កងទ័ពជើងទឹកឥណ្ឌូណេស៊ី ហ្វីលីពិននិងម៉ាឡេស៊ី បើកប្រតិបត្តិការល្បាតរួមគ្នាដើម្បីបង្កើនសន្តិសុខនៅក្នុងតំបន់
កងទ័ពជើងទឹកនៃប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិងហ្វីលីពីន បានចាប់ផ្តើមបើកប្រតិបត្តិការល្បាតរួមគ្នានៅថ្ងៃចន្ទ១៩មិថុនាម្សិលមិញដើម្បីប្រឈមទល់នឹងការគំរាមផ្ទួនៗគ្នាពីសំណាក់ក្រុមអ៊ីស្លាមជ្រុលនិយមជីហាតនៃអង្គការរដ្ឋអ៊ីស្លាមនៅក្នុងតំបន់អាស៊ីភូមិភាគអាគ្នេយ៍។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥១
ប្រតិបត្តិការល្បាតរួមគ្នារបស់កងទ័ពជើងទឹកនៃប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិងហ្វីលីពីន បានផ្តើមឡើងនៅខណៈដែលការវាយប្រយុទ្ធគ្នានៅតែបន្តចាប់តាំងពីថ្ងៃទី២៣ឧសភាមករវាងកងទ័ពហ្វីលីពីននិងក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយមនៃអង្គការរដ្ឋអ៊ីស្លាមដែលវាយកាន់កាប់បានទឹកដីមួយផ្នែកនៃក្រុងMarawi នៅលើកោះ Mindanao ភាគខាងត្បូងហ្វីលីពីន។
យោងតាមការបញ្ជាក់អះអាងរបស់ប្រមុខកងទ័ពឥណ្ឌូណេស៊ី ប្រតិបតិ្តការល្បាតរួមគ្នារវាងកងទ័ពជើងទឹកទាំងបីប្រទេសជិតខាងគ្នានេះ ត្រូវបានអន្តរាគមឡើងនៅ ចំឱកាសល្អមួយ បន្ទាប់ពីការបើកប្រតិបត្តិការល្បាតរួមគ្នានៅកោះ Tarakan ដែលស្ថិតនៅក្នុងដែនសមុទ្រឥណ្ឌូណេស៊ី ហើយឥណ្ឌូណេស៊ីក៏ព្យាយាមជានិច្ចរារាំងមិនអោយពួកអ៊ីស្លាមជ្រុលនិយមនៅក្រុង Marawi អាចរត់គេចខ្លួនចេញពីហ្វីលីពីនដើម្បីទៅជ្រកកោននៅក្នុងទឹកដីឥណ្ឌូណេស៊ីបានឡើយ។
ប្រមុខកងទ័ពឥណ្ឌូណេស៊ី បានគូសបញ្ជាក់បន្ថែមទៀតថា “សកម្មភាពចោរប្លន់ផ្ទួនៗគ្នានៅតាមសមុទ្រព្រមទាំងការចាប់ជម្រិតមនុស្សជាញឹកញាប់នៅច្រកសមុទ្រ Sulu បានជះផលប៉ះពាល់យ៉ាងសន្ធឹកសន្ធាប់ណាស់នៅលើបញ្ហាសន្តិសុខក្នុងតំបន់ឆ្នេរសមុទ្ររបស់ប្រទេសជិតខាងទាំងបី។ ដោយមូលហេតុនេះហើយ បានជាឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិងហ្វីលីពីន ចាត់វិធានការរួមគ្នាដើម្បីរៀបចំបង្កើតអោយមានការល្បាតរួមគ្នារបស់កងទ័ពជើងទឹកទាំងបីប្រទេសនេះ។
មិនតែប៉ុណ្ណោះ ប្រទេសទាំងបី ក៏បានរៀបចំដំឡើងផងដែរនូវមជ្ឈមណ្ឌលបញ្ជាការដែនសមុទ្រ ដូចជានៅ Tarkan សម្រាប់ឥណ្ឌូណេស៊ី នៅ Tawau សម្រាប់ម៉ាឡេស៊ីនិងនៅBongao សម្រាប់ហ្វីលីពីន ក្នុងគោលដៅដើម្បីធ្វើការប្រមែប្រមូលព័ត៌មាននិងសម្របសម្រួលការយាមល្បាតតាមដែនសមុទ្រផងដែរ។
គួរបញ្ជាក់ផងដែរថា តាំងពីខែឧសភាឆ្នាំ២០១៦មក ប្រទេសទាំងបីខាងលើ បានយល់ព្រមព្រៀងគ្នាដើម្បីបើកប្រតិបត្តិការល្បាតរូមគ្នានៅតាមដែនសមុទ្រនិងចែករំលែកព័ត៌មានអោយគ្នាទៅវិញទៅមកបន្ទាប់ពីមានការចាប់ជម្រិតជនបរទេសមួយចំនួនដោយក្រុមអ៊ីស្លាម Abu Sayyaf នៅក្នុងតំបន់ Mindanao ។ ក្រុមអ៊ីស្លាម Abu Sayyaf ដែលសន្យាថាពួកគេនឹងមានភក្តីភាពជានិច្ចចំពោះអង្គការរដ្ឋអ៊ីស្លាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ