អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

នៅ​ឧបទ្វីបកូរ៉េ ក្រុងសេអ៊ូល​ចង់​ឲ្យ​ក្រុង​ព្យុងយ៉ាង​រៀបចំ​ឡើងវិញ​នូវ​ជំនួប​រវាង​ក្រុមគ្រួសារ​ដែល​ព្រាត់ប្រាស​គ្នា​

នៅ​ឧបទ្វីប​កូរ៉េ ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង និង​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​គ្រោង​នឹង​ជួប​ចរចា​គ្នា​នៅ​ថ្ងៃ​អង្គារ ទី៩ មករា។ គម្រោង​ជំនួប​នេះ​នឹង​រៀបចំ​នៅ ស្រុក​ជាប់ព្រំដែន Panmunjom ដើម្បី​ជជែក​គ្នា​លើ​ប្រធានបទ​នៃ​ការ​ចូលរួម​របស់​ក្រុម​កីឡាករ​កូរ៉េខាងជើង​នៅ​ក្នុង​ល្បែងកីឡាអូឡាំពិក​រដូវត្រជាក់​នា​ខែ​កុម្ភៈ​រៀបចំ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ តែ​នៅ​ថ្ងៃ​ចន្ទ ទី៨ មករា​នេះ ក្រុង​សេអ៊ូល​បាន​ថ្លែង​ពី​ការ​ចង់​ឆ្លៀត​លើក​យក​ប្រធានបទ​ផ្សេង​ទៀត​ទៅ​ជជែក​នៅ​ក្នុង​ជំនួប​ដ៏​ពិសេស​នោះ។

លោក Cho Myoung-Gyon រដ្ឋមន្រ្តី​​កូរ៉េខាងត្បូង​ទទួល​​បន្ទុក​បង្រួបបង្រួម​កូរ៉េ ថ្ងៃទី៨ មករា ២០១៨
លោក Cho Myoung-Gyon រដ្ឋមន្រ្តី​​កូរ៉េខាងត្បូង​ទទួល​​បន្ទុក​បង្រួបបង្រួម​កូរ៉េ ថ្ងៃទី៨ មករា ២០១៨ JUNG Yeon-Je / AFP
ផ្សាយពាណិជ្ជកម្ម

ប្រធានបទ​ផ្សេង​ទៀត​ដែល​ភាគី​កូរ៉េខាងត្បូង​ចង់​ដាក់​បញ្ចូល​បន្ថែម​នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​ដ៏​ពិសេស​នោះ​មាន​ពីរ ទី១ រៀបចំ​ឲ្យ​មាន​ឡើង​វិញ​នូវ​ការ​ជួបជុំ​រវាង​ក្រុម​គ្រួសារ​កូរ៉េ​ដែល​បាន​ព្រាត់ប្រាស​គ្នា​នៅ​ក្រោយ​សង្រ្គាម​កូរ៉េ និង​ទី២ វិធានការ​ផ្សេងៗ​ដែល​អាច​ចូលរួម​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ផ្លូវ​យោធា។ គួរ​រម្លឹក​ជូន​ថា ក្រៅ​ពី​បាន​ពុះ​ចែក​ទឹកដី​កូរ៉េ​ជា​ពីរ សង្រ្គាម​កូរ៉េ​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣ ក៏​បាន​ធ្វើ​ឲ្យ​គ្រួសារ​កូរ៉េ​រាប់សិបលាននាក់​បែកបាក់ ព្រាត់ប្រាស់​គ្នា​ដែរ ដូច​យ៉ាង​ប្តី ប្រពន្ធ​បែក​គ្នា ឱពុក ម្តាយ​ព្រាត់ប្រាស់​កូន ឬ​មួយ​ក៏​បងប្អូន​ជិត ឆ្ងាយ​បាត់ដំណឹង​សូន្យ​ឈឹង​រវាង​គ្នា​ជា​ដើម។

អ្វី​ជា​ការ​កត់សម្គាល់ ជាង​កន្លះ​សតវត្ស​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​កូរ៉េ​ក្នុង​ឆ្នាំ ១៩៥៣ មាន​ក្រុមគ្រួសារ​កូរ៉េ​ភាគ​ច្រើន​បាន​ស្លាប់​បាត់​អស់​ដោយ​មូលហេតុ​ផ្សេងៗ និង​ដោយ​មិន​បាន​ជួប​មុខ​គ្នា​ជា​លើក​ចុង​ក្រោយ​ទេ។ កំណត់​សម្គាល់​មួយ​ទៀត បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​បាន​បិទបញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​រវាង​គ្នា​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ ពោល​មិនមែន​សន្ធិសញ្ញា​សន្តិភាព​រវាង​គ្នា​ឡើយ មាន​ន័យ​ថា​ជា​លក្ខណៈ​បច្ចេកទេស ភាគី​ទាំង​ពីរ​នៅ​បន្ត​មាន​សង្រ្គាម​រវាង​គ្នា​ដដែល។

សូម​រម្លឹក​ជូន​ឡើង​វិញ​ថា គឺ​នៅ​ក្រោយ​ជំនួបថ្នាក់កំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​គ្នា​ក្នុង​ឆ្នាំ ២០០០ ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ឲ្យ​មាន​ការ​រៀបចំ​ជា​ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​ដែល​ព្រាត់ប្រាស់​គ្នា​ក្នុង​មួយ​ឆ្នាំ​ម្តង។ តែ​ដោយសារ​មាន​ភាព​តានតឹង​សឹង​ជា​ប្រចាំ ជំនួប​មួយ​ក៏​មិន​ត្រូវ​បាន​គោរព​ត្រឹមត្រូវ​ដែរ។ ចំណែក​កិច្ចចរចា​ផ្ទាល់​រវាង​គ្នា​ក៏​បាន​អាក់ខាន​តាំង​ពី ឆ្នាំ ២០១៥ ដោយសារ​តែ​របប​ក្រុង​ព្យុងយ៉ាង​បន្ត​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​បាលីស្ទិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ