អានតួអត្ថបទ

ទីក្រុង​​សេអ៊ូល​​ប្តេជ្ញាចិត្ត​​នឹង​​ដាក់​​ពង្រាយ​​ប្រព័ន្ធ​​ខែល​​ការពារ​​មីស៊ីល​​អាមេរិក​​

នៅថ្ងៃ​ពុធទី​៤​មករា​នេះ ទីក្រុង​សេអ៊ូល បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ថា​នឹង​​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​អាមេរិក​ហៅ​កាត់​ថា « THAAD »​នៅ​ឆ្នាំ​២០១៧​នេះ​​ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ពី​ប្រទេស​ចិន​ក៏​ក្តី។ 

មូលដ្ឋានមីស៊ីល​ (THAAD)សហរដ្ឋអាមេរិក​
មូលដ្ឋានមីស៊ីល​ (THAAD)សហរដ្ឋអាមេរិក​ Reuters/File
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​សេអ៊ូល​និង​វ៉ាស៊ីនតោន ដែល​ភ្ជាប់​សម្ព័ន្ធមិត្ត​នឹង​គ្នា​ដោយ​សន្ធិ​សញ្ញា​ការពារ​ប្រទេស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​កាលពី​ឆ្នាំ​មុន​ បាន​ជូន​ដំណឹង​អំពី​គម្រោង​ដំឡើង​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​អាមេរិក​ឈ្មោះ​« THAAD »​​នៅ​ក្នុងទឹកដី​កូរ៉េ​ខាង​ត្បូង។

 
ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល« THAAD » ​ជា​ប្រព័ន្ធ​មីស៊ីល​ដ៏​វិសេសវិសាល​បំផុត​មួយ​នៅ​លើ​លោក ​ក្នុង​ការ​ទប់​ទល់​ការ​វាយប្រហារ​ណា​មួយ​ពី​សំណាក់​កូរ៉េ​ខាង​ជើង។ ការ​ប្តេជ្ញាចិត្ត​របស់​កូរ៉េ​ខាង​ត្បូង​នេះ ដោយហេតុ​​តែ​កន្លង​មក កូរ៉េ​ខាង​ជើង​បាន​ផ្គើន​ខ្លាំង​ដោយ​បង្កើន​ការ​សាក​ល្បង​គ្រាប់​មីស៊ីល​របស់​ខ្លួន​ជា​ច្រើន​​នឹង​​ធ្វើ​តេស្តនុយក្លេអ៊ែរ​ចំនួន​ពីរ​ទៀត​ផង​នៅឆ្នាំ​២០១៦។

ចំពោះ​ប្រទេស​ចិន​ក៏​ដូច​ជា​រុស្ស៊ី​ "ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​អាមេរិក​នៅ​​កូរ៉េ​ខាង​ត្បូង ជា​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​សហរដ្ឋអាមេរិក​និង​ក៏​​​ប៉ះពាល់​ដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់"។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​របាយការណ៍​មួយ​ជូន​ចំពោះ​ប្រធានាធិបតី​ស្តីទី​កូរ៉េ​ខាង​ត្បូង បាន​គូស​បញ្ជាក់​ថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​« THAAD »​ គឺ​​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូរ៉េ​ខាង​ត្បូងក្នុងការ​​ពង្រឹង​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​​​​កិច្ច​ការពារ​ជាតិខ្លួន ​​ទល់​នឹង​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង”។​

ប្រទេស​ចិន​វិញ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ទាន់​ចិត្តដែរ ​ដោយ​ចាត់ទុក​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​អាមេរិក « THAAD »​នៅ​កូរ៉េ​ខាង​ត្បូង ថា​នឹង​ប៉ះពាល់​ដោយ​ផ្ទាល់​​ដល់​​សន្តិសុខ​ជាតិ​ចិន​និង​​កាន់តែ​បង្កើន​ហានិភ័យ​​ជម្លោះ​​ខ្លាំង​ថែម​ទៀត​នៅ​ក្នុង​តំបន់។ទន្ទឹម​នេះ​ដែរ​ ​ចិនបាន​ប្រកាស​វិធានការ​មួយ​ចំនួន​ប្រឆាំង​ទល់​នឹង​កូរ៉េ​ខាង​ត្បូង​​ដែល​ទីក្រុង​សេអ៊ូល​ចាត់​​ទុក​ថា ជា​​ទណ្ឌកម្ម​ដាក់​ប្រឆាំង​ទល់​នឹង​កូរ៉េ​ខាង​ត្បូង។

វិធានការ​​របស់​ប៉េកាំង​នោះ មាន​ដូច​ជា​ការ​ដាក់​កម្រិត​លើ​ការ​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​ចិន​ពី​សំណាក់​ក្រុម​តារា​ចំរៀង​ដ៏​ឆ្នើម​របស់​ក្រុម​ភ្លេង​K-pop​​និង​តារា​ល្បីៗផ្សេង​ទៀត​របស់​កូរ៉េ​ខាង​ត្បូង ឬ​ក៏​ការ​សម្តែង​ទស្សនិយភាព​នានា​នៅ​លើ​ទឹក​ដី​ចិន​។ មិនតែ​ប៉ុណ្ណោះ ទីក្រុង​ប៉េកាំង ​ថែម​ទាំង​ធ្វើការ​បដិសេធ​​ មិន​ឲ្យ​មាន​ជើង​ហោះហើរ​​កូរ៉េ​ខាង​ត្បូង ចូល​មក​ក្នុង​ទឹក​ដីខ្លួន​​នៅ​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨​មករា​ខាង​មុខ​។

រីឯ ទីក្រុង​វ៉ាស៊ីនតោន ​បាន​​ធានា​ចិន​​ថា ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​​អាមេរិក ពុំមែន​ជា​ការ​គំរាម​កំហែង​ណា​មួយ​ដល់​ចិន​ឡើយ ហើយ​ចិន​វិញ ក៏​មិន​ត្រូវ​យក​លេស​ណា​មួយ​ដើម្បី​ធ្វើការ​ប្រឆាំង​ទល់​នឹង​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​នេះ​ដែរ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ