អានតួអត្ថបទ

ប៉ាគីស្ថាន ៖ សង្គ្រាម​ប្រឆាំង​ភេរវនិយម​ចំណាយ​អស់​១១៨​ពាន់​លាន​ដុល្លារ

ការ​ចូល​ចំណែក​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ភេរវនិយម បាន​ធ្វើ​ឱ្យ​ប៉ាគីស្ថាន​ចំណាយ​អស់​១១៨​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​១៤​ឆ្នាំ ពោល​គឺ​ស្មើ​នឹង​ជាង​មួយ​ភាគ​បី​នៃ​ផលិតផលសរុប​ក្នុង​ស្រុក​របស់​ប្រទេស។ នេះ​បើ​តាម​ការ​សិក្សា​របស់​ធនាគារ​កណ្តាល​ប៉ាគីស្ថាន។

សកម្មភាព​ជួយ​សង្គ្រោះ​ពលរដ្ឋ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម នៅភាគ​ខាង​ត្បូង​ប្រទេស​ប៉ាគីស្ថាន ថ្ងៃទី ១២ វិច្ឆិកា ២០១៦​
សកម្មភាព​ជួយ​សង្គ្រោះ​ពលរដ្ឋ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម នៅភាគ​ខាង​ត្បូង​ប្រទេស​ប៉ាគីស្ថាន ថ្ងៃទី ១២ វិច្ឆិកា ២០១៦​ ASIF HASSAN / AFP
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​កណ្តាល​ប៉ាគីស្ថាន បាន​បង្ហាញ​ថា អំពើ​ហិង្សា​ជ្រុល​និយម បាន​ធ្វើ​ឱ្យ​ប្រទេស​ខាត​បង់ ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​អស់​ប្រាក់​ប្រមាណ​១១៨៣០០​លាន​ដុល្លារ​ នៅរវាង​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៦។ ចំណែក​ឯកំណើន​សេដ្ឋកិច្ច​ ក៏​ដូច​ជាការ​​អភិវឌ្ឍន៍សង្គម​ បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង អំពី​អំពើ​ហិង្សា​ភេរវនិយម។ នេះ​បើ​តាម​ការ​លម្អិត​របស់​របាយការណ៍ដដែល។

ប៉ាគីស្ថាន​បាន​ធ្លាក់​ក្នុង​អន្លង់​ហិង្សា​ជ្រុល​និយម​យ៉ាង​ជ្រៅ ក្រោយ​ពី​បាន​ក្លាយ​ខ្លួន​ជា​សម្ព័ន្ធមិត្តដ៏​សំខាន់​​របស់​សហរដ្ឋ​អាមេរិក ក្នុង​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវនិយម សងសឹក​ក្រោយ​មាន​មហាភេរវកម្ម​ថ្ងៃ​១១​កញ្ញា ២០០១ ដែល​ជំរុញ​ឱ្យ​អាមេរិក​ចូល​ឈ្លានពាន​ប្រទេស​អាហ្វហ្កានីស្ថាន។

 

សហរដ្ឋ​អាមេរិកបានបង្កើត​ មូលនិធិ​គាំទ្រ​កងសម្ព័ន្ធមិត្ត​ ​ដើម្បី​ជួយ​ប៉ាគីស្ថាន ជាមួយ​នឹង​ការ​ចាក់​​បញ្ចូល​ថវិកា​មួយ​ពាន់​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ។ គិត​មក​ទល់​ឆ្នាំ​២០១៥ ប៉ាគីស្ថាន​បាន​ទទួល​ជំនួយ​១៤ពាន់​លាន​ដុល្លារ។

 

បើ​តាម​របាយការណ៍ ក្រៅអំពី​ត្រូវ​រង​ទុក្ខ​សោក​ មាន​មនុស្ស​ស្លាប់ របួស ប្រជាជន​ត្រូ​វ​ភៀស​ខ្លួន​ចេញ​ដោយ​មូលហេតុ​ហិង្សា​ សង្គ្រាមប្រឆាំង​នឹង​ភេរវនិយម​បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បរទេស​​ខ្លាច និង​រត់​ចេញ វិនិយោគ​ក្នុង​តំបន់​ត្រូវ​អាក់​ខាន ការ​នាំ​ចេញ​ត្រូវ​កក​ស្ទះ ពាណិជ្ជកម្ម​ត្រូវ​ដើរ​បន្ថយ​ល្បឿន។

 

ប៉ាគីស្ថាន​ ទើប​បាន​បើក​យុទ្ធនាការ​យោធា​ទ្រង់ទ្រាយ​ធំមួយ​ប្រឆាំង​នឹង​ពួក​តាលីបង់ ព្រម​ទាំង​ក្រុម​ប្រដាប់​អាវុធ​ជ្រុលនិយម​ជា​ច្រើន​ផ្សេង​ទៀត នៅ​តាម​តំបន់​កុលសម្ព័ន្ធ​ជាប់​ព្រំដែន​អាហ្វហ្កានីស្ថាន។ យុទ្ធនាការ​នេះ បាន​កាត់​បន្ថយ​អំណាច​ និង​សកម្មភាព​បំផ្លិច​បំផ្លាញ​របស់​ពួក​ជ្រុល​និយម ឯ​ចំនួន​ជន​រង​គ្រោះក៏​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ឆ្នាំ​២០១៥-១៦។ សេដ្ឋកិច្ច​ជាតិ ក៏​បាន​ប្រសើរ​ឡើង​បន្តិច។ ​មូលនិធិ​រូបិយវត្ថុអន្តរជាតិ បាន​អះអាង​កាលពី​ខែ​តុលា​ថា ប៉ាគីស្ថាន​បាន​ដើរ​ចេញ​ពី​វិបត្តិ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ