អានតួអត្ថបទ
កូរ៉េខាងជើង-អ.ស.ប.

កូរ៉េខាងជើង​ប្រកាស​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​ប្រឈម​នឹង​ការ​គំរាម​របស់​អាមេរិក

ថ្លែង​នៅ​លើ​វេទិកា​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េខាងជើង​រី ជុងហូ​បាន​ថ្លែង​បញ្ជាក់​ជា​ផ្លូវការ​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ​ថា ក្រុង​ព្យុងយ៉ាង​នឹង​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​បន្ត​ទៀត។ តាម​លោក​រី ជុងហូ កម្មវិធី​នុយក្លេអ៊ែរ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អនុញ្ញាតិ​ឲ្យ​កូរ៉េខាងជើង​ការពារ​ខ្លួន​ប្រឈម​នឹង​ការ​គំរាមកំហែង​របស់​អាមេរិក។

លោក​រដ្ឋមន្រ្តី​ការបរទេសកូរ៉េខាងជើង​រី ជុងហូ​ និង​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន
លោក​រដ្ឋមន្រ្តី​ការបរទេសកូរ៉េខាងជើង​រី ជុងហូ​ និង​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន REUTERS/Andrew Kelly
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​កូរ៉េខាងជើង​បាន​ប្រើ​វេទិកា​អង្គការ​សហប្រជាជាតិ​ដើម្បី​បញ្ជាក់​ពី​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ខ្លួន​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​ស ឲ្យ​ឃើញ​ថា របប​កម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​មិន​ខ្លាច​រអា​ចំពោះ​ទ័ណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ឡើយ។ មួយ​វិញ​ទៀត ការ​ប្រកាស​បន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ពេល​នេះ​ក៏​បាន​ធ្វើ​ឡើង ២សប្តាហ៍​ក្រោយ​ពី​កូរ៉េខាងជើង​បាន​សាកល្បង​នុយក្លេអ៊ែរ​ជា​លើកទី៥។ ថ្លែង​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ​ក្នុង​ទីក្រុង​ញូយ៉ក លោក​ប្រមុខ​ការទូត​កូរ៉េខាងជើង​រី ជុងហូ​បាន​អះអាង​ថា ក្រុង​ព្យុងយ៉ាង​ប្តេជ្ញាចិត្ត​នឹង​ពង្រឹង​គ្រប់កម្លាំង​ដើម្បី​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ។

លោក​រី ជុងហូ​បាន​បន្ថែម​ថា ការ​ចង់​ក្លាយ​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ តែ​ជា​នយោបាយ​របស់​រដ្ឋ​កូរ៉េខាងជើង និង​ថា សេចក្តីសម្រេច​ចិត្ត​ក្នុង​ការ​ពង្រឹង​អាវុធ​នុយក្លេអ៊ែរ​ទាំង​បរិមាណ និង​គុណភាព គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ស្វ័យការពារ​ខ្លួន​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​បរទេស ពិសេស​ពី​សហរដ្ឋអាមេរិក។ សូម​ជម្រាប​ជូន​ថា​គិត​តាំង​ពី​ឆ្នាំ ២០០៦ មក កូរ៉េខាងជើង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ចំនួន ៥ដង និង​ដែល​លើក​ទី៥​ចុងក្រោយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ទ្រង់ទ្រាយ​ធំ និង​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​មុន។

ក្រៅ​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ កូរ៉េខាងជើង​ក៏​ធ្លាប់​បាន​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរជាតិ​ប្រមាណ​ជា ២០លើក​ដែរ។ ទង្វើ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ជា​ការ​រំលោភបំពាន​លើ​សេចក្តីសម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ និង​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ដាក់​ទ័ណ្ឌកម្ម។ នៅ​លើ​វេទិកា​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឆ្នាំ ២០១៦ នេះ មាន​ប្រទេស​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទ័ណ្ឌកម្ម​ថ្មី​លើ​របប​ក្រុង​ព្យុងយ៉ាង។ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​ទាមទារ​ឲ្យ​ពិភពលោក​ស្វែង​រក​មធ្យោបាយ​ទប់​កូរ៉េខាងជើង និង​ព្រមាន​ថា ការ​គំរាមកំហែង​របស់​ក្រុង​ព្យុងយ៉ាង​បាន​ឡើង​ដល់​កម្រិត​គ្រោះថ្នាក់​ខ្លាំង​ដែល​គេ​មិន​អាច​បន្ត​ឈរ​ឱបដៃ​មើល​ទៀត​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ