អានតួអត្ថបទ

ជប៉ុន​ដើរ​ចេញ​ពី​វិបត្តិ​បរិត្តផរណា និង​ចង់​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​រុស្ស៊ី

នៅ​ថ្ងៃ​ចន្ទ​ទី ៤ មករា ២០១៦​នេះ ក្នុង​សន្និសីទ​កាសែតលើក​ទី​មួយ​ប្រចាំ​ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ បាន​ប្រកាស​ថា​ជប៉ុន​លែង​មាន​​វិបត្តិ​បរិត្តផរណា​ហើយ ហើយ​សន្យា​ធ្វើ​ការ​ជាមួ​យ​ធនាគារ​ជាតិ​ដើម្បី​លុប​បំបាត់​បញ្ហា​នេះឱុ្យ​បាន​ទាំង​ស្រុង។ ជាង​នេះ​ទៅ​ទៀត ជប៉ុន​បាន​​បើក​ទំព័រ​ឆ្នាំ​ថ្មី ​បោះដៃ​រក​រុស្ស៊ី តាម​រយៈ​ការអំពាវនាវ​​បង្កើត​​សន្ធិសញ្ញា​សន្តិភាព​ រុស្ស៊ី-ជប៉ុន​ផង។

លោក​ស្ហ៊ីនហ្សូ អាបេ ថ្លែង​ក្នុង​ថ្ងៃ​ទី​៤ មករា ២០១៦
លោក​ស្ហ៊ីនហ្សូ អាបេ ថ្លែង​ក្នុង​ថ្ងៃ​ទី​៤ មករា ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

 

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ីនហ្សូ​អាបេ បាន​ប្រកាស​អំពី​លទ្ធភាព​ទទួល​ស្វាគមន៍​ប្រធានាធិបតី​រុស្ស៊ី លោក វ្លាដេមៀ ពូទីន ឱ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ បើឱកាស​ល្អ​ហុច​ឱ្យ និង​អំពី​ចេតនា​ជប៉ុន ចង់​បិទ​បញ្ចប់​ជម្លោះ​​ដណ្តើម​ទឹក​ដី​ កោះ​គួរីល​ ជាមួយ​រុស្ស៊ី តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​មួយ។

​រុស្ស៊ី​និង​ជប៉ុន មាន​ជម្លោះដែនដី​ដ៏​​តាន​តឹង​នឹង​គ្នា​ ដណ្តើម​គ្រប់គ្រង​​​​​កោះបួន​នៃ​ប្រជុំ​កោះ​គួរីល​ ដែល​​​សហភាព​សូវៀត​បាន​ឆក់​ទៅ​ធ្វើ​ជាដែន​ដី​រុស្ស៊ី​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​ ក្រោម​សម្រែក​ទាមទារ​យក​មក​វិញ​អត់​ឈប់​របស់​ជប៉ុន។ ហើយ​​ប្រទេស​ទាំង​ពីរក៏​​មិន​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា​អ្វី​បិទ​បញ្ចប់​ជម្លោះ​នោះ​ដែរ។ ការ​ចរចា​ ដោះស្រាយវិបត្តិ​ដីកោះ​មួយ​ដុំ​នេះ ត្រូវ​បាន​ជាប់​គាំង​តាំង​ពី​ខែ​មីនា ២០១៤ ថ្ងៃ​ដែល​រុស្ស៊ី​ក្រសោប​យក​តំបន់​គ្រីមេ​របស់​អ៊ុយក្រែន​មក។

កាលពី​ចុង​ខែ​កញ្ញា​ ២០១៥ នាឱកាស​​ជួប​ជាមួយ​​សមភាគី​ជប៉ុន ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី បាន​ច្រាន​ចោល​រាល់​ការ​ព្រមព្រៀង​ណា​មួយស្តីពី​ជម្លោះ​នៅ​កោះ​គួរីល។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​សន្ទុះ​ថ្មី។ ប្រធានាធិបតី​រុស្ស៊ី និង​លោក​អាបេ ផ្ទាល់ បាន​ព្រម​ព្រៀង​គ្នា​រួច​ហើយ ថាវា​មិន​មែន​ជា​រឿងធម្មតា​សោះដែល​ សង្គ្រាម​បាន​បិទ​បញ្ចប់​​អស់​រយៈ​ពេល​ពេល​៧០​ឆ្នាំ​ទៅហើយ តែ​ប្រទេស​ទាំង​ពីរ​បែរ​គ្នា​សន្ធិសញ្ញា​សន្តិភាព​រវាង​គ្នា​នោះ។ នេះ​ជា​សេចក្តី​ប្រកាស​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ លើក​ដំបូង​ប្រចាំ​ឆ្នាំ​២០១៦។

ដោយ​ឡែក សន្និសីទ​កាសែត​ថ្ងៃ​នេះ ក៏​ជាឱកាស​បង្ហាញ​ពី​គោល​ដៅ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ដែរ។ បើ​តាម​លោក​អាបេ សេដ្ឋកិច្ច​ជប៉ុន កំពុង​​ផ្តើម​កំរើក​​ឡើង​វិញ​ និង​​លែង​មាន​​វិបត្តិ​បរិត្តផរណា។ ប៉ុន្តែ​ជំងឺ​បរិត្តផរណា​ជប៉ុន​នេះ នៅ​មិន​ទាន់​បាន​កម្ចាត់​ស្លាប់​ទាំង​ស្រុង​នៅ​ឡើយ​ទេ បើ​ទោះ​បី​ពេល​នេះ​នយោបាយ​ផ្តល់​សន្ទុះ​​បាន​ធ្វើ​ឱ្យ​​តម្លៃ​ទំនិញ-អចលនទ្រព្យ​ ​ចាប់រើប​​ឡើង​​ថ្លៃ​វិញក៏​ដោយ។ រដ្ឋាភិបា​លជប៉ុន​នឹង​ប្រឹង​សហការ​ជាមួយ​ធនាគារ​ជាតិ​ ដើម្បី​​ផ្តល់​សន្ទុះ​ដល់​កំណើន​សេដ្ឋកិច្ច​និងជំរុញ​ការ​​ចាយ​វាយ​របស់​ពលរដ្ឋ។ នេះ​ជា​ពាក្យស​ន្យា​របស់​នាយក​រដ្ឋមន្ត្រី។

ជប៉ុន បាន​ធ្លាក់​ខ្លួន​ក្នុង​វិបត្តិ​បរិត្តផរណា (ទំនិញ​ធ្លាក់​ថ្លៃខ្លាំង) ដែល​ជា​វិបត្តិ​ដ៏​កម្រ ​តាំង​ពី​ចុង​ឆ្នាំ​១៩៩០​មក បន្ទាប់​ពី​មាន​ផ្ទុះ​វិបត្តិ​បំប៉ោង​តម្លៃ​អចលនទ្រព្យ។ នយោបាយ​ផ្តល់សន្ទុះ​​​ដល់​កំណើន​សេដ្ឋកិច្ច និង​ដំឡើង​តម្លៃ​ទំនិញ​ បញ្ចុះ​តម្លៃ​លុយ អតិផរណា ទ្រង់ទ្រាយ​ធំមួយ​​ នៅ​តែ​​ពុំ​អាច​នាំ​ប្រទេស​ឱ្យ​ដើរ​ចេញ​បាន​វិបត្តិ​នេះ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ