ភេរវកម្មនៅកាប៊ូល៖ តួលេខអ្នកស្លាប់កើនជិត១០០នាក់ អាជ្ញាធរចាប់ខ្លួនជនសង្ស័យ៤នាក់
តួលេខអ្នកស្លាប់ក្នុងភេរវកម្មបំផ្ទុះរថយន្តសង្គ្រោះបន្ទាន់នៅក្រុងកាប៊ូល អាហ្វហ្កានីស្ថាន ថ្ងៃសៅរ៍នេះ ពេលនេះ កើនជិត១០០នាក់ អ្នករងរបួស១៥៨នាក់។ ក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថានប្រាប់ថា បានចាប់ខ្លួនជនសង្ស័យ៤នាក់ ក្នុងក្របខណ្ឌស៊ើបអង្កេត។ ភេរវកម្មនៅកាប៊ូលថ្ងៃសៅរ៍នេះ ត្រូវបានក្រុមតាលីបង់ ប្រកាសថា ជាស្នាដៃរបស់ខ្លួន ជាភេរវកម្មទី៣ ដែលវាយប្រហារអាហ្វហ្កានីស្ថាន គិតត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៦
អង្គការ Emergency របស់អ៊ីតាលីបានថ្កោលទោស អំពើភេរវកម្មបំផ្ទុះរថយន្តសង្គ្រោះបន្ទាន់នៅកាប៊ូល ថាជាអំពើឃាតកម្ម។ យោងតាមក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន រថយន្តសង្គ្រោះបន្ទាន់បានចតនៅចំណតរបស់មន្ទីរពេទ្យ ចាមួរីយ៉ាត ហើយចង់ឆ្លងចូលតាមរបាំង ដើម្បីសំដៅទៅក្រសួងមហាផ្ទៃ និងទីកន្លែងក្រុមប្រឹក្សាជាន់ខ្ពស់សន្តិភាព។ ប៉ុន្តែ ប៉ូលិសបានក្រលេកឃើញភេរវជនអត្តឃាត ធ្វើអោយភេរវជនរូបនេះសម្រេចបំផ្ទុះគ្រាប់បែកពេលនោះតែម្តងទៅ។
ក្រោយភេរវកម្មនៅកាប៊ូលកើតឡើង ក្រុមតាលីបង់បានប្រកាសថា ជាស្នាដៃរបស់ក្រុមខ្លួន ដោយលើកឡើងថា សកម្មជនខ្លួនបានបំផ្ទុះរថយន្តនៅជិតក្រសួងមហាផ្ទៃ ដែលជាកន្លែងសំបូរកងកម្លាំងប៉ូលិសសំខាន់ៗ។ ក្រុមប្រឹក្សាជាន់ខ្ពស់សន្តិភាពជាស្ថាប័នទទួលបន្ទុកចរចាជាមួយក្រុមតាលីបង់។ ការចរចាជាមួយតាលីបង់ត្រូវបានជាប់គាំង។ ក្រុមប្រឹក្សាសន្តិភាពគិតថា ខ្លួនជាផ្ទាំងស៊ីបនៃភេរវកម្មបំផ្ទុះរថយន្តសង្គ្រោះនៅថ្ងៃសៅរ៍នេះ។ រដ្ឋាភិបាលអាហ្វហ្កានីស្ថានវិញ សង្ស័យបណ្តាញក្រុមHaqqani ដែលជិតដិតនឹងក្រុមតាលីបង់។ ក្រុមនេះមានទីតាំងនៅព្រំដែនប៉ាគីស្ថាន។
អ្នកស្លាប់ក្នុងភេរវកម្មថ្ងៃសៅរ៍នេះ បានកើនចំនួន។ ជនរងគ្រោះមានចំនួនច្រើនពេក ធ្វើអោយមន្ទីរពេទ្យ មិនអាចទទួលបានគ្រប់គ្នា។ រីឯកន្លែងសង្គ្រោះរបស់អង្គការ Emergency វិញ ក៏មិនអាចទទួលបានគ្រប់គ្នា។ ភេរវកម្មថ្ងៃសៅរ៍នេះ ជាភេរវកម្មសម្លាប់មនុស្សច្រើនបំផុត គិតតាំងពីមានភេរវកម្មបំផ្ទុះឡានកាំម្ញ៉ុង ក្នុងតំបន់ការទូត នៅចុងខែឧសភា ឆ្នាំមុននេះ។ ឆ្នាំមុន ភេរវកម្មបំផ្ទុះកាំម្ញ៉ុងបានសម្លាប់មនុស្ស១៥០នាក់ និងបង្ករបួស៤០០នាក់។ បើគិតត្រឹមតែ១សប្តាហ៍វិញ ភេរវកម្មថ្ងៃសៅរ៍នេះ ជាភេវកម្មទី៣វាយប្រហារអាហ្វហ្កានីស្ថាន។ ថ្ងៃ២០មករាកន្លងទៅ ក្រុមតាលីបង់បានប្រកាសថា បានវាយប្រហារ នៅសណ្ឋាគារIntercontinental កាប៊ូល។ ថ្ងៃពុធកន្លងទៅ ក្រុមជីហាតរដ្ឋអ៊ីស្លាមប្រកាសថា បានវាយទីតាំងអង្គការ Save the Children នៅJalalabad ភាគខាងកើត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ