អានតួអត្ថបទ
កូរ៉េ​​ខាង​​ជើង​-កាណាដា

កូរ៉េ​ខាង​ជើង​​ដោះលែង​គ្រូ​គង្វាល​គ្រឹស្តសាសនា​សញ្ជាតិ​កាណាដា​មួយ​រូប​ដោយ​យោង​ទៅ​លើ​មូលហេតុ​សុខភាព​

កូរ៉េ​ខាង​ជើង ទើប​ដោះ​លែងអ្នកទោស​មួយរូប​ដែលជា​គ្រូ​​គង្វាល​​គ្រឹស្តសាសនា​​និង​មាន​សញ្ជាតិ​​កាណាដា​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ដោយ​មូលហេតុ​សុខភាព។ គ្រូគង្វាល​គ្រឹស្តសាសនា​រូប​នេះ ត្រូវ​បាន​របប​កុម្មុយនិស្ត ចាប់​ខ្លួន​និង​ដាក់ឃុំឃាំងក្នុង​ពន្ធនាគារ​តាំងពីឆ្នាំ​២០១៥ ​ដោយ​ចាប់បង្ខំ​ឲ្យ​​ធ្វើការងារ​ជា​ទម្ងន់​អស់​មួយ​ជីវិត ​ពី​បទ​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​​របប​ព្យុងយ៉ាងនិង​សំអុយកេរ្តិ៍ឈ្មោះ​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង។​

គ្រូ​គង្វាល​កាណាដា​កើត​នៅ​កូរ៉េ​ខាងត្បូង​​ ឈ្មោះ Hyeon Soo Lim បាន​ឈរ​នៅ​​អំឡុង​ពេល​នៃការជំនុំជម្រះក្តី​របស់​លោក​នៅ​កូរ៉េ​ខាងជើង​
គ្រូ​គង្វាល​កាណាដា​កើត​នៅ​កូរ៉េ​ខាងត្បូង​​ ឈ្មោះ Hyeon Soo Lim បាន​ឈរ​នៅ​​អំឡុង​ពេល​នៃការជំនុំជម្រះក្តី​របស់​លោក​នៅ​កូរ៉េ​ខាងជើង​ File Photo via REUTERS
ផ្សាយពាណិជ្ជកម្ម

លោក ហេអ៊ុន សូអូ លីម​(Hyeon Soo Lim )​អាយុ​៦១​ឆ្នាំ បន្ទាប់ពី​ត្រូវ​បាន​​របប​ព្យុងយ៉ាង​​ចាប់​ខ្លួន​និង​ដាក់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​តាំង​ពីឆ្នាំ​​២០១៥​មក ​ទើប​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ខាង​ជើង​ ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ដោយ​មួលហេតុ​សុខភាព-​នេះបើយោងតាម​ទីភ្នាក់ងារព័ត៌មាន​​ផ្លូវការ​កូរ៉េ​ខាង​ជើង​KCNA​។ ជាការជូនដំណឹងមួយ​ដែល​ធ្វើឡើង​​នៅ​ចំ​ពេល​ដែល​គណៈប្រតិភូ​រដ្ឋាភិបាល​កាណាដា កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​លើក​ឡើង​ពី​ករណី​របស់​គ្រូ​គង្វាល​សញ្ជាតិ​កាណាដា​នេះ។​

របប​ព្យុងយ៉ាង​បាន​ចាប់​ខ្លួន​លោក លីម ពីបទ​ចោទ​ប្រកាន់​ធ្វើ​សកម្មភាព​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​កូរ៉េ​ខាង​ជើង​តែ​អាជ្ញាធរ​កាណាដា បដិសេធ​យ៉ាង​ដាច់​អហង្កា។

រីឯ​​​​របប​ព្យុងយ៉ាងវិញ​ នៅតែ​អះអាង​ថា​លោក​គ្រូ​គង្វាល​នេះ បាន​ទទួល​ស្គាល់​រាល់​ការ​ចោទ​ប្រកាន់​​ប្រឆាំង​​នឹង​​​រូប​គាត់ រួម​ទាំង​ការ​បង្ខូច​សំអុយ​កេរ្តិ៍​ឈ្មោះ​យ៉ាង​អាសោច​ដល់​ប្រព័ន្ធ​កូរ៉េខាងជើង​និង​រូប​លោក​​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ផង។

លោក​គ្រូ​គង្វាល​សញ្ជាតិ​កាណាដា​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រូ​ផ្សព្វផ្សាយ​សាសនា​គ្រឹស្ត​មួយ​​ដ៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ជាង​គេ​នៅ​កូរ៉េខាង​ជើង​និង​ធ្លាប់​ធ្វើ​ដំណើរ​មក​ទស្សនា​នៅ​កូរ៉េ​ខាង​ជើង​នេះ​ រាប់សិប​ដង​មកហើយ​ដើម្បី​ការងារ​​​គាត់​ផង​​នៅ​មជ្ឈមណ្ឌល​​កុមារ​កំព្រា​និង​មន្ទីរពេទ្យ។​ ក៏ប៉ុន្តែ ​គម្រោងការណ៍​មួយ​ចំនួន ​ដែល​លោក​បាន​ចូល​រូម​នោះ ជាអាទិ៍​រោងចក្រ​ធ្វើ​ម្សៅ​និង​ត្បាល់កិន មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​សមាជិក​របស់​លោក Jang Song-Thaek ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​គឺម ជុងអ៊ុន​និង​​​ដែល​​ត្រូវ​​បាន​របប​ព្យុងយ៉ាង​ចាប់​ខ្លួន​និង​ប្រហារជីវិត​​នៅ​​ខែ​ធ្នូ​ឆ្នាំ​២០១៣​​ពី​បទ​ក្បថ​ជាតិ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ