អានតួអត្ថបទ
អាមេរិក-ចិន-កូរ៉េខាងជើង

អាមេរិក និង​ចិន​បង្កើន​កិច្ចសហប្រតិបត្តិការ​ដាក់​គំនាប​លើ​កូរ៉េខាងជើង

នៅ​ថ្ងៃ​ចន្ទ ទី១៩ កញ្ញា លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ទីក្រុង​ញូយ៉ក។ ជា​ជំនួប​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ សេតវិមាន​បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក​អូបាម៉ា និង​លោក​លី ខឺជាំង​បាន​សម្រេចចិត្ត​ក្នុង​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​នៅ​គ្រប់​ស្ថាប័ន​ក្នុង​ការ​ដាក់​គំនាប​លើ​កូរ៉េខាងជើង។ ការ​សម្រេចចិត្ត​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កូរ៉េខាងជើង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើកទី៥ ប្រកប​ដោយ​ជោគជ័យ។

អាមេរិក និង​ចិន​បង្កើន​កិច្ចសហប្រតិបត្តិការ​ដាក់​គំនាប​លើ​កូរ៉េខាងជើង
អាមេរិក និង​ចិន​បង្កើន​កិច្ចសហប្រតិបត្តិការ​ដាក់​គំនាប​លើ​កូរ៉េខាងជើង ©REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីជូនដំណឹង សេតវិមាន​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ជំនួប​រវាង​លោក​អូបាម៉ា និង​លោក​លី ខឺជាំង​ទេ តែ​មន្រ្តីការទូត​នៅ​អង្គការ​សហប្រជាជាតិ​បាន​បង្ហើប​ឲ្យ​ដឹង​ថា អាមេរិក និង​ចិន​បាន​ផ្តើម​ពិភាក្សា​គ្នា​លើ​សេចក្តីសម្រេចចិត្ត​មួយ​ដែល​សំដៅ​ដាក់​ទ័ណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដែល​ទើប​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើកទី៥ កាល​ពី​ថ្ងៃទី៩ កញ្ញា​កន្លង​ទៅ។ តែ​នៅ​ក្នុង​សេចក្តីជូនដំណឹង​នោះ ចិន​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទេ​ថា តើ​ខ្លួន​ពិត​ជា​មាន​បំណង​បន្ថែម​ទ័ណ្ឌកម្ម​ប្រឆាំង​លើ​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លេច​របស់​ខ្លួន ឬ​អត់។

តាម​សេចក្តីជូនដំណឹង​របស់​សេតវិមាន​ដដែល លោក​ប្រធានាធិបតី​អាមេរិក និង​លោក​នាយករដ្ឋមន្រ្តី​ចិន​បាន​ថ្កោលទោស​ទង្វើ​សាកល្បង​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង និង​បាន​ឯកភាព​ធ្វើ​ការ​រួម​គ្នា​នៅ​ផ្ទែក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ធ្វើ​ឲ្យ​ឧបទ្វីបកូរ៉េ​គ្មាន​អាវុធនុយក្លេអ៊ែរ។ អាមេរិក​ចង់​ឲ្យ​ចិន​ដាក់​គំនាប​បន្ថែម​លើ​កូរ៉េខាងជើង​ឲ្យ​បញ្ឈប់​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប។ ទន្ទឹម​គ្នា​នេះ អាមេរិក​បាន​អះអាង​ពី​ការ​ត្រៀមខ្លួន​ចរចា​ជា​មួយ​កូរ៉េខាងជើង ប្រសិន​បើ​របប​កុម្មុយនិស្ត​មួយ​នេះ​សុខចិត្ត​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​ជាមុន។

ដោយឡែក លោក​អូបាម៉ា និង​លោក​លី ខឺជាំង​ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​តាម​ឃ្លាំមើល​សកម្មភាព​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​ចិន​ឈ្មោះ Liaoning Hongxiang ដែល​រដ្ឋបាល​អាមេរិក​គិត​ថា បាន​ផ្តល់​លុយ​ឲ្យ​កូរ៉េខាងជើង​ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​វិស័យ​នុយក្លេអ៊ែរ។ តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិក Wall Street Journal ឲ្យ​ដឹង​ថា នា​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ រដ្ឋអំណាច​ចិន​ក៏​បាន​ផ្អាប់​ទុក​លុយកាក់ រួម​ទាំង​ទ្រព្យសម្បត្តិ​របស់​ថ្នាក់ដឹកនាំ និង​មនុស្សជំនិត​ជា​ច្រើន​នាក់​របស់​ក្រុមហ៊ុន Liaoning Hongxiang៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ