អានតួអត្ថបទ
ចិន

ចិន​ថា​ពីរ​បី​អាទិត្យ​ទៀត នឹង​ឲ្យ​ដំណឹង​ថា​គេ​ព្រម​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កាត់​បន្ថយ​កំដៅ​ផែនដី

លោក ​ឡូរ៉ង់ ហ្វាប៊្យូស ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​អាទិត្យ​ទៀត ​រដ្ឋាភិបាល​ចិន ​និង​បង្ហាញ​ជា​សាធារណៈ​នូវ​ការ​ចូលរួម ​ក្នុង​ការ​កាត់​បន្ថយ​ការ​កើនឡើង​កំដៅ​ផែនដី ​ដែល​ពិភព​លោក​ នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា ​នា​ដំណាច់​ឆ្នាំ​នេះ ​ក្នុង​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង។ បារាំង កំពុង​តែ​ព្យាយាម​បញ្ចុះបញ្ចូល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ ដែល​ជា​មេ​បំពុល​បរិស្ថាន​ទាំងអស់ ​ឲ្យ​កាត់​បន្ថយ​សកមុ្មភាព​បំពុល​របស់​ខ្លួន ​ដើម្បី​កុំឲ្យ​ផែនដី​ ឡើង​កំដៅ​លើស​ពី ​២​អង្សារសេ។

លោក ឡូរ៉ង់ ហ្វាប៊្យូស ចាប់ដៃគ្នា ​ជា​មួយ​លោក វ៉ាង​ យី ​ក្នុងពេល​ជួប​គ្នា​​ នៅ​​ក្រុង​ប៉េកាំង​ថ្ងៃ​ទី ១៥ ឧសភា ២០១៥
លោក ឡូរ៉ង់ ហ្វាប៊្យូស ចាប់ដៃគ្នា ​ជា​មួយ​លោក វ៉ាង​ យី ​ក្នុងពេល​ជួប​គ្នា​​ នៅ​​ក្រុង​ប៉េកាំង​ថ្ងៃ​ទី ១៥ ឧសភា ២០១៥
ផ្សាយពាណិជ្ជកម្ម

បារាំង​ដែល​ជា​ម្ចាស់ផ្ទះ​ទទួល​រៀបចំ​ការ​ពិភាក្សា​គ្នា ​ស្តីពី​ការ​កើនឡើង​ នូវ​កំដៅ​ផែនដី ​កំពុង​តែ​ស្វះស្វែង ​ប្រមែល​ប្រមូល ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​អស់ ​ឲ្យ​ព្រម​ព្រៀង​គ្នា ធ្វើ​ពលីកម្ម​ម្នាក់​បន្តិចៗ ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល ​ដែល​ជា​ប្រភព​ នៃ​ការ​កើនឡើង​នូវ​សីតុណ្ហភាព​របស់​ភព​ផែនដី។

លោក​ ឡូរ៉ង់ ហ្វាប៊្យូស ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង ​ដែល​បាន​ទៅ​ដល់​ក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​សុក្រ​ទី ១៥​ឧសភា ​ដើម្បី​រំអុក​ចិន​ ឲ្យ​ឆាប់​ឆ្លើយ​ថា​ព្រម​ធ្វើ​អី​ខ្លះ​នោះ ​ទើប​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​ចិន ​និង​បញ្ហាញ​ជា​សាធារណៈ​ អំពី​ការ​ព្រមព្រៀង​របស់​ខ្លួន ​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ពុល ​ក្នុង​រយៈពេល​ពីរ ​ទៅ បី​សប្តាហ៍​ទៀត។

យោង​តាម​ការ​សម្រេច​រួមគ្នា ​កាល​ពី​វេទិការ​អាកាសធាតុ​នៅ​ក្រុង​លីមា ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ ​ប្រទេស​ទាំងអស់​បាន​សន្យា​ថា ​នឹង​ប្រាប់​អំពី​ចំណុច​ដែល​ខ្លួន​សុខចិត្ត​ធ្វើ​វិភាគទាន ដើម្បី​កាត់​បន្ថយ​កំដៅ​ផែនដី ​នៅ​ក្នុង​ត្រីមាស​ទីមួយ ​ដើម​ឆ្នាំ​២០១៥ ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ជួប​ពិភាក្សាគ្នា​ នៅ​ខែ​ធ្នូ ​ក្នុង​ក្រុង​ប៉ារីស។ រហូត​មក​ដល់​ពេល​នេះ​ មាន​ប្រទេស​តែ​មួយ​ភាគ​បី​ប៉ុណ្ណោះ​ ​ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប ​ដែល​បាន​ផ្តល់​វិភាគទាន​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ពុល។​ ចិន​ដែល​កាល​ពី​ដំបូង​ថា នឹង​ឆ្លើយ​នៅ​ខែ​មីនា ​បាន​លើក​រហូត​មក​ដល់​ពេល​នេះ ​ហើយ​ឥឡូវ​ថា ​ចាំ​ពីរ​ទៅ​បី​សប្តាហ៍​ទៀត។

លោក​ បាន គីមូន​ រដ្ឋលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន​ផ្ញើរ​លិខិត​ទៅ​ប្រទេស​ដែល​នៅ​មិន​ទាន់​ឆ្លើយ ​ដើម្បី​ជំរុញ ​ប្រទេស​ទាំង​នោះ​ឲ្យ​ប្រញាប់​ប្រញាល់ ​ដោយ​បាន​ប្រើពាក្យ​ថា ​វា​គឺ​ជា​កាតព្វកិច្ច​របស់​គ្រប់ៗ​គ្នា ​ក្នុង​ការ​ស្រោចស្រង់​ភព​ផែនដី ជា​ពិសេស​ប្រទេស​ដែល​បំពុល​បរិស្ថាន​ច្រើន​ជាង​គេ។

សូម​បញ្ជាក់​ផងដែរ​ថា ​ចិន​គឺ​ជា​ប្រទេស​ ដែល​បញ្ចេញ​ឧស្ម័ន​ពុល​ ​ច្រើន​ជាង​គេ​បង្អស់ ​លើ​លោក។ ឧស្ម័ន​ពុល​ដែល​ចិន​បញ្ចេញ​ ទៅ​ក្នុង​បរិយាកាស ​គឺ​ដោយសារ​ការ​ប្រើប្រាស់​ធ្យូងថ្ម ​ក្នុង​ការ​ផលិត​ជា​ថាមពល​ នៅ​តាម​រោងចក្រ​សហគ្រាស​ រាប់​ម៉ឺន​រាប់​ពាន់​ ក្នុង​ប្រទេស​ចិន។ ប្រហាក់​ប្រហែល​នឹង​ចិន​ដែរ ​ឥណ្ឌា​ ក៏​មាន​ចំណែក​មិន​តិច​ដែរ ​ក្នុង​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ ក្នុង​បរិយាកាស។ ប្រទេស​ទាំងពីរ​តែងតែ​អះអាង ​ពី​តម្រូវ​ការ​សេដ្ឋកិច្ច​របស់​គេ ​ដោយ​មិន​អាច​ចៀស​បាន​ ​ប៉ុន្តែ​គេ​នឹង​ខិតខំ​ប្រឹងប្រែង ​ដើម្បី​កាត់​បន្ថយ។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា ​ឆន្ទៈ​នយោបាយ​ ក្នុង​ការ​បត់​ក្បាល​ មក​ស្វែងរក​វិធីសាស្ត្រ​ថ្មីៗ ​ក្នុង​ការ​ផលិត​ថាមពល​អគ្គីសនី​ ដោយ​មិន​ប្រើប្រាស់ ​ធ្យូងថ្ម​ រឺ​ប្រេង​ឥន្ធនៈ​នៅ​តាម​ប្រទេស​ទាំង​នេះ ​នៅ​មាន​ភាព​យឺតយ៉ាវ​ខ្លាំង​ណាស់។ ចិន​ធ្លាប់​បាន​ប្រកាស​ថា ​គេ​នឹង​ពិចារណា​ ពី​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល ​ចាប់​ពី​ឆ្នាំ​ ២០៣០​ទៅ។ ដូច្នេះ​មាន​ន័យ​ថា ​ក្នុង​រយៈពេល​១៦​ឆ្នាំ​ទៅ​មុខ​ទៀត ​ចង់​នរណា​ថា​អី​ថាអី​ថា​ទៅ​ ផែនដី​ឡើង​កំដៅ​ដល់​ណា​ដល់​ទៅ​ គឺ​ចិន​នឹង​នៅ​តែ​បន្ត​បញ្ចេញ​ឧស្ម័ន​ពុល​តទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ