អានតួអត្ថបទ

ចិន​ប្រកាស​​ដោះលែង​ភរិយា​លោក លីវ ស៊ាវប៉ូ

ពិធី​បូជា​សព​លោក លីវ ស៊ាវប៉ូ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព ប្រព្រឹត្ត​ទៅ​​​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​ស្ងប់ស្ងាត់ និង​ឆ្ងាយ​ពី​ភ្នែក​ច្រមុះអ្នក​សារព័ត៌មាន​។ ចំណែក​​លោកស្រី លីវ ស្យ៉ា ជា​ភរិយា ដែល​ជាប់​ឃុំឃាំង​​ក្នុង​គេហដ្ឋាន​ដំនាល​គ្នា​នឹង​លោក​លីវស៊ាវប៉ូជា​ស្វាមី​ដែរ បាន​ទទួល​សេរីភាព​ហើយ​នៅ​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​សារព័ត៌មាន​ផ្លូវការ​ចិន។

លោកស្រី Liu Xia ភរិយា​សពលីវ ស៊ាវប៉ូ ក្នុង​ពិធីបុណ្យ​សព​ស្វាមី​នៅ​ Shenyang
លោកស្រី Liu Xia ភរិយា​សពលីវ ស៊ាវប៉ូ ក្នុង​ពិធីបុណ្យ​សព​ស្វាមី​នៅ​ Shenyang © Reuters
ផ្សាយពាណិជ្ជកម្ម

​ពិធី​បូជា​សព​លោក លីវស៊ាវប៉ូ ត្រូវ​បាន​ផ្សព្វផ្សាយដោយ​អាជ្ញាធរ ៖ បង្ហាញ​រូប​លោកស្រី លីវ ស្យ៉ា ពាក់​វែន​តា​ខ្មៅ ទឹកមុខ​ក្រៀមក្រំ​ នៅ​ចំពោះ​មុខ​សព​លោក លីវ ស៊ាវប៉ូ​ជា​ស្វាមី រូប​ថត​សមាជិក​ក្រុមគ្រួសារអោន​គោរព​សព​និង​ដាក់​ផ្កា​ជា​ការ​គោរព​លា ... ពិធី​បុណ្យសព​​ តាម​សំណើ​របស់​គ្រួសារ​សព និង​​តាមប្រពៃណីចិន​ភាគខាងជើង (បូជាបី​ថ្ងៃ​ក្រោយ​ស្លាប់) បាន​ចប់​សព្វគ្រប់ហើយ​ ! ធាតុ​របស់​លោក លីវ ស៊ាវប៉ូ ក៏​បាន​ប្រគល់​​ទៅ​ឱ្យ​លោកស្រីលីវ​ ស្យ៉ា ជាភរិយា​ដែរ ! ធាតុ​ដែល​នឹង​ត្រូវ​បាច​ចោល​នៅ​សមុទ្ទ។ នេះ​ជា​សេចក្តីប្រកាស​​របស់​អាជ្ញាធរ​តំបន់ ក្នុង​​សន្និសីទកាសែត ដោយ​បាន​ច្រាន​ចោល​រាល់​គំនិត​រិះគន់​ទាំង​ឡាយ​ដែល​ថា​ អាជ្ញាធរ​ប្រញាប់​បូជា​សព​លោក​ លីវ ស៊ាវប៉ូពេក។

​​អាជ្ញាធរ​ស្រុក បាន​អះអាងដែរ​ថាចាប់​ពេល​នេះ​ទៅ លោកស្រី លីវ ស្យ៉ា បាន​ទទួល​សេរីភាព​ហើយ គ្រាន់​តែ​ថា​​ក្នុង​ពេល​កាន់​ទុក្ខ​ស្វាមី​​នេះ លោកស្រី​ លីវ ស្យ៉ា មាន​សំណូមពរ​មួយ​គឺ​ មិន​សូវ​ចង់​ទទួល​ភ្ញៀវ​ទេ។ តើ​លោកស្រី​បាន​ទទួល​សេរីភាព​បែបណា ? ​​ពុំ​មាន​អ្វី​បញ្ជាក់​ទេ​ត្រង់​ចំណុច​នេះឡើយ ! លោក ចង់ កាំងយ៉ាង បាន​ប្រាប់​ថា​នឹង​ផ្តល់​ព័ត៌មាន​ទៅ​តាមកាល។

ជា​កវី​តែង​កំណាព្យ និង​ជាង​ថត​រូប លោកស្រី លីវ ស្យ៉ា ​ភរិយា​សព​លីវ ស៊ាវប៉ូ បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​មក​នៅ​ថែ​ទាំង​ក្បែរ​ស្វាមី នៅ​មន្ទីរ​ពេទ្យ​​រហូត​ដល់​ផុត​ដង្ហើម តែ​មិន​អាច​ទាក់ទង​ជាមួយ​ពិភព​ខាង​ក្រៅ​បាន​ទេ។ ពី​មុន​មក លោកស្រី​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​ជួប​ប្តីម្តង​ម្កាល​នៅ​ពន្ធនាគារ។ គ្មាន​ទទួល​បាន​ការ​កាត់​ទោស ឬ​ជាប់​ចោទ​អ្វី​ទាំង​អស់​ ប៉ុន្តែ​លោកស្រី​ លីវ ស្យ៉ា បាន​ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋាន តាំង​ពី​​ឆ្នាំ​២០១០​មក ពោលគឺ​តាំង​ពី​លោក​ លីវ ស៊ាវប៉ូ បាន​ជាប់​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​។

ក្រោយ​មរណភាព​របស់​លោក លីវ ស៊ាវប៉ូ គ្រប់​ចក្ខុ​កំពុង​សំឡឹង​រេ​ទៅ​លោកស្រី​លីវ ស្យ៉ា​នេះ។ សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​សហភាព​អឺរ៉ុប​​បាន​អំពាវនាវ​ឱ្យ​ប៉េកាំង​ដោះលែង​​លោកស្រី​ និង​អោយ​លោកស្រី​ចាកចេញ​ពី​ទឹក​ដី​ប្រសិន​បើ​គាត់​ចង់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ