង​អ្នក​បើកបរ។

អ្នកជំនាញ​ខាង​អាកាសចរណ៍​ជាច្រើន​បាន​នាំគ្នា​ធ្វើការ​កត់សម្គាល់ថា នៅ​ពេល​ដែល​យន្តហោះ​ម៉ាឡេស៊ី​៣៧០​ត្រូវ​បាត់ពីរ៉ាដា រាល់​ការទាក់ទង​ទាំងអស់​ទៅកាន់​បន្ទប់​បើកបរ​ត្រូវ​បាន​កាត់ផ្តាច់ ហើយ​​ឧបករណ៍​ផ្តល់​អត្តសញ្ញាណ​យន្តហោះ​​ត្រូវ​បាន​បិទ​លែង​ឲ្យ​រ៉ាដា​ស៊ីវិល​ចាប់បាន។ ម្យ៉ាងទៀត ​បន្ទាប់​ពី​បាត់ពីរ៉ាដា​ យន្តហោះ​នេះ​បាន​បន្ត​ហោះហើរ​ក្នុងរយៈពេល​ពី ៦ ទៅ ៧ម៉ោង ដោយ​​ហោះ​ចេញ​ពី​ទិសដៅ​ដែល​គ្រោងទុក និង​​ហោះ​កាត់តាម​កូអរដោនេ​ផ្លូវអាកាស​ច្បាស់លាស់។ ទាំងអស់​នេះ​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា អ្វីៗដែល​បាន​កើនឡើង គឺ​ទំនង​ជា​មក​ពី​អន្តរាគមន៍​របស់​មនុស្ស​នៅ​ក្នុង​បន្ទប់​បើកបរ ហើយ​​​មាន​តែ​អ្នក​ដែល​ចេះបើកបរ​យន្តហោះ និង​ស្គាល់​ផ្លូវ​ហោះហើរ​នៅ​ក្នុង​តំបន់​នេះ​ទេ ដែល​អាច​ធ្វើ​បែបនេះបាន។

ជាការពិត មាន​អ្នក​ខ្លះ​លើកឡើង​ថា ភេរវជន​ដែល​ទទួល​ការហ្វឹកហ្វឺន​ច្បាស់លាស់​អាច​នឹង​ធ្វើ​សកម្មភាព​អស់ទាំងនេះ​បាន ក៏ប៉ុន្តែ សម្មតិកម្ម​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ភាគច្រើន​ច្រានចោល នៅ​ក្នុង​ហេតុផល​ដ៏​សាមញ្ញ​មួយ​ថា គោលដៅ​ចម្បងបំផុត​នៃ​ការ​ធ្វើ​ភេរវកម្ម​ គឺ​ចង់​ឲ្យ​គេ​ដឹង រីឯ​ក្នុង​ករណី​បាត់​យន្តហោះ​ម៉ាឡេស៊ី​លេខ​៣៧០​នេះ​វិញ មួយ​ឆ្នាំ​ទៅហើយ មិនមាន​អ្នកណា​ ឬ​ក្រុមណា​ចេញមុខ​ប្រកាស​ទទួលខុសត្រូវ។

ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​នាំគ្នា​ដាក់​ការ​សង្ស័យ​ទៅលើ​អ្នក​បើកបរ។ ក៏ប៉ុន្តែ នៅ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​បឋម ចេញផ្សាយ​នៅថ្ងៃ​អាទិត្យ​នេះ ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​បាន​ឲ្យដឹង​ថា គេ​បាន​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​លម្អិត​ទៅលើ​​អ្នក​បើកបរ​យន្តហោះ​ទាំងពីរ​រូប ព្រមទាំង​បុគ្គលិក​បម្រើការ​លើ​យន្តហោះ ១០​រូបផ្សេងទៀត ដោយ​ស៊ើបអង្កេត​ទាំងទៅលើ​បញ្ហា​គ្រួសារ បញ្ហា​ផ្ទាល់ខ្លួន បញ្ហា​លុយកាក់ ឬ​បញ្ហា​ផ្លូវចិត្ត ក៏ប៉ុន្តែ គេ​មិន​ឃើញ​មាន​តម្រ៉ុយ​អ្វីមួយ ដែល​អាចបញ្ជាក់​ពី​ការ​ទទួលខុសត្រូវ​របស់​​អ្នកបើកបរ ឬ​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​​ ចំពោះ​ករណី​បាត់យន្តហោះ​ម៉ាឡេស៊ី​លេខ​៣៧០​នេះ​ទេ។ រីឯ​បញ្ហា​គ្រឿងម៉ាស៊ីន​យន្តហោះ​វិញ ក៏​ក្រុម​ស៊ើបអង្កេត​រក​មិន​ឃើញ​តម្រ៉ុយ​អ្វី​នោះដែរ។

និយាយ​ដោយ​ខ្លី របាយការណ៍​ស៊ើបអង្កេត​បឋម​នេះ​មិនបាន​ផ្តល់​ពន្លឺ​អ្វី​ថ្មី ចំពោះ​ករណី​បាត់យន្តហោះ​ដ៏​ចម្លែក​នេះ​ទេ។ តាមការពិត​ទៅ នេះ​ក៏​មិនមែន​ជា​រឿង​អ្វី​ចម្លែក​នោះដែរ ពីព្រោះ​ថា គេ​មិន​អាច​ធ្វើការ​ស៊ើបអង្កេត​ដឹង​មូលហេតុ​ច្បាស់លាស់​​អំពី​ការ​បាត់យន្តហោះ​នេះ​បានទេ នៅ​ក្នុង​ពេល​ដែល​គេ​មិន​ទាំង​ដឹង​ផង​ថា តើ​យន្តហោះ​នេះ​ស្ថិត​នៅ​ទីណា​ពិតប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ