អានតួអត្ថបទ
ចិន

មហាសេដ្ឋី​ចិន​បាត់ខ្លួន​ម្នាក់​ទៀត

មហាសេដ្ឋី​ចិន ​ឈ្មោះ ​ជូ ឆេងជាន ​ថៅកែ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ ដ៏​ល្បី​ម្នាក់​នៅ​ចិន​ បាន​បាត់​ខ្លួន​គ្មាន​ដំណឹង។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ សម្លៀកបំពាក់​ Meters/bonwe ​ដែល​បង្កើត​ឡើង​ដោយ​មហាសេដ្ឋី​រូប​នេះ។ ប្រធាន​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ ​ដ៏​ល្បី​នេះ ​ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ពុករលួយ ​ព្រមទាំង​ករណី​មិន​ប្រក្រតី​មួយ​ចំនួន​ នៅ​លើ​ទីផ្សារ​ភាគហ៊ុន ​ដែល​ក្រុមហ៊ុន​នេះ​ធ្វើការ​ទិញលក់​ភាគហ៊ុន ​យ៉ាង​សកម្ម​ នាពេល​កន្លង​មក។

រូបភាព​ថត​ចេញ​ពី​គេទំព័រ​​អ៊ីនធ៊ណែត របស់​​ក្រុមហ៊ុន​​សម្លៀកបំពាក់ Meters/bonwe​ របស់​​មហាសេដ្ឋី ជូ ឆេងជាន
រូបភាព​ថត​ចេញ​ពី​គេទំព័រ​​អ៊ីនធ៊ណែត របស់​​ក្រុមហ៊ុន​​សម្លៀកបំពាក់ Meters/bonwe​ របស់​​មហាសេដ្ឋី ជូ ឆេងជាន RFI/Pisey MAM
ផ្សាយពាណិជ្ជកម្ម

លោក​ ជូ ឆេងជាន​ ជា​ថៅកែ​ក្រុមហ៊ុន​សម្លៀកបំពាក់​ចិន​ ម៉ាក Meters/bonwe​ ដ៏​ល្បី​បំផុត​នៅ​ចិន។ អ្នក​នាំពាក្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​នេះ ​បាន​ផ្តល់​ព័ត៌មាន​ថា ​មហាសេដ្ឋី​រូបនេះ​បាន​បាត់​ដំណឹង​ឈឹង ​តាំង​ពី​ថ្ងៃសុក្រ​ម្សិលមិញ​ ដោយ​គេ​មិនអាច​ទាក់ទង​បាន​ទេ។ ព័ត៌មាន​នេះ ​ បាន​ធ្វើ​ឲ្យ​លេចឮ​ជា​ពាក្យ​ចចាម​អារ៉ាម​ថា ​មហាសេដ្ឋី​រូបនេះ ​ ត្រូវ​បាន​នគរបាល​ប្រឆាំង​អំពើ​ពុក​រលួយ​ចិន​ ចាប់​យក​ទៅ​សួរ​ចម្លើយ​ ដោយ​សម្ងាត់។

 
យ៉ាង​ណាមិញ ​សារព័ត៌មាន​ចិន​ ឈានជាំង​ ដែល​ចេញ​ផ្សាយ​រាល់​ពេល​ល្ងាច​ បាន​ចុះផ្សាយ​ដោយ​មិន​បាន​បញ្ជាក់​ពី​ប្រភព​ថា ​លោក​មហាសេដ្ឋី ​ជូ ឆេងជាន​ អាច​ត្រូវ​គេ​ចាប់​សួរ​ចម្លើយ ​ទាក់ទិន​នឹង​បទ​ល្មើសមួយ​ចំនួន​ នៅក្នុង​ការ​លក់ចេញ​ទិញ​ចូល​នៃ​ភាគហ៊ុន​របស់​គាត់ ​កន្លង​មក​ ដែល​មាន​ភាព​មិន​ប្រក្រតី។

សូមបញ្ជាក់​ថា ​លោក ​ជូ ឆេងជាន ​ជា​អតីត​ជាង​កាត់ដេរ​ ហើយ​បាន​ចាប់​ផ្តើម​បង្កើត​ម៉ាក​សម្លៀកបំពាក់​ផ្ទាល់​ខ្លួន​របស់​គាត់​​ ចាប់តាំង​ពី​ឆ្នាំ​១៩៩៥​មក។ បច្ចុប្បន្ន​នេះ ​ម៉ាក​សម្លៀកបំពាក់​របស់​គាត់​ គឺ​ជា​ម៉ាក​ដ៏ពេញ​និយម​សម្រាប់​យុវវ័យ​ចិន។ លោក ​ជូ ឆេងជាន ​គឺ​ជា​មហាសេដ្ឋី​មាន​លុយ​ច្រើន​ជាង​គេ​នៅ​ចិន​ លំដាប់​ទី​ ៦២។ ទ្រព្យសម្បត្តិ​របស់​សេដ្ឋី​ខោអាវ​រូប​នេះ ​ត្រូវគេ​ប៉ាន់​ស្មាន​ថា​ស្មើនឹង​ជាង​៤ពាន់​លាន​ដុល្លារ។ ប្រាក់​ចំណេញ​មួយ​ផ្នែក​ធំ ​គឺ​បាន​មក​ពី​ការ​ទិញលក់​ភាគហ៊ុន​ នៅ​ទីផ្សារ​ភាគហ៊ុន​ក្រុង​ឈិនចិន។

សូម​រំលឹក​ដែរ​ថា ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ​ មាន​មហាសេដ្ឋី​ចិន​ម្នាក់​ទៀត​ ក៏​បាន​បាត់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​ផងដែរ។ ៤ថ្ងៃ​ក្រោយ​មក ​​មហាសេដ្ឋី​រូប​នោះ​បាន​ត្រឡប់​មកវិញ ​ ដោយ​បាន​អះអាង​ថា​ខ្លួន​គាត់​បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ​ ក្នុង​ការ​ស៊ើបអង្កេត​លើ​បទ​ល្មើស​ពុក​រលួយ​មួយ​ចំនួន។

ជា​ការពិត​ណាស់ ​ទន្ទឹម​ពេល​ដែល​ទីផ្សារ​ភាគហ៊ុន​ចិន​ បាន​ជួប​ភាព​រង្គោះរង្គើរ​ប៉ុន្មាន​ខែ​មក​នេះ ​រដ្ឋាភិបាល​ចិន ​បាន​ចាត់​វិធានការ​យ៉ាង​តឹងរឹង ​ដើម្បី​រក​មូលហេតុ​នៃ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។ អំពើ​ពុក​រលួយ ​ស៊ីសំណូក ​ បំប៉ោង​តម្លៃ​ភាគហ៊ុន ​ ការ​រៀបចំ​ខ្សែ​បណ្តាញ ​គឺ​ជា​មធ្យោបាយ​ដែល​មហាសេដ្ឋី ​និង​មន្ត្រី​ចិន​មួយ​ចំនួន​ បាន​អនុវត្ត​ ដើម្បី​កេង​ចំណេញ ​កើប​លុយ​ពី​ទីផ្សារ​ភាគហ៊ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ