អានតួអត្ថបទ
ចិន

ចិន៖​មាន​ស្លាប់​យ៉ាង​តិច ៦៥នាក់​នៅ​ក្នុង​គ្រោះថ្នាក់​បាក់​រលំ​ការដ្ឋាន​សាងសង់​នៅ​មជ្ឈមណ្ឌល​អគ្គិសនី

នៅ​ក្នុង​ប្រទេស​ចិន គ្រោះថ្នាក់​បាក់រលំ​ការដ្ឋានសាងសង់​មួយ​នៅ​ក្នុង​មជ្ឈមណ្ឌល​អគ្គិសនី​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៦៥នាក់។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ថ្មី​នេះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ វិច្ឆិកា​នេះ​នៅ​ក្នុង​ខេត្ត​ចាងស៊ី។ តួលេខ​នៃ​ចំនួន​អ្នក​ស្លាប់​នឹង​អាច​កើន​ឡើង ព្រោះ​នៅ​មាន​កម្មករ​ជា​ច្រើន​ទៀត​កំពុង​បន្ត​ស្ថិត​ជាប់គាំង​នៅ​ក្រោម​គំនរ​ផ្ទាំងថ្ម និង​ផ្ទាំងដែក។ ក្រុមជួយសង្រ្គោះ និង​កម្មកររួមការងារ​ផ្សេង​ទៀត​កំពុង​កកាយ​ស្រង់​អ្នក​ដែល​ជាប់​ក្រោម​គំនរ​ថ្ម។

ចិន៖មានស្លាប់យ៉ាងតិច ៦៥នាក់នៅក្នុងគ្រោះថ្នាក់បាក់រលំការដ្ឋានសាងសង់នៅមជ្ឈមណ្ឌលអគ្គិសនី
ចិន៖មានស្លាប់យ៉ាងតិច ៦៥នាក់នៅក្នុងគ្រោះថ្នាក់បាក់រលំការដ្ឋានសាងសង់នៅមជ្ឈមណ្ឌលអគ្គិសនី REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​វេលា​ម៉ោង ៧ព្រឹក ម៉ោង​ក្នុង​ប្រទេស​ចិន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ វិច្ឆិកា​នេះ​ដែល​ការដ្ឋានសាងសង់​នៅ​មជ្ឈមណ្ឌល​អគ្គិសនី​ក្នុង​ខេត្ត​ចាងស៊ី​បាន​រលំស្រុត​ចុះ​ជាមួយ​នឹង​វត្តមាន​កម្មករ​ជា​ច្រើន​នាក់​ដែល​កំពុង​ធ្វើការ។ រូបភាព​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ផ្ទាំងថ្ម និង​ផ្ទាំងដែក​ធំៗ​រលំបាក់​ដោយ​នាំ​ទៅ​ជាមួយ​នូវ​ជីវិត​កម្មករ​ដែល​កំពុង​ធ្វើ​ការ។ កម្មករ​ខ្លះ​បាន​ស្លាប់​ភ្លាមៗ និង​ខ្លះ​ទៀត​បន្ត​ជាប់​គាំង​នៅ​ក្រោម​គំនរ​ថ្ម និង​ដែក។ ប្រភព​ព័ត៌មាន​ខ្លះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​កម្មករ​ចំនួន ៦៨នាក់​បាន​មាន​វត្តមាន​នៅ​ពេល​កើត​គ្រោះថ្នាក់។

ភ្លាមៗ​ក្រោយ​ឧប្បត្តិហេតុ រដ្ឋអំណាច​បាន​បញ្ជូន​រថយន្ត​សង្រ្គោះ​ចំនួន ៣២គ្រឿង ទាហាន​ចំនួន ២១២នាក់ និង​សត្វឆ្កែ​ចំនួន ៩ក្បាល​ដើម្បី​ស្វែង​រក​អ្នក​រស់រាន​មាន​ជីវិត​ដែល​ជាប់កុន​នៅ​ក្រោម​គំនរ​ថ្ម​បាក់បែក។ ទន្ទឹម​គ្នា​នេះ កម្មករ​រួម​ការងារ​ដែល​បាន​រួច​ជីវិត​ក៏​បាន​ចូលរួម​ជួយ​​ស្វែង​រក​មិត្តរួម​ការងារ​ជាមួយ​ក្រុម​ជួយ​សង្រ្គោះ​ដែរ។ យ៉ាង​ណា​ក៏​ដោយ គ្រោះថ្នាក់​ថ្មី​នៅ​ក្នុង​មជ្ឈមណ្ឌល​អគ្គិសនី​នេះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ការ​ធ្វេសប្រហែស​ផ្នែក​សន្តិសុខ​របស់​រដ្ឋាភិបាល​ចិន​នៅ​តាម​មជ្ឈមណ្ឌល និង​ទីតាំង​ឧស្សាហកម្ម​ធំៗ​ដែល​កំពុង​រីកដុះដាល​ដូច​ផ្សិត។

តាម​តួលេខ​ផ្តល់​ដោយ​រដ្ឋបាល​ទទួល​បន្ទុក​សន្តិសុខ​ការងារ​ឲ្យ​ដឹង​ថា គ្រាន់​តែ​ក្នុង ៦ខែ​ដើម​ឆ្នាំ ២០១៦ នេះ មាន​គ្រោះថ្នាក់​កើត​ឡើង​ចំនួន ៣៣ ០០០ដង​ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​ជិត ២០ ០០០នាក់។ ជាក់ស្តែង​នា​ខែ​សីហា​កន្លង​ទៅ គ្រោះថ្នាក់​ផ្ទុះ​នៅ​ក្នុង​មជ្ឈមណ្ឌល​អគ្គិសនី​ហ៊ូបេ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ប្រមាណ​ជា ២០នាក់។

 
កំណើន​គ្រោះថ្នាក់​នៅ​មជ្ឈមណ្ឌល និង​ទីតាំង​ឧស្សាហកម្ម​ធំៗ​ក្នុង​ប្រទេស​ចិន​បាន​កើត​ចេញ​ពី​ការ​ត្រួតពិនិត្យ​ផ្នែក​សន្តិសុខ​មិន​ដិតដល់ ការ​កេងចំណេញ​របស់​ឈ្មួញ និង​អំពើពុករលួយ​របស់​មន្រ្តីរដ្ឋការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ