អានតួអត្ថបទ
ឥណ្ឌា-សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ សន្ទនា​យ៉ាងកក់ក្តៅ​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា

នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី នៅ​ថ្ងៃ​ពុធទី ២៥ មករា បាន​អះអាង​ថា លោក​នឹង​ធ្វើការ​ជាមួយ​លោក​ដូណាល់ ត្រាំ ដើម្បី​រឹត​ចំណង ដែល​មាន​ស្រាប់ រវាង​ប្រទេស​ទាំងពីរ។ នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ នៅ​យប់​ថ្ងៃ​អង្គារ​ទី ២៤​មករា ប្រមុខ​ដឹកនាំ​ឥណ្ឌា​បាន​​អញ្ជើញ​ផងដែរ លោកដូណាល់ ត្រាំ​ ឲ្យ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​នៅ​ឥណ្ឌា។

នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី
នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី © REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារ​Twitter លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី​បាន​សរសេរ​ថា លោក​បាន​អញ្ជើញ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ឲ្យ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា។ នៅ​មុន​កិច្ចសន្ទនា​តាម​ទូរស័ព្ទ សេតវិមាន​បាន​បង្ហាញ​ថា រដ្ឋបាល​លោក​ដូណាល់ ត្រាំ​បាន​អញ្ជើញ​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅ​ក្នុង​ឆ្នាំនេះ។

 
ប្រធានាធិបតី​អាមេរិក​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា នៅបន្ទាប់​ពី​ឥណ្ឌា​ធ្លាប់​បាន​អន់ចិត្ត​ដោយសារ នៅក្រោយ​ពេល​ជាប់ឆ្នោត​ភ្លាម លោក​ដូណាល់ ត្រាំ បាន​និយាយ​ទូរស័ព្ទ​យ៉ាង​កក់ក្តៅ​ជាមួយ​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​ដែល​រដ្ឋាភិបាល​ឥណ្ឌា​ចាត់ទុក​ជា​ជង្រុក សម្បុក​ក្រុមភេរវនិយម។

ប៉ុន្តែ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សេតវិមាន នៅក្នុង​ពេល​និយាយ​ទូរស័ព្ទ ជាមួយ​លោកនាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ដូណាល់ ត្រាំ​បាន​ចាត់ទុក​ឥណ្ឌា​ជា​មិត្ត និង​ដៃគូ​ពិតប្រាកដ របស់​អាមេរិក។ ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ពិភាក្សា​គ្នា​ផងដែរ​ពី​ឱកាស​ដើម្បី​ពង្រឹង​ភាពជាដៃគូ​អាមេរិក និង​ឥណ្ឌា ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ការពារ​ជាតិ។

លោក​ដូណាល់ ត្រាំ ផ្តោត​ចំណាប់អារម្មណ៍​ទៅលើ​ឥណ្ឌា តាំង​ពី​មុន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ម្ល៉េះ។ នៅក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត លោក​ដូណាល់ ត្រាំ ធ្លាប់​ទាំង​បាន​ធ្វើ​សំឡេង​ផ្សព្វផ្សាយ ជា​ភាសា​ហ៊ីនឌី ដើម្បី ទាក់ទាញ​សំឡេង​គាំទ្រ ពី​ជនជាតិ​អាមេរិកាំង ដើមកំណើត​ឥណ្ឌា។

តាម​អ្នកធ្វើអត្ថាធិប្បាយ​ជាច្រើន លោកដូណាល់ ត្រាំ និង​ក្រុមការងារ​របស់​លោក​ ធ្លាប់​បាន​កោតសរសើរ​ជ័យជំនះ​ដ៏ធំធេង​របស់​លោក​ណារិនដ្រា ម៉ូឌី​ដែល​ឈ្នះឆ្នោត ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា នៅ​ឆ្នាំ ២០១៤។ សម្រាប់​ក្រុមលោក​ដូណាល់ ត្រាំ ការជាប់ឆ្នោត​របស់​លោក​ណារិនដ្រា ម៉ូឌី បង្ហាញ​ពី​សំឡេង​បះបោរ​របស់​ប្រជាជន ដែល​ជិនណាយ អស់​ការជឿទុកចិត្ត​លើ​អ្នកនយោបាយ។

ដូចលោក​ម៉ូឌី លោកដូណាល់ ត្រាំ បាន​ទទួល​សំឡេង​គាំទ្រ​ពី​ប្រជាជន ដោយសារ​ជំហរ​នយោបាយ​ជាតិនិយម​របស់​លោក។ ចំណុច​ដូចគ្នា​មួយទៀត គឺ​ប្រមុខ​ដឹក​ឥណ្ឌា និង​អាមេរិក ​តែងតែ​ប្រើ​បណ្តាញ​សង្គម Twitter ជា​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​ខ្លួន។ គេ​អាច​និយាយ​ថា លោកដូណាល់ ត្រាំ និង​លោក​ណារិនដ្រា ម៉ូឌី ជា ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី ទាន់​សម័យ ដែល​បាន​Twitte ផ្ញើសារ​ច្រើន​ជាងគេ ក្នុង​ចំណោម​មេដឹកនាំ​ក្នុង​ពិភពលោក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ