អានតួអត្ថបទ

អាមេរិក​ចាប់​បាន​សញ្ញានៃការ​​​​បាញ់​មីស៊ីល​បាលីស្ទិក​មិន​សម្រេច នៅ​កូរ៉េខាងជើង

មាន​​សញ្ញា​បង្ហាញ​ថា​កូរ៉េខាង​ជើង បាន​​​បាញ់​មីស៊ីល​បាលីស្ទិក​ តែ​មិន​បាន​ជោគជ័យ​ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​​របស់​យោធា​អាមេរិក ដែលចាប់​បាន​សញ្ញា​នោះ និង​​បញ្ជាក់​ទៀត​ថា ជា​មីស៊ីល​ប៉ាលីស្ទិក​ រយៈ​មធ្យម​ អាច​​មាន​សមត្ថភាព និង​កម្លាំង​​បាញ់​ដល់​​មូលដ្ឋាន​ទ័ព​អាមេរិក​ Guam នៅ​កណ្តាល​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក។

មីស៊ីល Musudanបង្ហាញ​ជាសាធារណៈ នៅក្នុង​ក្បួនដង្ហែ​​យោធា នៅ​ទីក្រុង​ព្យុងយ៉ាង
មីស៊ីល Musudanបង្ហាញ​ជាសាធារណៈ នៅក្នុង​ក្បួនដង្ហែ​​យោធា នៅ​ទីក្រុង​ព្យុងយ៉ាង AFP PHOTO / FILES / Ed Jones
ផ្សាយពាណិជ្ជកម្ម

ការ​សាកល្បង​មិន​ជោគជ័យ​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ជា​ការ​បាញ់​មីស៊ីលបាលីស្ទិក រយៈ​មធ្យម ប្រភេទ Musudan ដែល​ព្យុងយ៉ាង​ធ្លាប់​បាន​ធ្វើ​តេស្ត​៧​ដង​មក​ហើយ ហើយ​មាន​​ម្តង​បាន​ជោគជ័យ​មួយ​ភាគ។ ការ​បាញ់​សាកល្បង​​នេះ គ្មាន​លក្ខណៈ​គំរាមកំហែង ដល់​ទ្វីប​អាមេរិក​ទេ។ ​នេះ​បើ​តាម​ប្រភព​​យោធា​អាមេរិក។ ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ត្បូង ក៏​បាន​បញ្ជាក់​ថា​មាន​​ការ​បាញ់​សាកល្បង​បរាជ័យមែន​​ ចេញ​ពី​តំបន់គុយសយង ភាគ​ពាយ័ព្យ​ប្រទេស។ ប៉ុន្តែ​នៅលើក​នេះ ខុស​ពី​លើក​មុន វ៉ាស៊ីនតោន និង​សេអ៊ូល មិន​បាន​ធ្វើ​សេចក្តី​ប្រកាស​អ្វី​ភ្លាមៗ​ទេ ហើយ​ក៏​មិន​ពន្យល់​មូលហេតុ​នៃ​ការ​យឺតយ៉ាវ​នេះ​ដែរ។

បើ​តាម​ក្បួន​ មីស៊ីល Musudan អាច​បាញ់​បាន​ចម្ងាយ​ពី ២៥០០​ទៅ ៤០០០​គីឡូម៉ែត្រ មាន​ន័យ​ថា បើ​គិត​ឱ្យ​ខ្លី​បំផុត​ មីស៊ីលនេះ​​អាច​បាញ់​ដល់​កូរ៉េខាង​ត្បូង ឬ​ជប៉ុន ​ហើយបើ​​ឆ្ងាយ​បំផុត គឺ​អាច​បាញ់​ដល់​មូលដ្ឋាន​ទ័ព​អាមេរិក​​នៅ​លើ​កោះ​Guam​ ក្នុង​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក។ បើ​តាម​អ្នក​ឯកទេសអាមេរិក ការ​សាកល្បង​មីស៊ីល​Musudan អាច​ជួយព្យុងយ៉ាង​ឱ្យ​សម្រេច​កម្មវត្ថុ​ផលិត​មីស៊ីល​អន្តរទ្វីប (ICBM) ដែល​មាន​សមត្ថភាព​ពាំក្បាល​នុយក្លេអ៊ែរ​ ទៅ​ដល់​ទ្វីប​អាមេរិក​ នៅ​ឆ្នាំ​២០២០។ កូរ៉េខាង​ជើង​ធ្លាប់​បាន​បង្ហាញ​ជា​សាធារណៈ​មីស៊ីល​ ដោយ​ប្រសិទ្ធិនាម​ថា KN-០៨ ដែល​មាន​ម៉ូទ័រ​ប្រើ​បច្ចេកវិទ្យា​Musudan តែ​មិន​ដែល​ធ្វើ​ការ​សាកល្បង​សោះ។

ការ​បាញ់​សាកល្បង​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​ប្រជាជាតិ​កំពុង​​ពិភាក្សា​ចង់​ទណ្ឌកម្ម​ថ្មី​បន្ថែម​លើ​ព្យុងយ៉ាង ដែល​បាន​សាក​ល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​៥​កាលពី​ថ្ងៃទី ៩ កញ្ញា។ ​កូរ៉េខាង​ជើង​ជាប់​បម្រាមនិង​ទណ្ឌកម្ម​មួយ​ខ្សែ​របស់​អង្គការ​សហប្រជាជាតិ​ ​ តាំង​ពី​ឆ្នាំ​២០០៦ តែ​ប្រមុខ​គីម ជុងអ៊ុន បន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដោយ​មិន​រអាអ្វី​​ឡើយ។

នៅ​ថ្ងៃ​នេះ ក្រោយ​ពី​ការ​បាញ់​សាកល្បងមិន​សម្រេច កូរ៉េខាងជើង​មិន​បាន​ធ្វើ​ប្រកាស​អ្វី​មែន ប៉ុន្តែ​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ បាន​ផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កូរ៉េខាង​ជើង​ ព្រមាន​សហរដ្ឋ​អាមេរិក​ថា​នឹង​អាចមាន​ការ​​បង់​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​នឹង​ត្រូវ​បង់​សង​ មុន​ចាក​ចេញ​ពី​សេតវិមាន ដើម​ឆ្នាំ​២០១៧​តែម្តង។ នេះ​ជា​ការ​គំរាម​របស់​អ្នក​នាំពាក្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ