អានតួអត្ថបទ

ម៉ាឡេស៊ី​ប្រកាស​​បណ្តេញ​ពលរដ្ឋ​កូរ៉េខាង​ជើង​៥០​នាក់​ចេញ​ពី​ប្រទេស

ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​នេះ បណ្តេញ​ពលរដ្ឋ​កូរ៉េខាង​ជើង​៥០​នាក់​ ដែល​ទិដ្ឋាការ​របស់​ពួក​អស់​សុពលភាព។ ការ​​បណ្តេញចេញនេះ​ជា​ករណី​លើក​លែង បើ​គិត​ដល់​បម្រាម ​របស់​រដ្ឋាភិបាល​​ហាមឃាត់មិន​ឱ្យ​ពលរដ្ឋ​កូរ៉េខាង​ជើង​ចាក​ចេញ​ពី​ម៉ាឡេស៊ី ក្រោយ​ពី​មាន​ហេតុការណ៍​ឃាតកម្ម​សម្លាប់​ គីម ជុងណាម បង​ប្រុស​ម្តាយ​ទីទៃ​របស់​គីមជុងអ៊ុន ប្រមុខ​ដឹកនាំ​កូរ៉េខា​ងជើង នៅ​ក្រុង​គូឡាឡាំពួរ។

ប៉ូលិស​យាម​នៅមុខ​ស្ថានទូត​កូរ៉េខាង​ជើង​ប្រចាំ​ក្រុង​គូឡាឡាំពួរ
ប៉ូលិស​យាម​នៅមុខ​ស្ថានទូត​កូរ៉េខាង​ជើង​ប្រចាំ​ក្រុង​គូឡាឡាំពួរ © Reuters
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​មាន​ហេតុការណ៍​ធ្វើ​ឃាត​លោក​ គីម ជុងណាម នៅ​កណ្តាល​អាកាសយានដ្ឋាន​ក្រុង​គូឡាឡាំពួរ ដោយ​ថ្នាំពុល​គីមី​មក ទំនាក់ទំនងការទូត​​រវាង​ម៉ាឡេស៊ី​និង​កូរ៉េខាង​ជើង បាន​ធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង រហូត​មាន​ការ​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ប្រទេស​ម្ខាងទៀត​ ​ចាក​ចេញ​ទេ។ ប៉ុន្តែ នៅ​ថ្ងៃនេះ ឧបនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន ថា​កម្មករ​កូរ៉េខាង​ជើង ៥០​នាក់ ដែល​ធ្វើការ​នៅ​លើ​កោះ​Borneo នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​ម៉ាឡេស៊ី ក្នុង​ពេល​ឆាប់ៗ​នេះ។

អាជ្ញាធរ​ម៉ាឡេស៊ី មិន​បាន​ផ្តល់​​ហេតុផល​នៃ​សេចក្តី​សម្រេច​ចិត្ត​ផ្ទុយ​អំពី​បម្រាម​របស់​រដ្ឋាភិបាល ដែលហាមឃាត់ កាល​ពី​សប្តាហ៍​មុន ​មិន​ឱ្យ​ពលរដ្ឋ​កូរ៉េខាង​ជើង​​ណា​ម្នាក់​ចាក​ចេញ​ពី​ម៉ាឡេស៊ី​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់​ថា​កម្មករ​ទាំង​នោះ​ផុត​ទិដ្ឋាការ​ គ្មាន​សិទ្ធិ​ធ្វើការ​ទៀត​ទេ។

ព្យុងយ៉ាង​និង​គូឡាឡាំពួរ​ មាន​ទំនាក់​ទំនង​​ល្អ​នឹង​ល្អ​រលូន​នឹង​គ្នា​រហូត​មក​ តែ​តាំង​ពី​ម៉ាឡេស៊ី​បដិសេធ​មិន​ព្រម​ប្រគល់​សាក​សព​គីមជុងណាម​តាម​សំណើ​ ដោយ​សំអាង​ថា​រង់ចាំ​ ​​ផ្ទៀង​ផ្ទាត់​​អាដេអិន​ជា​ផ្លូវការ​សិនមក កូរ៉េខាងជើង​បាន​ច្រឡោត​ខ្លាំង និង​ចោទ​ម៉ាឡេស៊ី​ថា​ចង់​បំផ្លាញ​របប​ព្យុងយ៉ាង។ ភាព​តានតឹង​ក៏​បាន​ឡើង​ប៉ោង​ខ្លាំង ព្យុងយ៉ាង​បង្កើន​ការ​រិះគន់​ឥត​ឈប់​ការ​អង្កេត​របស់​អាជ្ញាធរ​គូឡាឡាំពួរ។ ម៉ាឡេស៊ី​បាន​បណ្តេញ​ឯកអគ្គរដ្ឋ​ទូត​កូរ៉េខាង​ជើង ចេញ​ពី​គូឡាឡាំពួរ ហើយ​ព្យុងយ៉ាង​ក៏​បាន​បណ្តេញ​ឯកអគ្គរដ្ឋ​ទូត​ម៉ាឡេស៊ី​ចេញ​ពី​ប្រទេស​វិញ​ដែរ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ