អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រី​ចិន​បញ្ចប់​ទស្សនកិច្ច​នៅ​បារាំង​ជាមួយ​​កុងត្រា​ជា​ច្រើន

ទស្សនកិច្ច​ផ្លូវ​រដ្ឋ​បី​ថ្ងៃ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាំង នៅ​ប្រទេស​បារាំង​ បាន​បិទ​បញ្ចប់​ទៅ​ដោយ​មាន​ការ​ចុះ​កិច្ច​សន្យា​ពាណិជ្ជកម្ម​ និង​ សហប្រតិបត្តិការ​ ជា​ច្រើន។ ពី​ទីក្រុង​ទូលូ ក្រុង​ផលិត​យន្តហោះ​អ៊ែរបូស​អឺរ៉ុប ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ នាយក​រដ្ឋមន្ត្រី​បារាំង​បាន​អំពាវនាវ​ ឱ្យ​អ្នក​ជំនួញ​ចិន​ចូល​មកតាំង​ទី​​រក​ស៊ី​វិនិយោគក្នុង​ទឹក​ដី​បារាំង ដ៏​ទាក់ទាញ។

លោក​ Manuel Valls (ឆ) ធ្វើ​គារវកិច្ច​ទទួល​នាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាំង និង​ភរិយា នៅ​ក្រុង​ទូលូ
លោក​ Manuel Valls (ឆ) ធ្វើ​គារវកិច្ច​ទទួល​នាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាំង និង​ភរិយា នៅ​ក្រុង​ទូលូ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ប៉ារីស និង​ម៉ាសី ក្រុងកំពង់​ផែ ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទស្សនកិច្ច លោក ​លី ខឺឈាំង បាន​អញ្ជើញ​ទៅ​ធ្វើ​ជា​អធិបតី​ក្នុង​ជំនួប​កំពូល​អ្នក​វិនិយោគ​បារាំង-ចិន ក្បែរ​នាយក​រដ្ឋមន្ត្រី​ នៅ​ទីក្រុង​អាកាសចរណ៍​អ៊ែរប៊ូស និង​ការ​ចុះ​កិច្ច​សន្យា តម្លៃ​ជាង​ ១៦​ពាន់​លានអឺរ៉ូ​​​​ ទិញ​យន្តហោះ​អ៊ែរប៊ូស ប្រភេទ​អា៣៣០​ចំនួន​ ៧៥​គ្រឿង នោះ៤៥​គ្រឿង​ជា​បញ្ជា​ទិញ​ដាច់​ណាត់។

 
ក្រៅ​អំពី​កិច្ច​សន្យា​បញ្ជា​ទិញ​យន្តហោះ​នេះ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​ ស្ថាបនា​រោងចក្រ​​រៀប​ចំ​គ្រឿង​ក្នុង​​កាប៊ីន​យន្តហោះ​អ៊ែរប៊ូស ៣៣០ នៅ​ប្រទេស​ចិន ក្នុង​តម្លៃ​ប្រមាណ​១៥០​លាន​អឺរ៉ូ បន្ថែម​ពី​លើ​រោង​ចក្រ​ដំឡើង​យន្តហោះ​អា៣២០ ដែល​មាន​ស្រាប់​នៅ​ក្រុង​ទៀនជីន តាំង​ពី​ឆ្នាំ​២០០៤។

ទំនាក់ទំនង​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​​ បាន​ឡើង​ដល់​កំរិត​កំពូល ! នា​ឱកាស​ទស្សនកិច្ច​បី​ថ្ងៃ​នេះ បារាំង​និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាង​៥០​ ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត​បីពាន់​លាន​អឺរ៉ូ ! នេះ​ដោយ​មិន​គិត​បញ្ចូល​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​និង​កម្ចី​ប្រាក់​រាប់​សិប​ពាន់​លាន​ផង​ទេ។ លើស​ពី​នេះ​ទៅ​ទៀត មាន​សេចក្តី​ថ្លែងការណ៍​ពីរ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដែរ មួយ​ទាក់ទង​នឹង​វិស័យ​នុយក្លេអ៊ែរស៊ីវិល​ និង​មួយ​ទៀត មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​ផង គឺ​ភាពជា​ដៃ​គូ​រវាង​ចិន​និង​បារាំង​ក្នុង​ការ​រុករាន​ចូល​ទីផ្សារ​ទ្វីប​​អាហ្វ្រិក។

វិនិយោគ​ទុន​ចិន​នៅ​បារាំងមាន​ទំហំ​​ប្រមាណ​​៤ពាន់​លាន​អឺរ៉ូ​ និង​បង្កើត​ការងារ​បាន​មិន​តិច​ជាង​១៣០០០​ការងារ​ទេ។ ជា​ចំនួន​ដ៏​ច្រើន តែ​ភាគី​ទាំង​ពីរ​អាច​ប្រឹង​ធ្វើ​បាន​ប្រសើរ​ជាង​នេះ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​នាយក​រដ្ឋមន្ត្រី​បារាំង​ប្រកាស​សន្យា​ជាមួយ​សមភាគី​ចិន ថា​នឹង​ចាត់​វិធានការ​ទទួល​​​ អ្នក​វិនិយោគ​​ចិន​ជា​ពិសេស​ គ្មាន​បណ្តា​ប្រទេស​អឺរ៉ុប​អាច​ប្រៀប​ជា​មួយ​​​បារាំង​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ