អានតួអត្ថបទ
ចិន

ចិន៖​រដ្ឋាភិបាល​ផ្តើម​រឹតបន្តឹង​ទប់ស្កាត់​លំហូរ​លុយ​របស់​ពលរដ្ឋ​ទៅ​បរទេស

នៅ​ក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​បាន​រឹតបន្តឹង​ការ​ប្តូរ​ពី​លុយ​យ័ន​ទៅ​ជា​លុយ​បរទេស​​របស់​ពលរដ្ឋ​ចិន។ កម្មវត្ថុ គឺ​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ចិន​នាំ​លុយ​បរទេស​ចេញ​ប្រទេស​កំណើត​ទៅ​ទុក​នៅ​បរទេស។ ចាប់​ពី​ពេល​នេះ​តទៅ ពលរដ្ឋ​ចិន​ណា​ដែល​មាន​បំណង​ចង់​ប្តូរ​ពី​ប្រាក់​យ័ន​ទៅ​ជា​ប្រាក់​បរទេស ដូច​យ៉ាង​ដុល្លារអាមរិក​ជា​ដើម នឹង​ត្រូវ​ផ្តល់​ព័ត៌មាន​បន្ថែម​ឲ្យ​ធនាគារ​របស់​ខ្លួន ពិសេស​អំពី​ប្រភព​ទឹកលុយ និង​គោលដៅ​នៃ​ការ​ប្តូរប្រាក់។

​រដ្ឋាភិបាល​ចិន​ផ្តើម​រឹតបន្តឹង​ទប់ស្កាត់​លំហូរ​លុយ​របស់​ពលរដ្ឋ​ទៅ​បរទេស
​រដ្ឋាភិបាល​ចិន​ផ្តើម​រឹតបន្តឹង​ទប់ស្កាត់​លំហូរ​លុយ​របស់​ពលរដ្ឋ​ទៅ​បរទេស REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

ជា​រៀងរាល់​ឆ្នាំ​មក​ទល់​ពេល​នេះ ពលរដ្ឋ​ចិន​អាច​យក​លុយ​យ័ន​ទៅ​ដូរ​យក​លុយ​បរទេស​ក្នុង​បរិមាណ​ច្រើន​បំផុត​ស្មើ​នឹង ៥០ ០០០ដុល្លារ។ នៅ​ក្នុង​ការ​ដូរ​នោះ​ទៀត​សោត ម្ចាស់​លុយ​អាច​បង្ហាញ​ធនាគារ​របស់​ខ្លួន​ត្រឹម​អត្តសញ្ញាណប័ណ្ណ​គឺ​គ្រប់គ្រាន់។ តែ​ចាប់​ពី​ពេល​នេះ​ទៅ និង​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ការ​ប្តូរ​ពី​លុយ​យ័ន​ទៅ​លុយ​បរទេស​ដោយ​លួចលាក់​លើស​ពី​កម្រិត​អនុញ្ញាត រដ្ឋាភិបាល​បាន​ផ្តើម​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​ការ​បញ្ជូន​លុយ​ចេញ​ទៅ​បរទេស ពិសេស​ពី​ប្រភពដើម​របស់​លុយ​ទាំង​នោះ។

គ្រប់​ការ​បញ្ជូន​លុយ​ទៅ​បរទេស​លើស​ពី ២៩ ០០០ដុល្លារ ធនាគារ​របស់​ម្ចាស់​លុយ​នឹង​ត្រូវ​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​ធនាគារកណ្តាល។ សូម​ជម្រាប​ជូន​ថា វិធានការ​ថ្មី​របស់​ប្រទេស​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ចិន​បាន​ស្គាល់​លំហូរ​លុយ​ពី​ក្នុង​ស្រុក​ទៅ​កាន់​បរទេស​យ៉ាង​សម្បើម​នា​រយៈពេល​ចុង​ក្រោយ​នេះ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៥ លំហូរ​លុយ​ពី​ក្នុង​ស្រុក​ទៅ​បរទេស​មាន​ដល់​ទៅ ១ ០០០ ០០០លានដុល្លារ ហើយ​ក្នុង​ឆ្នាំ ២០១៦ ដែល​ទើប​កន្លង​ផុត​ទៅ​មាន ជិត ៧០០ ០០០លានដុល្លារ។

ជាមួយ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​មិន​សូវ​ល្អ និង​តាំង​ពី​លោក​ដូណាល់ ត្រាំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​មក តម្លៃប្រាក់​យ័ន​ចិន​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ធៀប​នឹង​ប្រាក់​ដុល្លារ​ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ចិន​នាំ​គ្នា​យក​លុយ​យ័ន​ដូរ​យក​លុយដុល្លារ​ដើម្បី​យក​ទៅ​ទុក​នៅ​ធនាគារ​ក្រៅ​ប្រទេស​ដែល​មាន​ការប្រាក់​ខ្ពស់។ ទង្វើ​របស់​ពលរដ្ឋ​ចិន​របៀប​នេះ​បាន​ធ្វើ​ឲ្យ​លុយ​យ័ន​ធ្លាក់​ថ្លៃ​កាន់​តែ​ខ្លាំង និង​បាន​ជំរុញ​ឲ្យ​ធនាគារកណ្តាល​ចេញ​ធ្វើ​អន្តរាគមន៍​ជួយ​ស្រោចស្រង់​តម្លៃ​ប្រាក់យ័ន។

គ្រាន់​តែ​នៅ​ក្នុង​មួយ​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ ធនាគារកណ្តាល​ចិន​បាន​បញ្ចេញ​លុយ​បរទេស​ជិត ៧០ ០០០លានដុល្លារ​ដើម្បី​ប្រមូល​ទិញ​លុយយ័ន​នៅ​លើ​ទីផ្សារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ