អានតួអត្ថបទ
ចិន-សេដ្ឋកិច្ច

លោកលី ខឺជាំង៖​ចិន​ការពារ​ជា​ថ្មី​លើ​ការ​ដោះដូរ​ពាណិជ្ជកម្ម និង​ការ​ប្រកួតប្រជែង​ដោយ​សេរី

នៅ​ក្នុង​ប្រទេស​ចិន លោក​នាយករដ្ឋមន្រ្តី​លី ខឺជាំង​បាន​អះអាង​ជា​ថ្មី​ថា ប្រឈម​មុខ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ផុយស្រួច​ក្នុង​លោក ការ​ដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី​ជា​យន្តការ ឬ​ថា​ជា​មូលដ្ឋាន​ចាំ​បាច់​មួយ​មិន​អាច​ខ្វះ​បាន និង​ថា ចិន​សន្យា​នឹង​បើក​ចំហ​ទីផ្សារ​បន្ថែម​ឲ្យ​ដល់​ក្រុមហ៊ុន​បរទេស​ដោយ​បង្កើត​ឲ្យ​បរិយាកាស​នៃ​ការ​ប្រកួតប្រជែង​ស្មើភាព។ លោក​លី ខឺជាំង​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ចំនួន ៦ ក្នុង​ទីក្រុង​ប៉េកាំង។

លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង និង​​លោកស្រី​គ្រីស្ទីន ឡាហ្កាដ អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ
លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង និង​​លោកស្រី​គ្រីស្ទីន ឡាហ្កាដ អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ឆ្នាំ​ទី ២ ដែល​ចិន​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ស្ថាប័ន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ចំនួន ៦ ដែល​ក្នុង​នោះ​មាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារ​ពិភពលោក ឬ​មួយ​ក៏​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ជជែក​ពី​នយោបាយ​សេដ្ឋកិច្ច​របស់​ចិន​ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក។ នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​ស្ថាប័ន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ទាំង ៦ លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង​បាន​ចេញ​មុខ​ការពារ​ជា​ថ្មី​នូវ​នយោបាយ​ដោះដូរ​ពាណិជ្ជកម្ម​សេរី និង​កំណែទម្រង់​រចនាសម្ព័ន្ធ​ដូច​ដែល​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​ថ្លែង​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស​នា​ដើម​ឆ្នាំ ២០១៧។

លោក​លី ខឺជាំង​បាន​ទទួល​ស្គាល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ងើប​ឡើង​វិញ តែ​នៅ​មាន​លក្ខណៈ​ផុយស្រួច។ សម្រាប់​លោក​ប្រមុខ​រដ្ឋាភិបាល​ចិន ការ​ដោះដូរ​សេរី​ជា​យន្តការ​ចាំ​បាច់​មួយ​មិន​អាច​ខ្វះ​បាន​ដើម្បី​ជំនះ​លើ​គ្រប់​ការ​លំបាក​ទាំង​ឡាយ និង​ចូលរួម​ជួយ​ជ្រោមជ្រែង​លើក​ស្ទួយ​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ចិន​ឲ្យ​ផ្តល់​ជម្រើស​កាន់​តែ​ច្រើន​សម្រាប់​អតិជន។ ប្រតិកម្ម​របស់​លោក​លី ខឺជាំង​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ចិន​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​យ៉ាង​ខ្លាំង​ពី​អាមេរិក និង​អឺរ៉ុប​ក្នុង​បទ​អនុវត្ត​នយោបាយ​ពាណិជ្ជកម្ម​មិន​ស្មើភាព​ជាមួយ​ក្រុមហ៊ុន​បរទេស ឬ​មួយ​ក៏​លូកដៃ​នៅ​ក្នុង​នយោបាយ​រូបិយវត្ថុ​ក្នុង​គោលដៅ​ជួយ​លើក​ស្ទួយ​វិស័យ​នាំ​ចេញ។

ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក​លី ខឺជាំង​បាន​សន្យា​បន្ត​បើក​ទ្វារ​ទទួល​អ្នកវិនិយោគ​បរទេស​ដោយ​បង្កើត​ឲ្យ​មាន​បរិយាកាស​នៃ​ការ​ដោះដូរ និង​ការ​ប្រកួតប្រជែង​ដោយ​សេរី និង​ថា ចិន​គ្មាន​បំណង​លូកដៃ​ចូល​អន្តរាគមន៍​លើ​ប្រាក់យ័ន​ដើម្បី​ជួយ​ជំរុញ​លើ​វិស័យ​នាំ​ចេញ​នោះ​ទេ។ ចំណែក​លោកស្រី​គ្រីស្ទីន ឡាហ្កាដ អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្រមាន​ពី​កំណើន​ហានិភ័យ​ក្នុង​រយៈពេល​ខ្លី​កើត​ចេញ​ពី​កំណើន​ប្រាក់បំណុល​រដ្ឋ និង​ឯកជន​នៅ​ចិន​ដែល​មាន​ជាង ២៦០% នៃ​ផលិផល​សរុប​ក្នុង​ស្រុក។

តែ​លោក​លី ខឺជាំង​បាន​ចេញ​មុខ​អះអាង​ថា ចិន​បាន​ទទួល​ស្គាល់​ពី​ហានិភ័យ​ជា​យថាហេតុ តែ​រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទប់ទល់ និង​ថា ចិន​នឹង​បន្ត​អនុវត្ត​នយោបាយ​កំណែទម្រង់​មួយ​ដើម្បី​ប្តូរ​ពី​គំរូសេដ្ឋកិច្ច​ដែល​ពឹង​លើ​ការ​នាំ​ចេញ​ទៅ​ជា​គំរូ​សេដ្ឋកិច្ច​ដែល​ពឹង​លើ​សេវា និង​ការ​ចំណាយ​របស់​ពលរដ្ឋ​ចិន។ សូម​ជម្រាប​ជូន​ថា​នៅ​ក្នុង​នយោបាយ​កំណែទម្រង់​ថ្មី​នេះ ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​យ៉ាង​ច្រើន​ឲ្យ​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ