អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ការគំរាម​របស់​​កូរ៉េខាងជើង​​​ខ្លាំង​​​ជាង​អ្វី​ដែលគេ​​គិត​ទុក​ទៅទៀត​

ក្រោយការ​សាកល្បង​នុយក្លេអ៊ែរ​លើកទី៥​របស់​កូរ៉េខាងជើង ប្រជាជន​កូរ៉េខាងត្បូង​មិនបាន​បង្ហាញ​ការ​បារម្ភ​ រឺ​ភាព​តានតឹង​អ្វីទេ។ ដោយឡែក ក្រុមជំនាញ​និង​សារព័ត៌មាន​​កូរ៉េខាងត្បូង​បាននាំគ្នា​​ស្រមៃគិត​​ពី​ ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​​​របស់​ក្រុងព្យុងយ៉ាង ​ទៅលើ​​ក្រុងសេអ៊ូល។ 

ការបាញ់​មីស៊ីល​ចេញពី​នាវា​មុជទឹក​នៅ​កូរ៉េខាងជើង ក្នុងពេល​កន្លងមក
ការបាញ់​មីស៊ីល​ចេញពី​នាវា​មុជទឹក​នៅ​កូរ៉េខាងជើង ក្នុងពេល​កន្លងមក KCNA/File Photo via REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​កូរ៉េខាងត្បូង​មិនសំដែង​​ការបារម្ភ​ ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរលើកទី៥​​របស់​​កូរ៉េខាងជើង​ ក៏​ដោយសារ​​​ពួកគេ​មានភាព​ស៊ាំ ទៅនឹង​ការផ្គើន​នុយក្លេអ៊ែរ រឺ​ការបាញ់​មីស៊ីល​របស់​ក្រុងព្យុងយ៉ាង​រាប់​ទសវត្ស​​មកហើយដែរ។

ការសាកល្បង​នុយក្លេអ៊ែរ​របស់​ក្រុងព្យុងយ៉ាង លើកទី៥ កាលពីថ្ងៃសុក្រ​ បានធ្វើអោយ​​​​ក្រុមជំនាញ​និង​សារព័ត៌មាន​ បើកភ្នែកធំៗ ព្រោះថា ​​​ការគំរាម​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​​ពេលនេះ ​​ខ្លាំងជាងអ្វី​ដែល​គេ​​ធ្លាប់​គិតទៅទៀត។ ​អាវុធ​នុយក្លេអ៊ែរ​​ ដែល​ក្រុងព្យុងយ៉ាង​បាញ់សាកល្បង​​ ​ថ្ងៃ​សុក្រ​កន្លងទៅ ​អាច​មានកម្លាំងដល់ទៅ​​​១០គីឡូតោន ​មាន​​អនុភាព​​លើសពីនុយក្លេអ៊ែរ​ដែល​ក្រុងព្យុងយ៉ាង​បាន​​​បាញ់សាក កាលពីខែ​មករា ដល់ទៅ២ដង។

ទីភ្នាក់ងារកូរ៉េ​​យ៉ុងហាប់ បាន​ក្រើន​រំលឹក​ឡើងវិញ នូវ​ការ​សិក្សា​របស់​មជ្ឈមណ្ឌល​អាមេរិកមួយកន្លែង។ មជ្ឈមណ្ឌល​នេះ​​ធ្លាប់​រំពឹង​ថា ការផ្ទុះ​គ្រាប់១០គីឡូតោន ​ទៅលើ​ក្រុងសេអ៊ូល អាច​សម្លាប់​មនុស្ស​​២សែន​៣ម៉ឺន៥ពាន់នាក់។ ទោះយ៉ាងនេះ​ក្តី ក៏​នុយក្លេអ៊ែរ​ដែលកូរ៉េខាងជើង​បាញ់សាក​លើកទី៥ ​មិនទាន់​​ខ្លាំង​ដល់​គ្រាប់បែក​ដែលបាន​កំទេច​ក្រុងហ៊ីរ៉ូស្ហ៊ីម៉ា ឆ្នាំ១៩៤៥​ទេ។ គ្រាប់បែក​នុយក្លេអ៊ែរ​អាមេរិក​ដែល​កំទេច​​ក្រុងហ៊ីរ៉ូស្ហ៊ីម៉ា កាលនោះ មាន​កម្លាំង​១៥គីឡូតោន។

​មុន​បាញ់សាកល្បង​នុយក្លេអ៊ែរ​ជាលើកទី៥ កូរ៉េខាងជើង​ក៏ធ្លាប់​ធ្វើតេស្ត​មីស៊ីល​ច្រើនដង​មកហើយដែរ ក្នុងនោះ​មាន​ការបាញ់​ចេញ​​​ពីនាវាមុជទឹកមួយគ្រឿង​ផងដែរ។ រដ្ឋាភិបាល​កូរ៉េខាងត្បូង​​​កំពុង​​បារម្ភ​​ថា ​សមត្ថភាព​​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​កាន់តែ​ល្អប្រសើរ​ជាងមុន ហើយ​ក៏​កាន់តែលឿនទៅមុខ​ ប្រៀប​នឹង​ពេល​កន្លងមក។

កាលពីថ្ងៃសុក្រ​​​ ក្រុងព្យុងយ៉ាង​បាន​អួតដែរ​ថា ​បាន​ទទួលជោគជ័យ​ក្នុង​ការ​សាកល្បង​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដែលអាច​បំពាក់​មីស៊ីលបាន។ ​​ក្រោយការបាញ់​សាកនុយក្លេអ៊ែរ​របស់​ក្រុងព្យុងយ៉ាង លោកអូបាម៉ា​បានប្រកាស​យល់ព្រមធ្វើការ​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ​ និង​មហាអំណាច​ផ្សេងៗ ដើម្បី​ពង្រឹងទណ្ឌកម្ម​ដែល​ធ្លាប់ដាក់​លើ​ក្រុង​ព្យុងយ៉ាង​កន្លងមក។ កូរ៉េ​ខាងជើង​ឯណោះវិញ ​​ប្រកាសទៅវិញ​​​ថា មិនចុះចាញ់​នឹង​​​អាមេរិក​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ