អានតួអត្ថបទ

ចិន​បង្ហោះ​ផ្កាយ​រណប​ទូរគមនាគមន៍​ផ្តល់​សារ​​គ្មានអ្នកចាប់​បាន ដំបូង​គេ​លើ​លោក

នៅថ្ងៃអង្គារ​នេះ ចិន​បាន​បង្ហោះ​ផ្កាយ​រណប​ទូរគមនាគមន៍​ នៃ​​បច្ចេកវិទ្យា​កង់ទិច ដ៏​ទំនើប​បំផុត និង​ដែល​គ្មាន​មហាអំណាច​ណា​ធ្លាប់​ធ្វើ​បាន​ពី​មុន​ទេ។ នេះ​ជា​ជោគជ័យ​​ដ៏​ត្រចះ​ត្រចង់​មួយ ដែល​បញ្ជាក់​ថា​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យាអវកាស​ចិន បាន​ឡើង​ដល់​កំរិត​កំពូល​ ដោយ​អាច​​ផលិត​ផ្កាយ​រណប​មួយ​ ប្រើ​ប្រព័ន្ធ​ផ្តល់​សារ​ទូរគមនាគមន៍ សម្ងាត់ គ្មាន​អ្នក​លួច​ ចម្លង​ឬ​ចាប់​បាន។

ផ្កាយ​រណប​កង់ទិច​ដំបូងគេ​បង្អស់​ត្រូវ​បាន​ចិន​បង្ហោះ​​នៅ​ថ្ងៃអង្គារ ទី ១៦ សីហា ២០១៦
ផ្កាយ​រណប​កង់ទិច​ដំបូងគេ​បង្អស់​ត្រូវ​បាន​ចិន​បង្ហោះ​​នៅ​ថ្ងៃអង្គារ ទី ១៦ សីហា ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

ការ​បង្ហោះ​ផ្កាយ​រណប​ទូរគមនាគមន៍​កង់ទិច របស់​ចិន​នៅ​យប់​មិញ បាន​ប្រព្រឹត្ត​ទៅក្នុង​ខណៈ​ដែល​សហរដ្ឋ​អាមេរិក ជប៉ុន និង​ប្រទេស​ដទៃ​ទៀត ប្រាថ្នា​ចង់សម្រេច​ឱ្យ​បច្ចេកវិទ្យា​ដ៏​ស្រួច​នេះ​ដែរ​ ដើម្បី​តាំង​ខ្លួន​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​វិស័យ​អវកាស​ដ៏​ពេញ​និយម​។

ផ្កាយ​រណប​ ដែល​​​ចិន​ប្រសិទ្ធិនាម​ថា​ ម៉ូហ្ស៊ី Mozi (ឈ្មោះទស្សនវិទូ​ចិន ​សម័យ​សតវត្សរ៍​ទី ៥ មុន​គ្រិស្តសករាជ) បាន​បង្ហោះ​ចេញ​ទៅ​ដើម្បី​​ប្រើ​​ជា​ប្រយោជន៍ផ្នែក​​ទូរគមនាគមន៍​ផ្លូវ​ឆ្ងាយ​ តាម​រយៈ​​បច្ចេកវិទ្យា​កង់ទិច​ ។

មាន​ន័យ​ថា ខុស​ពី​វិធីសាស្ត្រ​បញ្ជូន​ព័ត៌មាន​សម្ងាត់​មុនៗ ​​បច្ចេកវិទ្យា​កង់ទិចដែល​ចិន​ប្រើ​ក្នុង​ផ្កាយ​រណប​នេះ ​គឺ​ជា​ប្រព័ន្ធដែល​​ប្រើ​ភាគ​ល្អិតៗ​នៃ​ថាមពល​ពន្លឺ​ សម្រាប់​នាំ​សារ​កូដ-សម្ងាត់ចាំបាច់​ មក​ឱ្យ​អ្នក​នៅ​លើ​ដី​បក​ប្រែ​ព័ត៌មាន។ គ្មាន​នរណា​អាច​ចាប់​បាន​ខ្លឹម​សារ​ក្នុង​ទិន្នន័យនេះ​ទេ។ រាល់​គ្រប់​ការ​សាកល្បង​​ឈ្លប​យកការណ៍​នឹង​ជំរុញ​ឱ្យ​មាន​ការ​ស្វ័យកម្ទេច​ភ្លាម។ នេះ​បើ​តាម​ការ​អះអាង​របស់​សារព័ត៌មាន​ចិនថ្មី។

អ្នក​វិទ្យាសាស្ត្រ​បាន​ស្គាល់​អំពី​ប្រសិទ្ធិភាព​នៃ​បច្ចេកវិទ្យា​នេះ​យូរ​ហើយ តែ​ជា​ការ​បញ្ជូន​សារ​​ក្នុង​រយៈ​ចម្ងាយ​ខ្លី​តែ​ប៉ុណ្ណោះ តែ​មិនដែល​​សម្រេច​បញ្ជូនសារទូរគមនាគមន៍​កង់ទិច ផ្លូវ​ឆ្ងាយ​បាន​ឡើយ។ ប៉ុន្តែ​ថ្ងៃ​នេះ ចិន​ដែលធ្លាប់​យឺតយ៉ាវ​​ខ្លាំងជាង​គេ ក្នុង​វិស័យ​បច្ចេកវិទ្យា សង្ឃឹម​ថា​ផ្កាយ​រណប​ម៉ូហ្ស៊ី​នឹង​បញ្ចាំង​បញ្ជូន​ទិន្នន័យ​សម្ងាត់​​ទៅ​មក​ពី​ប៉េកាំង​-​អ៊ូរ៉ុមជី ដែល​ឃ្លាត​គ្នា​ចម្ងាយ​២៥០០គីឡូម៉ែត្រ។

អភិវឌ្ឍន៍​បាន​បច្ចេកវិទ្យា​ទំនើប​នេះ គឺ​ជា​កម្មវត្ថុ​​ដ៏​ចំបង​បំផុត​របស់​ប៉េកាំង​ ដែល​​មាន​ចែង​ក្នុង​ផែនការ​៥​ឆ្នាំ កំណត់​ចេញ​កាលពី​ខែ​មីនា។ ចិន​​​សង្ឃឹមថា​នឹង​ក្លាយ​ជា​មេ​ដឹកនាំ​ពិភពលោក ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​គ្រោង​​នឹង​បង្កើត​បណ្តាញ​ទូរគមនាគមន៍​កង់ទិច​​​ពេញ​ពិភពលោក​ នៅ​ឆ្នាំ​២០៣០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ