សង្រ្គាមប្រឆាំងគ្រឿងញៀន៖លោកប្រធានាធិបតីហ្វីលីពីនឌុយទែរតេប្រដូចទង្វើខ្លួនទៅនឹងទង្វើហ៊ីត្លែរ
នៅក្នុងប្រទេសហ្វីលីពីន លោកប្រធានាធិបតីឌុយទែរតេកំពុងបន្តធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍លើរូបលោកដោយនៅថ្ងៃសុក្រ ទី៣០ កញ្ញានេះ លោកឌុយទែរតេបានប្រៀបប្រដូចយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោកទៅនឹងការសម្លាប់រង្គាលជនជាតិជ្វីហ្វរបស់ហ៊ីត្លែរ។ លោកឌុយទែរតេបានអះអាងថា លោកសប្បាយចិត្តនឹងសម្លាប់រង្គាលពួកអ្នកប្រើប្រាស់គ្រឿងញៀនរាប់លាននាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៨
គឺនៅក្នុងសុន្ទរកថាមួយថ្លែងនៅព្រឹកថ្ងៃសុក្រ ទី៣០ កញ្ញានេះដែលលោកប្រធានាធិបតីហ្វីលីពីនឌុយទែរតេបានបញ្ជាក់ជាថ្មីម្តងទៀតពីជំហររបស់លោកក្នុងការបំបាត់ការជួញដូរគ្រឿងញៀន និងពួកអ្នកប្រើប្រាស់គ្រឿងញៀនឲ្យអស់ពីទឹកដីហ្វីលីពីន។ « ហ៊ីត្លែរបានសម្លាប់រង្គាលជនជាតិជ្វីហ្វចំនួន ៣លាននាក់។ នៅហ្វីលីពីន មានអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ៣លាននាក់។ ខ្ញុំនឹងសប្បាយចិត្តសម្លាប់ពួកគេទាំងអស់ » នេះជាសម្តីរបស់លោកឌុយទែរតេ។
ដោយឡែក និងជាថ្មីម្តងទៀត លោកឌុយទែរតេដែលគេស្គាល់ជាប្រធានាធិបតីមាត់ដាច និងចូលចិត្តប្រើពាក្យប្រមាថ ក៏បាននិយាយវាយប្រហារលើសហភាពអឺរ៉ុប និងអាមេរិកដែលបានរិះគន់ ទិតៀនលើសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក។ លោកឌុយទែរតេបានយល់ឃើញថា អឺរ៉ុប និងអាមេរិកជាអ្នកលាក់ពុត ដែលមើលឃើញតែរឿងរបស់អ្នកដទៃ។ នៅត្រង់ចំណុចនេះ លោកឌុយទែរតេបានបរិហារអឺរ៉ុប និងអាមេរិកដែលអសមត្ថភាពក្នុងការដោះស្រាយលំហូរជនអន្តោប្រវេសន៍ពីតំបន់ដើមបូព៌ាទៅកាន់ទ្វីបអឺរ៉ុប។
« ពួកអ្នកបានទុកឲ្យជនអន្តោប្រវេសន៍ដែលរត់ចេញពីតំបន់ដើមបូព៌ាលង់ទឹកស្លាប់ក្នុងសមុទ្រ ហើយពួកអ្នកបែរជាកំពុងបារម្ភពីការស្លាប់មនុស្ស ១ ០០០, ២ ០០០ ឬ ៣ ០០០នាក់ទៅវិញ » នេះជាការថ្លែងដោយចោទជាសំណួររបស់លោកឌុយទែរតេ។ សូមជម្រាបជូនថា តាំងពីលោកឌុយទែរតេចូលកាន់តំណែងក្នុងខែមិថុនាមក មានមនុស្សជាង ៣ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន។ ក្រៅពីបញ្ជាឲ្យប៉ូលិស និងទាហានសម្លាប់អ្នកជួញដូរគ្រឿងញៀន លោកឌុយទែរតេក៏បានបើកដៃឲ្យប្រជាជនហ្វីលីពីនសម្លាប់អ្នកជួញដូរគ្រឿងញៀនដោយខ្លួនឯងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ