អានតួអត្ថបទ

ព្យុងយ៉ាង​​ទាមទារ​​​យក​ពលរដ្ឋ​​ភៀស​ខ្លួនពី​កូរ៉េខាង​ត្បូងវិញ

នៅ​ថ្ងៃ​អាទិត្យ​នេះ អាជ្ញាធរ​កូរ៉េខាង​ជើង បានបញ្ចេញ​ប្រតិកម្ម​ជា​ផ្លូវការ និង​​តម្រូវ​ឱ្យ​កូរ៉េខា​ងត្បូង បញ្ជូន​ ​អ្នក​បំរើការ​ក្នុង​ភោជនីដ្ឋានកូរ៉េខាងជើង​នៅចិន​​១៣​នាក់ ដែល​ភៀស​ខ្លួន​ទៅ​កូរ៉េខាង​ត្បូង​កាលពី​ខែ​មេសា​មកឱ្យ​អាជ្ញាធរ​ខ្លួន​វិញ។ សម្រាប់​​​​ព្យុងយ៉ាង មា​នការផ្សំ​គំនិត និង​​ឃុបឃិត​ ប្រឌិត​ជា​រឿង​​ចាប់​ពង្រត់​មនុស្ស​ជា​ក្រុម​ ក្រោម​ផ្លាក​សន្តិសុខ។

ស្ត្រីកូរ៉េខាង​ជើង​រាំ​ក្នុង​ភោជនីដ្ឋាន​កូរ៉េខាង​ជើង​នៅបរទេស
ស្ត្រីកូរ៉េខាង​ជើង​រាំ​ក្នុង​ភោជនីដ្ឋាន​កូរ៉េខាង​ជើង​នៅបរទេស MARK RALSTON / AFP
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ប្រតិកម្ម​ផ្លូវការ​ដំបូង​គេ​បង្អស់​របស់​កូរ៉េខាង​ជើង គិត​ចាប់​តាំង​ពី​សេអ៊ូល​​បាន​ប្រកាស​ កាលពី​ថ្ងៃអង្គារ ផ្តល់​សេរីភាព និង​សិទ្ធិស្នាក់​នៅ​ ​ដល់​ក្រុម​ពលរដ្ឋ​កូរ៉េខាង​ជើង​១៣​នាក់ ភាគ​ច្រើន​ជា​ស្រ្តី ឱ្យជ្រកកោន​ក្នុង​ទឹក​ដី​​កូរ៉េខាង​ត្បូងមក។

បើ​សេចក្តី​ប្រកាស​របស់​​​អ្នក​នាំ​ពាក្យ កូរ៉េខាង​ជើងបាន​និង​កំពុង​រៀប​ចំ​យន្តការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ទាំង​នោះ​​​ហើយ។ ​សម្រាប់​ព្យុងយ៉ាង​ ផ្តល់​ជម្រក​ក្រោម​ហេតុផល​សន្តិសុខ​ មាន​ន័យ​ថា​រដ្ឋាភិបាល​ប្រទេស​នោះ​កំពុង​តាក់​តែង​ប្រឌិត​រឿងគ្រប់​យ៉ាង​ឡើង​ ដើម្បី​បិទ​បាំង​ការ​ពង្រត់​មនុស្ស​ទាំង​ក្រុង​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​កូរ៉េខាង​ជើងទាំង​១៣​នាក់ ជា​បុគ្គលិក​ធ្វើ​ការក្នុង​ភោជនីដ្ឋាន​កូរ៉េខាង​ជើង​​នៅ​ប្រទេស​ចិន​ ​បាន​រត់​ភៀស​ខ្លួន​មក​កូរ៉េខាងត្បូង​កាលពី​ខែ​មេសា និងការ​រត់​ផ្តាច់​ខ្លួន​ពី​របបកុម្មុយនិស្ត​ព្យុងយ៉ាង​ ជា​ក្រុម​ធំ​មិន​ធ្លាប់​មានទេ​ពី​មុន​ឡើយ។ ​

ក្រោយ​ពី​បានដាក់ឃុំឃាំង និង​សាកសួរ​ចម្លើយ​​ជា​ច្រើន​ខែ​ ដើម្បី​​វិភាគមើល​ថា​មិន​មែន​ជា​អ្នក​ឈ្លប​ការណ៍​របស់​ព្យុងយ៉ាង ជន​ផ្តាច់​ខ្លួន​ពី​កូរ៉េខាង​ជើង​ត្រូវ​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​អប់រំ​និង​សម្រប​ខ្លួន​ក្នុង​សង្គម មុន​នឹង​ចាប់​ផ្តើម​កសាង​ជីវិត​ថ្មី​។ ចំណែកជនភៀស​ខ្លួន​ទាំង​១៣​នាក់ បានផ្តើម​ជីវិតថ្មី​ហើយ​ ក្នុង​កន្លែង​មួយ​ដែល​មិន​ត្រូវ​បង្ហើប​ឱ្យ​ដឹង​ជា​សាធារណៈ​ទេ។ ​ នេះ​បើ​តាម​ក្រសួង​បង្រួបបង្រួម​កូរ៉េ ដែលប្រភព​មិន​បញ្ចេញ​ឈ្មោះមួយ​បាន​អះអាង​ទៀត​ថា កូរ៉េខាង​ជើង​កំពុង​សាក​ល្បង​ប្រើ​គ្រប់​វិធី​ទប់​ស្កាត់​កុំ​ឱ្យ​មាន​រត់​ភៀស​ខ្លួន​បាន​ទៀត និង​អាច​មាន​ផែនការ​ប្រហារ​ជីវិត​អ្នក​ផ្តាច់​ខ្លួន ឬ​សកម្មជនសិទ្ធិមនុស្ស​ដល់​ក្នុងទឹកដី​កូរ៉េខាង​ត្បូង​ផង។

មាន​ពលរដ្ឋ​កូរ៉េខាង​ជើង​ ជិត​បី​ម៉ឺន​នាក់ បាន​​រត់​ភៀស​ខ្លួន​មក​សុំ​ជ្រកកោន​នៅ​កូរ៉េខាង​ត្បូង ប៉ុន្តែ​កម្រ​មាន​ណាស់​ការ​សុំ​ចុះ​ចូល​ជា​ក្រុម​យ៉ាង​ដូច្នេះ ជាពិសេស​ចំពោះ​ក្រុម​បុគ្កលិក​បំរើ​ការ​នៅ​ក្នុង​ភោជនីដ្ឋាន​កូរ៉េខាង​ជើង​ នៅ​បរទេស។ ព្រោះ​អាជ្ញាធរ​ព្យុងយ៉ាង​បាន​ធ្វើការ​ជ្រើស​រើស​យ៉ាង​តឹង​តែង និង​យក​​តែ​អ្នក​ស្មោះត្រង់​ស្រលាញ់​​របប​ដឹកនាំ​តែ​ប៉ុណ្ណោះ ទៅ​ធ្វើការ​នៅ​បរទេស ក្នុង​ភោជនីដ្ឋាន​ប្រមាណ​១៣០​កន្លែង​ នៅ១២​ប្រទេស​ រាប់​ទាំង​ប្រទេស​ចិន​មួយ​ផង៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ