អានតួអត្ថបទ
សហរដ្ឋអាមេរិក-ហ្វីលីពីន

ហ្វីលីពីន​​សន្យា​​ស៊ើប​អង្កេត​​​ ជុំវិញ​​ការ​​សម្លា​ប់​​​មេ​ជំនួញ​​​គ្រឿង​ញៀន បន្ទាប់​​​ពី​រង​​​ការ​​បន្ទោស​​​ពី​​សហរដ្ឋ​អាមេរិក​ ​ពី​បញ្ហា​សិទ្ធិ​មនុស្ស

នៅថ្ងៃ​ទី​១៤​សីហា​នេះ ​រដ្ឋាភិបាល​របស់​ហ្វីលីពីន ​បាន​សន្យា​ថា​នឹង​បើក​ការ​ស៊ើបអង្កេត ​ឲ្យ​បាន​ច្បាស់លាស់​ អំពី​ករណី​តាម​ប្រមាញ់​សម្លាប់​មេក្លោង​ជួញដូរ​គ្រឿងញៀន ​ក្នុង​ពេល​កន្លង​មក​នេះ ​បន្ទាប់​ពី​បាន​រង​ការ​រិះគន់​ពី​សហគម​អន្តរជាតិ ​ទាក់ទិន​ទៅ​នឹង​ការ​សម្លាប់​កាត់ទោស​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។ សហរដ្ឋ​អាមេរិក​ បាន​គំរាម​ថា ​ អាមេរិក​ផ្តល់​ជំនួយ​សន្ធិកសន្ធាប់​ ទាំង​ថវិកា​ ទាំង​យោធា​ដល់​ហ្វីលីពីន ​ គឺជា​ថ្នូរ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​នីតិរដ្ឋ​របស់​ហ្វីលីពីន។

ស្ត្រី​ហ្វីលីពីន​ម្នាក់ទ្រហោរយំ ត្រកង​សាកសពប្តី​​របស់ខ្លួន ​ដែលត្រុវ​​បាន​នគរបាល​​បាញ់​សម្លាប់​ ដោយចោទពី​បទ​ជួញ​ដូរ​គ្រឿងញៀន
ស្ត្រី​ហ្វីលីពីន​ម្នាក់ទ្រហោរយំ ត្រកង​សាកសពប្តី​​របស់ខ្លួន ​ដែលត្រុវ​​បាន​នគរបាល​​បាញ់​សម្លាប់​ ដោយចោទពី​បទ​ជួញ​ដូរ​គ្រឿងញៀន REUTERS/Czar Dancel
ផ្សាយពាណិជ្ជកម្ម

 
បើយោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន ​ ទាំង​ក្នុង​ស្រុក ​ទាំង​ក្រៅស្រុក​ បាន​ឲ្យដឹង​ថា ​ចាប់តាំង​ពី​លោក​រ៉ូឌ្រីហ្គោ ឌុយទែតឺ​ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន  ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជិត​១ពាន់​នាក់  ​ដែល​ត្រូវ​បាន​គេ​សម្លាប់ ​ក្រោមបទ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​ជួញដូរ​គ្រឿងញៀន។

នេះ​គឺជា​ចំនួន​មួយ​ដ៏​ច្រើន​លើសលប់ ​ ដែល​ធ្វើ​ឲ្យ​អង្គការ​សិទ្ធិមនុស្ស ​និង​សហគម​អន្តរជាតិ  ​មាន​ការ​ព្រួយ​បារម្ភ ​ ដោយសារ​តែ​គេ​ពុំ​បាន​ទទួល​ព័ត៌មាន​លំអិត​អ្វី​ ជុំវិញ​ការ​សម្លាប់​មនុស្ស​ទាំង​នោះ​ទេ។ លោក​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ​ បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍ ​នៅ​ថ្ងៃ​ទី​១៤​សីហា​នេះ​ថា​  សហរដ្ឋ​អាមេរិក​  មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់  ​ចំពោះ​ចំណាត់ការ​បែប​ធម៌ក្តៅ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ​ ដោយ​បាន​ធ្វើ​ការ​កាត់ទោស ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​យុត្តិធម៌ ​ ហើយ​ដោយ​ជន​សង្ស័យ​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​វែកញែក​រក​ទោស​កំហុស​ ទៅតាម​ច្បាប់។

ស្ថានទូត​អាមេរិក ​បាន​បន្ថែម​ថា  ​រដ្ឋាភិបាល​ហ្វីលីពីន  ​ត្រូវតែ​ធ្វើ​យ៉ាងណា ​បំភ្លឺ​បញ្ហា​នេះ  ​ហើយ​ត្រូវ​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស ​និង​គោលការណ៍​នីតិរដ្ឋ។ លោក​ទូត​អាមេរិក​ បន្ត​ថា ​បើ​អាមេរិក​បន្ត​ផ្តល់​ជំនួយ​ដល់​ហ្វីលីពីន ​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ ​ ក៏​ដោយសារ​អាមេរិក​ត្រូវការ​មក​វិញ​ជា​ថ្នូរ ​នូវ​ការ​គោរព​សិទ្ធិ​មនុស្សពី​សំណាក់​រដ្ឋាភិបាល​ហ្វីលីពីន។ ដូច្នេះ​បើ​សិន​រដ្ឋាភិបាល​នេះ ​ បន្ត​ធ្វើ​សកម្មភាព ​ ដែល​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិ​មនុស្ស  ​សហរដ្ឋ​អាមេរិក​ អាច​នឹង​ផ្តាច់​ជំនួយ​ថវិកា ​ព្រមទាំង​ជំនួយ​យោធា។ ក្រសួង​ការបរទេស​ហ្វីលីពីន  ​បាន​ទទួល​សារ​របស់​ស្ថានទូត​អាមេរិក ​ ហើយ​បាន​សន្យា​ធ្វើការ​ស៊ើប​អង្កេត​ស៊ី​ជំរៅ​  ជុំវិញ​ករណី​បាញ់​សម្លាប់​កន្លង​មកនេះ។

បើយោង​តាម​តួលេខ​របស់​នគរបាល​ហ្វីលីពីន ​ បាន​ឲ្យ​ដឹងថា​ ​ចាប់​ពី​ខែ​ឧសភា​មក ​មាន​ក្រុម​បណ្តាញ​ជួញដូរ​គ្រឿងញៀន​៥៥០​នាក់ ​ត្រូវបាន​សម្លាប់ ​និង​៨ពាន់​ផ្សេង​ទៀត ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន។ ដោយឡែក​ ​ទូរទស្សន៍ ​ABS-CBN ​របស់​ហ្វីលីពីន ​បាន​ផ្សាយ​ថា ​ក្រៅពី​ជន​សង្ស័យ​ដែល​ត្រូវ​បាន​នគរបាល​បាញ់​សម្លាប់ ​បន្ទាប់​ពី​បាន​បាញ់​តដៃគ្នា​នោះ ​គឺមាន​អ្នក​ស្លាប់​ប្រមាណ​ជា​៤០០​នាក់​ផ្សេង​ទៀត ​ ដែល​មិន​មាន​អាវុធ​នៅ​នឹង​ដៃ​ទេ។ ការ​បាញ់​សម្លាប់​មនុស្ស​ឆៅៗ​រាប់រយ​នាក់​បែប​នេះ  ​រដ្ឋាភិបាល​ហ្វីលីពីន ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​បង្ហាញ​ការពិត​ឲ្យ​បាន​ច្បាស់លាស់។

គួរ​រំលឹក​ផងដែរ​ថា ​លោក​រ៉ូឌ្រីហ្គោ ឌុយទែតឺ ​បាន​ឈ្នះឆ្នោត​ ក៏ដោយសារ​តែ​លោក​បាន​សន្យា​ថា​នឹង​បោស​សម្អាត​អំពើ​ពុករលួយ ​នឹង​បណ្តាញ​ជួញដូរ​គ្រឿងញៀន​នៅ​ហ្វីលីពីន​ ឲ្យ​សាប​វិនាស។ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ​ លោក​ប្រធានធិបតី​នេះ  ​បានទាំង​ថ្លែង​ថា​រឿង​គោរព​សិទ្ធិ​មនុស្ស​ជា​រឿង​ផ្សេង ​ រឿង​បោស​សម្អាត​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ជា​រឿង​ផ្សឹង។ ក៏​បន្តែ ​ វិធានការ​បាញ់​សម្លាប់​ឆៅៗ ​មិន​រើសមុខ​ ក្រៅ​ប្រព័ន្ធ​តុលាការ​បែបនេះ  ​កំពុងតែ​ធ្វើ​ឲ្យ​​លោក​ប្រធានាធិបតី​ហ្វីលីពីន ​រង​ការ​រិះគន់​កាន់តែ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ