អានតួអត្ថបទ

ចិន​និង​ន័រវែសភ្ជាប់ទំនាក់ទំនង​ជា​ធម្មតា​នឹង​គ្នា​ឡើង​វិញ

បន្ទាប់​ពី​បាន​អាក់​អន់​ស្រពន់​ចិត្ត និង​បាន​បង្កក​ទំនាក់ទំនង​ជាន់​ខ្ពស់​នឹង​គ្នា​មួយរយៈ​ធំ ព្រោះ​ន័រវែស​បាន​ប្រគល់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ដល់​សកម្មជនប្រឆាំង​ចិន លី ស៊ាវបូ មក ចិន​និង​ន័រវែស បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ ផ្សារ​ភ្ជាប់​ទំនាក់ទំនងការទូត​​ជា​ធម្មតា ឡើង​វិញ និង​បាន​ប្រកាស​បើក​ចរចាលើ​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​​ឡើង​វិញ​ដែរ។

ពលរដ្ឋ​ចិន​រស់​នៅ​ន័រវែស ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ប្រគល់​ពានរង្វាន់​ណូបែល​ដល់​ លីវ ស៊ាវបូ ថ្ងៃ​ទី​១០ ធ្នូ ២០១០
ពលរដ្ឋ​ចិន​រស់​នៅ​ន័រវែស ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ប្រគល់​ពានរង្វាន់​ណូបែល​ដល់​ លីវ ស៊ាវបូ ថ្ងៃ​ទី​១០ ធ្នូ ២០១០ RFI/Chine
ផ្សាយពាណិជ្ជកម្ម

ក្រោយ​លទ្ធផល​ណូបែល​ឆ្នាំ​២០១០ ប្រកាស​ផ្តល់​ជ័យលាភី​ជូន​ដល់​សកម្មជន​សិទ្ធិមនុស្ស​ចិន លោក លីស៊ាវបូ ដែល​កាលណោះ​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​​ប៉ុនប៉ង​ធ្វើ​វិទ្ធង្សនាមក ចិន បាន​ផ្តាច់​ទំនាក់ទំនង​ការទូតជាមួយ​ន័រវែស។ ប៉ុន្តែ​នា​ឱកាស​បំពេញ​ទស្សនកិច្ច ដ៏​ភ្ញាក់ផ្អើល​របស់​រដ្ឋមន្ត្រីការបរទេស​ន័រវែស នៅ​ទីក្រុង​ប៉េកាំង ថ្ងៃ​នេះ ប្រទេស​ទាំងពីរ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម រិត​រក​គ្នា​វិញ។

លោក លី ខឺឈាំង ប្រមុខ​ការទូត​ចិន​ បានគូស​បញ្ជាក់​ថា ចិន​សង្ឃឹម​ធ្វើការជាមួយ​ន័រវែស​ ដើម្បី​បើក​ទំព័រ​ថ្មី​នៃ​ចំណង​ទ្វេភាគី ឱ្យ​កាន់​តែ​មាន​កំរិត​ខ្ពស់ ​មានលំនឹង និង​បរិសុទ្ធ។ នេះ​បើ​តាម​ការ​ពាំពាក្យ​ក្នុង​ទំព័រ​សារព័ត៌មាន​ផ្លូវការ​ចិន។

ចំណែក​អូស្លូ​បាន​សន្យា​មិន​គាំទ្រ​សកម្មភាព​ដែល​នាំ​ឱ្យ​ខូច​ប្រយោជន៍​ចិន និង​ប្រឹង​ធ្វើ​គ្រប់​យ៉ាង​មិន​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនងទ្វេ​ភាគី​នាពេល​អនាគត។ ចំណែក​បញ្ហា​សិទ្ធិមនុស្ស មិន​ត្រូវ​បាន​លើក​យក​លាយ​លំទេ។ ប៉ុន្តែ​សមភាគី​ន័រវែស បាន​បញ្ជាក់​ថាអូស្លូ​មិន​បាន​ធ្វើ​សម្បទាន​អ្វី​ទេ គឺ​ប្រើ​ពេលវេលា និ​ងកិច្ច​ខិត​ខំប្រឹង​ប្រែងការទូត​​គ្រប់​ជាន់​ថ្នាក់​ ដើម្បី​បង្កើត​ទំនុក​ចិត្ត​គ្នា និង​បាន​ត្រលប់​មក​រក​ភាព​ធម្មតា​នឹង​គ្នាវិញ។

យោង​តាម​សារព័ត៌មាន​ន័រវែស ចិន​​បាន​ទាមទារ​ឱ្យ​ន័រវែស​សុំ​ទោស ជា​ផ្លូវការ​ក្រុង​ប៉េកាំង ចំពោះ​ការ​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​ដល់​លីវ ស៊ាវបូ តែ​រដ្ឋាភិបាល​ន័រវែស​បដិសេធ ដោយ​សំអាង​ថា​ជា​សេចក្តី​សម្រេច​របស់​គណៈកម្មការណូបែល ដែល​ជា​ស្ថាប័ន​ឯករាជ្យ។

ការ​ភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​ឡើង​វិញនាពេល​នេះ ក៏​បាន​អនុញ្ញាត​ឱ្យ​ការចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរីចិន-ន័រវែស ដែល​ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ និង​សេដ្ឋកិច្ច​ខ្លាំង​លំដាប់​ទីពីរ​លើ​ពិភពលោក មាន​ដំណើរ​ការ​ឡើង​វិញ​ដែរ។

ន័រវែស​មិន​ទាន់​ដែល​​បាន​ទាញ​ប្រយោជន៍​ អំពី​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​ចិន ដូច​បណ្តា​ប្រទេស​ផ្សេង​ទៀត​លើ​លោក​ទេ។ នៅ​ថ្ងៃ​នេះ គ្រាន់​តែ​បាន​ឮ​ចិន​និង​ន័រវែស​ចាប់​ចរចា​គ្នា​ឡើង​វិញ ភាគ​ហ៊ុន​របស់​ផលិតផល​ត្រីសូម៉ុង​បាន​ស្ទុះ​ឡើង​ភ្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ