អានតួអត្ថបទ
ចិន-ទីបេ

លោក​ស៊ីជីនពីង ទទួល​ជួប​សម្តេច​សង្ឃ​ប៉ាន់ឈិន​ឡាម៉ា​ទីបេ ដើម្បី​ដាស់តឿន

វាជា​ឱកាស​ដ៏​កម្រ​មួយ ​ដែល​លោក​ស៊ីជីនពីង ​ប្រធានាធិបតី​ចិន ​បាន​ទទួល​ជួប​សម្តេច​សង្ឃ ​ប៉ាន់ឈិន​ឡាម៉ា​ តំណាង​តំបន់​ទីបេ។ សម្រាប់​ប៉េកាំង​ មាន​តែ​ព្រះសង្ឃ​ប៉ាន់ឈិន​ឡាម៉ា ​មួយ​អង្គ​នេះ ​ប៉ុណ្ណោះ ​ដែល​ជា​អ្នក​តំណាង​ស្របច្បាប់​របស់​តំបន់​ទីបេ។ តាម​ការ​រាយការណ៍ ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ផ្លូវការ ​បាន​បញ្ជាក់​ថា ​លោក​ប្រធានាធិបតី​ចិន ​បាន​សំណូមពរ​ឲ្យ​ព្រះសង្ឃ ​ប៉ាន់ឈិន​ឡាម៉ា ​ខិតខំ​បន្ត​ទៀត​ក្នុងការ​ដឹកនំា​ប្រជាជន​ទីបេ ​ឲ្យ​ដើរ​តាម​មាគ៌ា​សង្គម​និយម​ របស់​ចិន​ប៉េកាំង។

សង្ឃ ប៉ាន់ឈិនឡាម៉ា ​ដែល​មានឈ្មោះដើម​ថា Gyaltsen Norbu ត្រូវ​បានតែងតាំង​ឡើង​ដោយ រដ្ឋាភិបាល​ចិន​ ​ដោយ​​មិនបាន​​គោរព​លក្ខខណ្ណ​ ត្រឹមត្រូ​វ​​ទៅតាម​​ប្រពៃណី​​ទីបេ​ទេ
សង្ឃ ប៉ាន់ឈិនឡាម៉ា ​ដែល​មានឈ្មោះដើម​ថា Gyaltsen Norbu ត្រូវ​បានតែងតាំង​ឡើង​ដោយ រដ្ឋាភិបាល​ចិន​ ​ដោយ​​មិនបាន​​គោរព​លក្ខខណ្ណ​ ត្រឹមត្រូ​វ​​ទៅតាម​​ប្រពៃណី​​ទីបេ​ទេ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​លោក ​ស៊ីជីនពីង​ ប្រធានាធិបតី​ចិន ​ បាន​ទទួល​ជួប​សម្តេច​សង្ឃ ប៉ាន់ឈិន​ឡាម៉ា ​ដែល​ជា​ប្រមុខ​សង្ឃ​ព្រះពុទ្ធ​សាសនា ​នៅ​តំបន់​ទីបេ។ ព័ត៌មាន​នេះ ​ត្រូវ​បាន​ទូរទស្សន៍ ​និង​សារព័ត៌មាន​ក្នុង​ស្រុក​ចិន ​និយាយ​រាយរ៉ាប់​ អួត​សរសើរ ​ពី​ថ្នាក់​ដឹកនាំ​ទាំងពីរ​ អម​ដោយ​រូបភាព ​ដែល​បង្ហាញ​ ពី​ការ​គោរព​គារវកិច្ច​ របស់​លោក​ប្រធានាធីបតី​ចិន ​ជូន​ចំពោះ​សម្តេច​សង្ឃ​ប៉ាន់ឈិន​ឡាម៉ា។

 
បើ​យោង​តាម ​ភ្នាក់ងារ​ព័ត៌មាន​ចិន​ផ្លូវការ​ បាន​បញ្ជាក់​ថា​ ថ្លែង​ក្នុង​ឱកាស​ជួប​សន្ទនា​គ្នា​នេះ ​លោក​ស៊ីជីនពីង ​បាន​សំណូមពរ​ឲ្យ​សម្តេច​សង្ឃ​ប៉ាន់ឈិន​ឡាម៉ា ​ខិតខំ​ឲ្យ​សកម្ម​ថែមទៀត ​​ក្នុង​ការ​បញ្ចូល​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ទីបេ ​ទៅ​ក្នុង​លទ្ធិ​សង្គម​និយម ​ដែល​ដឹកនាំ​ដោយ​ក្រុង​ប៉េកាំង។ លោក​ ប្រធានាធិបតី​ចិន បាន​បន្ថែម​ទៀតថា​ ក្នុងនាម​សម្តេច​សង្ឃ​ជា​ថ្នាក់​ដឹកនាំ​សាសនា​នៅ​ទីបេ ​ព្រះអង្គ​ត្រូវ​ធ្វើ​យ៉ាង​ណា ​បណ្តុះ​គំនិត​ស្នេហា​ជាតិ​ និង​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ តែមួយ។

ទោះបី​ជា​យ៉ាងណា ​ នៅ​ពី​ក្រោយ​ពាក្យ​សំណូមពរ​ទាំង​នេះ ​​ត្រូវ​បាន​អ្នក​វិភាគ​ឯករាជ្យ ​យល់​ឃើញ​ថា ​វា​គឺ​ជា​ពាក្យ​ដាស់តឿន ​ក្រើន​រំឭក ​របស់​លោក​ប្រធានាធិបតី​ចិន ​ចំពោះ​ប្រមុខ​សង្ឃ​ឡាម៉ា​ទីបេ ​ថា ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ ​ពី​សម្តេច​សង្ឃ​ដាឡៃឡាម៉ា ​ដែល​បាន​និរទេស​ព្រះកាយ​ទៅ​ឥណ្ឌា។ វា​មិន​ខុស​អ្វី ​ពី​មេរៀន​ ដែល​​លោក​ប្រធានាធិបតី​ចិន ​បាន​ពន្យល់​ទៅ ​សម្តេច​សង្ឃ​ប៉ាន់ឈិន​ឡាម៉ា​ថា ​ត្រូវ​ធ្វើ​យ៉ាងណា​បញ្ចុះ​បញ្ចូល​​ប្រជាជន​ទីបេ ​កុំឲ្យ​ងើប​ប្រឆាំង​ បះបោរ​ជាមួយ​អំណាច​បក្ស​កុម្មុយនីស្ត​ចិន ​ដូច្នោះ​ដែរ។

សូម​បញ្ជាក់​ថា ​ក្នុង​ក្រសែ​ភ្នែក​ចិន ​សម្តេច​សង្ឃ​ដាឡៃឡាម៉ា ​ដែល​ប្រជាជន​ទីបេ​គោរព​ស្រលាញ់​នោះ ​គឺ​ជា​មនុស្ស​ដែល​បង្ក​គ្រោះថា្នក់​ដល់​ចិន  ​ព្រោះ​ព្រះអង្គ​បាន​បន្ត​ធ្វើ​ពហិការ​ ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ចិន ​ទៅ​លើ​ដែនដី​ទីបេ។ ឆ្នាំ​នេះ​ ជាខួប​ទី​ ៥០​ហើយ ​ដែល​ចិន​កុម្មុយនីស្ត​បាន​ចូល​ទៅ​ក្តោបក្តាប់ ​គ្រប់គ្រង​តំបន់​ទីបេ។ ដោយឡែក​សម្តេច​សង្ឃ​ប៉ាន់ឈិន​ឡាម៉ា​ គ្រាន់តែ​ជា​កូន​អុក​របស់​ចិន ​ដែល​ចិន​បាន​លើក​បន្តុប ​ដើម្បី​ប្រជែង​ជាមួយ​ប្រជាប្រិយភាព ​របស់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា​ តែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា ​ងារ​ប៉ាន់ឈិន​ឡាម៉ា ​គឺ​ជា​ងារ​សម្តេច​សង្ឃ​ឋានៈ​ទីពីរ ​បន្ទាប់​ពី​ងារ​ដាឡៃឡាម៉ា។ ក្នុង​ករណី​ផុតពី​ដាឡៃឡាម៉ា​ទៅ ​គឺ​សង្ឃ​ប៉ាន់ឈិន​ឡាម៉ា​ នេះ​ឯង​ នឹង​ឡើង​ជា​សង្ឃ​ដាឡៃឡាម៉ា។ តាម​ការ​ពិត ព្រះ​សង្ឃ​​ប៉ាន់ឈិនឡាម៉ា ​បច្ចុប្បន្ន ​ដែល​មាន​ព្រះជន្ន​២៥​វស្សារ​នេះ ​ត្រូវ​បាន​ចិន​តែងតាំង ​ជា​ប៉ាន់ឈិន​ឡាម៉ា ​តាំង​ពី​អាយុ​៥ឆ្នាំ​ម្លេះ។ ការ​តែងតាំង​នេះ​ បាន​ធ្វើឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​ដែល​សម្តេច​សង្ឃ​​ដាឡៃឡាម៉ា ​បាន​តែងតាំង​សង្ឃ​មួយ​អង្គ​ទៀត​ ប៉ុន្តែ​ប៉េកាំង​មិន​ពេញ​ចិត្ត។ សង្ឃ​អង្គ​នោះ ​បាន​បាត់ខ្លួន ហើយ​បើ​តាម​ការ​សង្ស័យ ​គឺ​ត្រូវ​បាន​ចិន​ ចាប់​ដាក់​ឃុំ។ ចំណែក ​សង្ឃ​ប៉ាន់ឈិន​ឡាម៉ា ​ដែល​ចិន​តែង​តាំង ​រហូត​ដល់​សព្វថ្ងៃ​នេះ ​ត្រូវ​បាន​ចិន​យក​ទៅ​ទំនុក​បំរុង ​រៀនសូត្រ​នៅ​ក្រុង​ប៉េកាំង​ តាំង​ពី​ក្មេង​ម្លេះ។ ជា លទ្ធផល  ​សង្ឃ​ប៉ាន់ឈិន​ឡាម៉ាន​នេះ​ បាន​ចេញ​មុខ​ថ្កោល​ទោស​ លើការ​ងើប​បះបោរ ​របស់​ប្រជាជន ទីបេ ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន ​កាល​ពី​ឆ្នាំ​២០០៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ