អានតួអត្ថបទ
អ.ស.ប.-អាហ្វហ្កានីស្ថាន

អ.ស.ប.៖​ចំនួន​ជនស៊ីវិល​រងគ្រោះ​មាន​កំណើន​ខ្ពស់​នៅ​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នាំ ២០១៦

នៅ​ថ្ងៃ​ចន្ទ ទី៦ កុម្ភៈ​នេះ បេសកកម្ម​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​​អាហ្វហ្កានីស្ថាន​ហៅកាត់​ថា Manua បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៦​ស្តីពី​ចំនួន​ជនស៊ីវិល​ស្លាប់ និង​របួស​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ របាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ជនស៊ីវិល​អាហ្វហ្កានីស្ថាន​ជាង ១១ ៥០០នាក់​បាន​ស្លាប់ ឬ​របួស​ក្នុង​ឆ្នាំ ២០១៦ កន្លង​ទៅ ក្នុង​នោះ មាន ១ភាគ៣ ជា​កូនក្មេង។

អ.ស.ប.៖​ចំនួន​ជនស៊ីវិល​រងគ្រោះ​មាន​កំណើន​ខ្ពស់​នៅ​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នាំ ២០១៦
អ.ស.ប.៖​ចំនួន​ជនស៊ីវិល​រងគ្រោះ​មាន​កំណើន​ខ្ពស់​នៅ​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នាំ ២០១៦ ROBERTO SCHMIDT / AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ជនស៊ីវិល​រងគ្រោះ​ទាំង ១១ ៤១៨នាក់​ក្នុង​ឆ្នាំ ២០១៦ មាន​ស្លាប់​ចំនួន ៤ ៤៩៨នាក់ និង​របួស​ចំនួន ៧ ៩២០នាក់ ពោល​មាន​ការ​កើន​ឡើង​ចំនួន ៣% បើ​ធៀប​នឹង​ឆ្នាំ ២០១៥។ ដោយឡែក ចំនួន​ជនរងគ្រោះ​ជា​កូនក្មេង​មាន​ជាង ៣ ៥០០នាក់ ពោល​មាន​ការ​កើន​ឡើង​ប្រមាណ​ជា ២៤% បើ​ធៀប​នឹង​ឆ្នាំ ២០១៥ ហើយ​ក្នុង​នោះ មាន​ប្រមាណ​ជា​ពាក់កណ្តាល​បាន​រងគ្រោះ​ដោយ​ជម្លោះ​ប្រដាប់អាវុធ​រវាង​កម្លាំង​រដ្ឋាភិបាល និង​ពួកឧទ្ទាម រួម​ទាំង​ដើរ​ជាន់​គ្រាប់មីន​មិន​ទាន់​ផ្ទុះ​ដែល​ភាគី​ជម្លោះ​បាន​បង្កៃចោល នេះ​បើ​តាម​ការ​បញ្ជាក់​របស់​បេសកកម្ម​ជំនួយ​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​អាហ្វហ្កានីស្ថាន (Manua) ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន។

យោង​តាម​របាយការណ៍​ដដែល កំណើន​ចំនួន​ជនរងគ្រោះ​ក្នុង​ឆ្នាំ ២០១៦ ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​កំណើន​អសន្តិសុខ​នៅ​ទូទាំង​ប្រទេស​អាហ្វហ្កានីស្ថាន ពិសេស​ក្នុង​ខេត្ត​ទាំង ៣៤។ លោកស្រី Danielle Bell នាយិការ​សិទ្ធិមនុស្ស​នៃ Manua បាន​គូសបញ្ជាក់​ពី​កំណើន​ចំនួន​ជនស៊ីវិល​រងគ្រោះ​ដោយ​ការ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ ដោយ​អំពើ​ភេរវកម្ម​អត្តឃាត និង​ដោយ​គ្រាប់ផ្ទុះ​ដែល​បបរបង់​ចោល។ ដោយ​ឡែក ចំនួន​ជនស៊ីវិល​រងគ្រោះ​ក្នុង​ឆ្នាំ ២០១៦ ក៏​បាន​រាប់​បញ្ចូល​ពី​ប្រតិបត្តិការ​ផ្លូវអាកាស​រវាង​កម្លាំង​ទ័ព​រដ្ឋាភិបាល និង​សម្ព័ន្ធមិត្ត​អាមេរិក​ដែល​បាន​សម្លាប់​មនុស្ស ៥៩០នាក់ ក្នុង​នោះ​មាន​ជនស៊ីវិល​ស្លូតត្រង់​ចំនួន ២៥០នាក់។

សូម​ជម្រាប​ជូន​ថា តាំង​ពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ​ដែល​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​បាន​ផ្តល់​តួលេខប្រចាំ​ឆ្នាំ​ស្តីពី​ចំនួន​ស៊ីវិល​អាហ្វហ្កានីស្ថាន​រងគ្រោះ​ដោយសារ​សង្រ្គាមផ្ទៃក្នុង។ គិត​មក​ទល់​ពេល​នេះ ជម្លោះ​ផ្ទៃក្នុង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២៤ ៨៤១នាក់ និង​របួស ៤៥ ៣៤៧នាក់។ តាម Manua ចំនួន​ជនស៊ីវិល​រងគ្រោះ​បាន​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់​ធំៗ​ចំនួន ៥ ក្នុង​ចំណោម​តំបន់​ធំៗ​ទាំង ៨ ពិសេស​នៅ​ប៉ែក​ខាងត្បូង​ដែល​មាន​ជនស៊ីវិល​រងគ្រោះ​ជិត ៣ ០០០នាក់ ក្នុង​នោះ​មាន​ស្លាប់ ១ ០៥៦នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ