អានតួអត្ថបទ

ឥណ្ឌូណេស៊ី​កម្ចាត់ផែនការ​ភេរវកម្ម​ប្រឆាំង​ស្ថានទូត​ភូមា​បានទាន់ពេល

ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ ចាប់​បាន​ជនសង្ស័យ​បី​នាក់​ ជា​បណ្តាញ​​​អង្គការរដ្ឋអ៊ីស្លាម​ ដែល​មាន​ផែនការ​ធ្វើ​ភេរវកម្ម​ប្រឆាំង​នឹង​ស្ថានទូត​ភូមា​ប្រចាំ​ទីក្រុង​ហ្សាការតា។ ដំណឹង​នេះ​ធ្លាក់​មក​ជួន​ចំពេល​​ដែល​កំហឹង​កំពុង​ឆាប​ឆេះ​ខ្លាំង​នៅ​​ភូមា​ ដោយ​ហេតុ​តែកង​កម្លាំង​​យោធា​បាន​ចេញ​បង្ក្រាប​ពួក​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម រ៉ូហ៊ីងយ៉ា។

បាតុកម្ម​ទាមទារ​ឱ្យ​បញ្ឈប់​អំពើ់ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា
បាតុកម្ម​ទាមទារ​ឱ្យ​បញ្ឈប់​អំពើ់ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា REUTERS/Darren Whiteside
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ចំណោម​ជនសង្ស័យ​ទាំង​បី​នាក់ ដែល​​ជា​សកម្មជន​ក្នុង​បណ្តាញ​អ៊ីស្លាម​ជ្រុលនិយមក្នុង​ស្រុក​ Jemaah Ansar Daulahនៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ឥណ្ឌូណេស៊ី ម្នាក់​ចេះ​ផលិត​ជាតិផ្ទុះ និង​ត្រូវ​ខ្លួន​បាន​មុន​កាលពី​ថ្ងៃពុធ ទើប​នាំ​ដល់​ការ​ចាប់​ខ្លួន​ពីរ​នាក់​បន្ថែម​ទៀត។ ជនសង្ស័យ​ទាំង​នេះ បាន​ប្រមូល​ផ្តុំ​​​​ជាតិ​ផ្ទុះ​ជា​ច្រើន​សម្រាប់ផលិត​គ្រាប់​បែក​ច្នៃ ដែល​​អាច​​​មាន​កម្លាំង​ផ្ទុះ​ខ្លាំង​បំផុត ស្ទើរ​ប្រៀប​បាន​ទៅនឹង​គ្រាប់​បែក​ផ្ទុះ​ក្នុង​ភេរវកម្ម​ក្រុង​បាលី ស្លាប់​មនុស្ស​អស់​២០២​នាក់ កាលពី​ឆ្នាំ​២០០២។ នេះ​បើ​តាមការ​លម្អិត​របស់​ប៉ូលិស។ អ្នក​នាំពាក្យ​​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា តាម​ផែនការ ជនសង្ស័យ​ទាំង​បី គ្រោង​នឹង​ធ្វើ​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក ប្រឆាំង​នឹង​សភា ទីបញ្ជាការ​ប៉ូលិស ស្ថានទូត​ភូមា​ប្រចាំ​ទីក្រុង​ហ្សាការតា និង​ស្ថានីយ៍​ទូរទស្សន៍​ជា​ច្រើន​ផ្សេង​ទៀត។  

 

ហេតុអ្វី​ភូមា ? នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ភូមា​បាន​បើក​យុទ្ធនាការ​បោស​សម្អាត​​ជាតិ​ពិន្ធុ ប្រឆាំង​នឹង​ជាពិសេស​នឹង​ពួក​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម​ រ៉ូហ៊ីងយ៉ា ដែល​បង្ខំ​ចិត្ត​ត្រូវ​រត់​ភៀស​ខ្លួន​ទាំង​គ្រួៗ រាប់ពាន់​គ្រួសារ​គេច​ពី​កម្លាំង​យោធាភូមា។ នេះ​បើ​តាម​ពាក្យសំដី​របស់​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​បង់ក្លាដែស។

ជនជាតិ​រ៉ូហ៊ីយ៉ា ដែល​បាន​រត់​គេច​និង​ឆ្លង​ផុត​ព្រំដែន​ភូមា នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បាន​រៀប​រាប់​អំពី​ទង្វើ​ហិង្សា​ការ​រំលោភ ការធ្វើ​ទារុណកម្ម ឃាតកម្ម​ និង​ការ​កាប់​សម្លាប់ របស់​ពួក​ទាហាន​ភូមា​មក​លើ​ពួកគេ។ ពាក្យ​ចោទ​ប្រកាន់​ទាំង​នេះ បាន​ធ្វើ​កំហឹង​ឆាប​ឆេះ​ឡើងខ្លាំង​នៅ​ឥណ្ឌូណេស៊ី និង​តាម​បណ្តាប្រទេស​អ៊ីស្លាម​ផ្សេង​ទៀត។ កាលពី​ថ្ងៃសុក្រ អ្នក​កាន់សាសនា​អ៊ីស្លាម​រាប់​ពាន់​នាក់​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​​តាម​ក្រុង​ផ្សេងៗ​នៅ​អាស៊ី ស្នើ​សុំ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។

នៅ​ឥណ្ឌូណេស៊ី ប្រទេសដែល​មាន​ប្រជាជន​​អ៊ីស្លាមច្រើន​ជាង​​គេ​បំផុត​នៅ​លើ​ពិភពលោក បាតុករ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កាត់​ផ្តាច់​ទំនាក់ទំនង​ទ្វេ​ភាគី​ជាមួយ​ភូមា​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ