ជនជាតិភាគតិច រ៉ូហីងយ៉ាយ៉ាងតិច ៥០០នាក់ បានភៀសខ្លួនចេញពីអំពើហិង្សានៅភាគខាងលិចភូមា
ជនជាតិភាគតិចរ៉ូហីងយ៉ាដែលកាន់សាសនាម៉ូស្លីមនៅភូមាចំនួនយ៉ាងតិច៥០០នាក់ បាននាំគ្នារត់ភៀសខ្លួនជាថ្មីទៀតចូលទៅកាន់ប្រទេសបឹងក្លាដែសក្នុងអំឡុង២ឬ៣ថ្ងៃចុងក្រោយនេះ ដើម្បីគេចវិះពីអំពើហិង្សានៅភាគខាងលិចភូមា-នេះជាការជូនដំណឹងរបស់អ្នកទទួលខុសត្រូវរបស់សហគមន៍ជនជាតិភាគតិចរ៉ូហីងយ៉ានៅថ្ងៃពុធម្សិលមិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៩
តាំងពីខែតុលាឆ្នាំ ២០១៦មកម៉្លេះ កងទ័ពភូមា បានបើកប្រតិបត្តិការវាយលុកដ៏ខ្លាំងក្លាដែលអ.ស.ប.ចាត់ទុកថា ជានយោបាយគម្រាមនិងបំភ័យនៅរដ្ឋ Rakhine ភាគខាងលិចប្រទេសភូមា ដើម្បីប្រឆាំងទល់នឹងសហគមន៍រ៉ូហ៊ីងយ៉ា ដែលសង្គមភូមាពុំរាប់រកឡើយនៅក្នុងប្រទេស។
ប្រតិបត្តិការគម្រាមបំភ័យរបស់កងទ័ពភូមានេះ បានជម្រុញអោយសហគមន៍ជនជាតិភាគតិចរ៉ូហីងយ៉ាចំនួន ៧ម៉ឺននាក់នាំ គ្នារត់ភៀសខ្លួននៅចុងឆ្នាំ ២០១៦ ឆ្ពោះទៅកាន់ប្រទេសបឹងក្លាដែស ដោយបានពាំនាំនូវរឿងរ៉ាវជាច្រើនស្តីពីការរំលោភបំពានរបស់កងទ័ពភូមាយ៉ាងអមនុស្សធម៌ ទៅលើប្រជាជនរ៉ូហីងយ៉ា ដូចជាការចាប់រំលោភទាំងហ្វូងលើរូបស្រ្តី រ៉ូហឹងយ៉ា ការកាប់សម្លាប់និងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃជាដើម។
ជនរ៉ូហីងយ៉ាមួយរូបឈ្មោះ Abu Toyyob ដែលក្នុងគ្រួសាររបស់គាត់ មានសមាជិក ៧នាក់ នៅពេលរត់ភៀសខ្លួនរួច ពីការកាប់សម្លាប់របស់កងទ័ពភូមា នៅពេលចូលទៅដល់បឹងក្លាដែស បានរៀបរាប់ប្រាប់ថា ផ្ទះសម្បែងរបស់គាត់ត្រូវទាហានភូមា ធ្វើការបំផ្លេចបំផ្លាញអស់គ្មានសល់និង ធ្វើការចាប់ខ្លួនយុវជនរ៉ូហ៊ីងយ៉ា។
នៅក្នុងផ្ទះ ទាហានភូមា បានហៅសួរប្អូនប្រុសពៅរបស់គាត់ដើម្បីសួរដេញដោលនិងបានទាត់កូនប្រុសគាត់ដែលទើបមានអាយុ២ឆ្នំាដោយស្បែកជើងកវែង។
ម្យ៉ាងទៀត សម្បីតែនៅមុនពេលនៃការចាប់ផ្តើមវាយលុកជាថ្មីនេះ ទីក្រុង Dacca ប្រទេសបឹងក្លាដែសធ្លាប់ បានទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួនជាង៤សែននាក់មកហើយ ដែលបានរត់ទៅជ្រកកោន នៅលើទឹកដីបឹងក្លាដែសនិងជាទូទៅ បានរស់នៅក្នុងស្ថានភាពលំបាកនៅក្នុងជំរំជនភៀសខ្លួនដ៏ស្មោគគ្រោក។
នៅក្នុងបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ានេះ អ.ស.ប. បានវាយតម្លៃថា ជនរ៉ូហ៊ីងយ៉ាចំនួនរាប់រយនាក់ ប្រហែលជាត្រូវបានគេកាប់សម្លាប់ក្នុងរយៈពេល២ឬ៣ខែប៉ុណ្ណោះនាអំឡុងពេលនៃការធ្វើទុក្ខបុកម្នេញជាយូរលង់មកហើយ ។ គួររំលឹកថា សហគមន៍ រ៉ូហ៊ីងយ៉ា ដែលត្រូវបានសង្គមភូមា ចាត់ទុកជាជនបរទេស និងមិនរាប់រកនោះ ពីព្រោះតែសហគមន៍រ៉ូហ៊ីងយ៉ាជាអ្នកកាន់សាសនាម៉ូស្លីម រីឯ ពីព្រោះប្រជាជនភូមាវិញ ៩០% ជាអ្នកកាន់ព្រះពុទ្ធសាសនា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ