អានតួអត្ថបទ
ចិន-កូរ៉េខាងជើង

រដ្ឋមន្ត្រី​​ការបរទេស​​ចិន​​និង​​​កូរ៉េខាងជើង​ ពិភាក្សា​គ្នា​​ ​នៅ​​ហ្វីលីពីន​

ក្រោយ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្តីសម្រេច​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ថ្ងៃអាទិត្យ​នេះ រដ្ឋមន្ត្រី​ការបរទេស​ចិន​ វ៉ាង យី បានជួប​ជជែកគ្នាជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង ​រី យ៉ុងហូ នៅ​ទីក្រុង​ម៉ានីល។​ លោក​វ៉ាង​បានស្នើ​អោយ​កូរ៉េខាងជើង​ធ្វើការ​សម្រេចចិត្ត​ប្រកប​ដោយភាពឆ្លាតវៃ។​

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក​វ៉ាង យី (ស្តាំ) ចាប់ដៃគ្នា​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង លោក រី យ៉ុងហូ
រដ្ឋមន្ត្រី​ការបរទេស​ចិន លោក​វ៉ាង យី (ស្តាំ) ចាប់ដៃគ្នា​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង លោក រី យ៉ុងហូ Reuters
ផ្សាយពាណិជ្ជកម្ម

ម្សិលមិញ គ្រប់សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​មា​ន ទាំងចិន​ និង​រុស្ស៊ី​ដែរនោះ​ ​​បានមូលមតិ​គ្នា​បោះឆ្នោតអនុម័ត​តាម​សំណើ​អាមរិក បន្ថែមទណ្ឌកម្ម​លើ​កូរ៉េខាងជើង កាត់ផ្តាច់​ចំណូល​១ពាន់លានដុល្លារ ដែល​ក្រុងព្យុងយ៉ាង​បាន​ពីការនាំចេញ។​ ថ្ងៃអាទិត្យនេះ នៅទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ ​​ក្នុង​ឱកាសវេទិកា​តំបន់អាស៊ាន ​​រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង​ យី បានជួប​​​រដ្ឋមន្ត្រី​ការបរទេស ​កូរ៉េខាងជើង​ គឺ ​លោក​ រី យ៉ុងហូ ពិភាក្សា​គ្នា​​ពី​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ។ ចិនបាន​ស្នើ​អោយ​កូរ៉េខាងជើង​ធ្វើការ​សម្រេចចិត្តប្រកប​ដោយ​​​ភាព​ឆ្លាតវៃ។​

​រដ្ឋមន្ត្រីការបរទេស​ចិន​​​​គូសបញ្ជាក់​ឡើងវិញ​ថា ទណ្ឌកម្មអង្គការ​សហប្រជាជាតិ​ដាក់បន្ថែម​លើ​កូរ៉េខាងជើង ​​មិនមែន​​ជា​ទិសដៅដែល​គេចង់បាន​ទេ ការចរចាពិភាក្សាគ្នា ទើប​ជា​ដំណោះស្រាយ​ពិតប្រាកដ។ គួររំលឹក​ដែរថា ទណ្ឌកម្ម​ថ្មីៗ ដែល​អង្គការ​សហប្រជាជាតិ​អនុម័ត​ប្រឆាំង​កូរ៉េខាងជើង​ម្សិលមិញនេះ ក៏​ដើម្បី​ជំរុញ​អោយ​កូរ៉េខាងជើង​ចូលតុ​ចរចា​​​ដែរ។ ​​ចិន​​​បាន​អំពាវនាវ​អោយ​មាន​ការចរចា​៦ប្រទេស​ឡើងវិញ ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នេះ។ ជា​ការចរចា​ដែល​មាន​ភាគីកូរ៉េខាងជើង និង​កូរ៉េខាងត្បូង ចិន អាមេរិក រុស្ស៊ី និង​ជប៉ុន។ ការចរចា​៦ប្រទេស​នេះ ជាប់គាំង​ច្រើនឆ្នាំ​មកហើយ។ ​

វេទិកា​តំបន់អាស៊ាន​​នៅទីក្រុង​ម៉ានីល​​ ​ដែល​មា​នវត្តមាន​​រដ្ឋមន្ត្រី​ការបរទេស​២៧ប្រទេស ក៏មាន​វត្តមាន​របស់​ភាគីចរចា​ទាំង​៦ប្រទេស​នេះដែរ។ ហើយ​វេទិកា​អាស៊ាន​ក៏​​​និយាយ​ពី​បញ្ហា​កូរ៉េខាងជើង​ដែរ។ រដ្ឋមន្ត្រី​ការបរទេស​ចិន​​សង្ឃឹមថា គ្រប់ភាគី​ដែល​ជាប់ពាក់ព័ន្ធ​ នឹង​ពិនិត្យ​អោយ​ហ្មត់ចត់​នូវសំណើ​របស់​ចិន ជាសំណើ​តំរូវ​អោយ​កូរ៉េខាងជើង​ព្យួរ​ការសាកល្បង​នុយក្លេអ៊ែរ​និង​មីស៊ីល ហើយ​ជាថ្នូរ​មកវិញ កូរ៉េខាងត្បូង​និង​អាមេរិក ត្រូវ​ផ្អាក​សមយុទ្ធ​យោធា​រួមគ្នាដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ