ចិន និងជប៉ុនចង់បង្កើត ខ្សែទូរស័ព្ទក្រហមសម្រាប់យោធាប្រទេសទាំងពីរ
ចិន និងជប៉ុន បានប្រាថ្នារួមគ្នា ចង់ឲ្យបង្កើតខ្សែរទូរស័ព្ទក្រហម Hotline សម្រាប់ឲ្យកងទ័ពប្រទេសទាំងពីរទាក់ទងគ្នា នៅក្នុងកិច្ចប្រឹងប្រែង កាត់បន្ថយភាពតានតឹង នៅក្នុងជម្លោះដណ្តើមដីកោះ នៅសមុទ្រចិនខាងកើត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន នៅក្រោយជំនួបទ្វេរភាគី ដ៏កម្រ រវាងប្រមុខការបរទេសជប៉ុន និងចិន កាលពីថ្ងៃអាទិត្យ ទី២៨មករា។ នៅក្នុងឱកាសជំនួបកំពូលAPEC នៅវៀតណាម កាលពីខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងលោកនាយករដ្ឋមន្រ្តីជប៉ុនស៊្ហីនហ្សូ អាបេ បានថ្លែងយល់ស្របគ្នា ក្នុងការចាប់ផ្តើមថ្មី សម្រាប់ទំនាក់ទំនង ចិន-ជប៉ុន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋមន្រ្តីការបរទេសជប៉ុន លោកតារ៉ូ កូណូ Taro Kono ជាមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន ដំបូង ដែលធ្វើដំណើរទៅប្រទេស ចិន នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ នៅក្នុងទស្សនកិច្ចទៅទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យ ប្រមុខការបរទេសជប៉ុន បានលើកនិយាយពីគ្រោះថ្នាក់នៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយនិងចេតនារបស់តូក្យូ ដែលចង់ជំរុញ ទំនាក់ទំនងល្អរវាងចិន និងជប៉ុនដែលល្អក់កកររហូតមក ដោយសាររឿងរ៉ាវប្រវត្តិសាស្រ្ត និងជម្លោះដណ្តើម ប្រជុំកោះ សេនកាគូរបស់ជប៉ុន ប៉ុន្តែ ដែលចិនហៅថា ទៀវយូរ និងទាមទារជាម្ចាស់កម្មសិទ្ធិ នៅសមុទ្រចិនខាងកើត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅថ្ងៃអាទិត្យ គេបានសរសេរថា ភាគី ចិន និងជប៉ុនបានសន្យារួមគ្នានឹងចុះហត្ថលេខាឲ្យបានឆាប់ លើកិច្ចព្រមព្រៀង បង្កើតខ្សែទូរស័ព្ទ ក្រហម សម្រាប់ការទាក់ទងបន្ទាន់រវាងយោធារបស់ប្រទេសទាំងពីរ។ ខ្សែទូរស័ព្ទក្រហមមួយខ្សែនេះ Hotline នឹងជួយទប់ស្កាត់ កុំឲ្យមាន ឧប្បត្តិហេតុ ការប្រឈមមុខដាក់គ្នា រវាងភាគីទាំងពីរ នៅសមុទ្រចិនខាងកើត។
រដ្ឋមន្រ្តីការបរទេសចិន យល់ស្របជាមួយសមភាគីជប៉ុន ដែលថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានប្រសើរជាងមុនបន្តិច ប៉ុន្តែ យ៉ាងណាក៏ដោយ ក៏នៅតែជាប់មានឧបសគ្គជានិច្ច។
កប៉ាល់ល្បាតរបស់ឆ្មាំសមុទ្រជប៉ុន ឧស្សាហ៍ប៉ះទង្គិចគ្នា ជាមួយនឹងកប៉ាល់យោធាចិន ដែលក្រុងប៉េកាំងបានបញ្ជូន ទៅក្នុងតំបន់ទឹកមានជម្លោះ នៅក្រោយ រដ្ឋាភិបាលជប៉ុនបានប្រកាសប្រមូលទិញ កោះ នៅប្រជុំកោះសេនកាគូរមកធ្វើជាសម្បត្តិរដ្ឋ។ តាមទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ នៅក្នុងជំនួបជាមួយលោកវ៉ាង យី រដ្ឋមន្រ្តីការបទេសជប៉ុន លោកកូណូបានតវ៉ាផងដែរ ពីការសម្រេចចិត្តរបស់ចិន នៅខែនេះ ដែលថា នឹងបញ្ជូននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ទៅក្នុងតំបន់ប្រជុំកោះ សេនកាគូរ។
ក្រៅតែពីសំណុំរឿងដែលមានទាក់ទងរវាងចិន និងជប៉ុន អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ជាបញ្ហាសំខាន់ ដែលគេត្រូវលើកនិយាយជាចាំបាច់ ជាមួយរដ្ឋអំណាចចិន។ រដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រាប់អ្នកកាសែតយ៉ាងដូច្នេះ នៅមុនពេលចូលជួបសមភាគីចិន។ ជប៉ុនជំរុញផងដែរឲ្យមានឡើងវិញ ជំនួបត្រីភាគី ចិន កូរ៉េខាងត្បូង និងជប៉ុន ដើម្បីនិយាយពីបញ្ហាក្នុងតំបន់ និងជាពិសេសសំណុំរឿងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
ជប៉ុន សម្ព័ន្ធមិត្តរបស់អាមេរិក ដឹងថា នៅពេលដែលលោកដូណាល់ ត្រាំ គិតគូរតែពីប្រយោជន៍ជាតិអាមេរិកមុនគេយ៉ាងដូច្នេះ គឺមានតែចិនទេ ដែលនឹងអាចជួយបញ្ចុះបញ្ចូល ដាក់សម្ពាធឲ្យមេដឹកនាំកូរ៉េខាងជើង លះបង់ចោល មហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរប្រល័យលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ