អានតួអត្ថបទ
ចិន​

ចិន​​ដោះលែង​​សកម្មជន​​សិទ្ធិមនុស្ស​​​Xu Zhiyong​​

អាជ្ញាធរ​ចិន​បាន​ដោះលែង​​​​​​សកម្មជនសិទ្ធិមនុស្ស ​Xu Zhiyong ស្ហ៊ូ ជីយុង ​ពី​ពន្ធនាគារ​នៅថ្ងៃសៅរ៍​១៥កក្កដានេះ ក្រោយ​បាន​ឃុំ​រូបលោក​អស់​រយៈ​ពេល​៤ឆ្នាំមក។ មេធាវី​របស់​លោក Xu បានប្រាប់​ថា លោក​ Xu មានសុខភាពល្អ​ជាទេ ហើយ​លោក​បាន​ដឹងថា​ ​សកម្មជន​ប្រឆាំង​ លីវ ស៊ាវប៉ូ បាន​ទទួល​មរណភាព។ ​​​

លោក Xu Zhiyong
លោក Xu Zhiyong RFI/Stéphane Lagarde
ផ្សាយពាណិជ្ជកម្ម

សកម្មជន​សិទ្ធិមនុស្ស​ចិន Xu Zhiyong ត្រូវបាន​ចិន​ចាប់ខ្លួន​ កាលពី​ឆ្នាំ២០១៣ និង​ដាក់ទោស​លោក​ពីបទប្រមូល​ផ្តុំមនុស្ស ​ធ្វើអោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។​ ​​ក្រោយ​​ឃុំលោក​​Xu Zhiyong ​អស់​៤ឆ្នាំមក ចិន​បាន​​ដោះលែង​លោក អោយ​មាន​សេរីភាព​ឡើងវិញ នៅ​ថ្ងៃសៅរ៍​សប្តាហ៍នេះ។

លោក​ Xu Zhiyong ជា​សាស្ត្រាចារ្យ​ច្បាប់ នៅ​សកលវិទ្យាល័យ​ក្រុងប៉េកាំង។ លោក​​​ជា​សកម្មជន​នៃ​ចលនាប្រឆាំង​អំពើ​ពុករលួយ​នៅ​ចិន។ ចលនា​នេះ​មានឈ្មោះថា “ពលរដ្ឋថ្មី” ជា​ចលនា​ទាមទារ​អោយ​បណ្តា​ថ្នាក់ដឺកនាំ​ប្រទេស​ បង្ហាញតម្លាភាព បង្ហាញ​​​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​​ជា​សាធារណៈ។ ដូច្នេះ គឺ​ស្របតាម​នយោបាយ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាលចិន។ គេស្គាល់​លោក​ Xu Zhiyong ច្បាស់ នៅ​ចិន ចាប់​ពី​ឆ្នាំ​២០០៣មក។ ​កាលនោះ​ លោក​ Xu បាន​ធ្វើសកម្មភាព​​ជួយ​អ្នកដែល​រងគ្រោះ​ដោយសារ​​​​ពុល​​​​ផលិតផល​​​ទឹកដោះ​​​ និង​ជួយ​ជនអន្តោប្រវេសន៍​ដែល​មិនអាច​ទទួល​បាន​សិទ្ធិ​រៀនសូត្រ រឺ​​សិទ្ធិ​ព្យាបាល​ជំងឹ។​

កាលពី​ឆ្នាំ២០១៤ លោក​ Xu បាន​បដិសេធ​​មិន​​ការពារខ្លួន ក្នុង​សវនាការ​។ បើ​យោងតា​ម​មេធាវី​ លោក​ចង់​​បរិហារពី​​និតិវិធី​ច្បាប់ ដែល​ស្ថិត​ក្រោម​​ការ​ត្រួតពិនិត្យ​ ​បរិហារ​​សាលក្រម​​តុលាការ​ដែល​គេគិតថា អាច​ត្រូវបាន​រៀបចំ​ទុក​មុន​រួចជា​ស្រេចទៅហើយ។​ សកម្មជន​គាំទ្រ​លោក​ Xu Zhiyong ប្រាប់ថា ពួកគេ​មិនអាច​ចូលទៅ​អគារ​ដែល​លោក​ Xu Zhiyong ស្នាក់នៅ​ទេ ដោយសារ​​នៅទីនោះ ​​មាន​អ្នកយាមសន្តិសុខ​​ និង​មនុស្ស​ស្លៀកពាក់​​ស៊ីវិល​មួយចំនួន ហាមឃាត់​ពួកគេ។ អាជ្ញាធរ​​ចិន​តែង​បន្តឃ្លាំមើល​សកម្មជន​​ប្រឆាំង​ល្បីៗ ដែល​ខ្លួនបាន​ដោះលែង​អោយ​មានសេរីភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ