អ.ស.ប៖ កូរ៉េខាងជើងលួចនាំចេញទំនិញហាមឃាត់ បំពានទណ្ឌកម្មអន្ដរជាតិ
ប្រទេសកូរ៉េខាងជើង បានរំលោភបំពានលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដោយលួចនាំទំនិញចេញទៅបរទេស ហើយរកបានប្រាក់ចំណូលជិត២០០លានដុល្លារកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ថ្មីរបស់ក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិ ដែលត្រូវបានបង្ហាញឲ្យដឹងនៅថ្ងៃសុក្រ ទី២កុម្ភៈ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៦
ទោះជាកំពុងរងទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិក៏ដោយ ក៏កូរ៉េខាងជើងនៅតែបន្តនាំចេញនូវទំនិញហាមឃាត់ជាច្រើនមុន រាប់ចាប់តាំងពីធ្យូងថ្ម និងដែកថែបជាដើម។ ធ្យូងថ្ម ត្រូវបានក្រុងព្យុងយ៉ាងនាំចេញទៅប្រទេសចិន ម៉ាឡេស៊ី កូរ៉េខាងត្បូង រុស្ស៊ី និងវៀតណាម តាមផ្លូវទឹក។ ហើយការដឹកជញ្ជូននោះទៀតសោត បានប្រើប្រាស់វិធីសាស្ត្រជាច្រើន ដើម្បីពង្វៀងផ្លូវមិនឲ្យគេដឹងថា ជាទំនិញរបស់កូរ៉េខាងជើង។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយអ្នកជំនាញអង្គការសហប្រជាជាតិ។ យោងតាមរបាយការណ៍ដដែល ការនាំចេញទំនិញហាមឃាត់ទាំងនេះ បានចាក់បញ្ចូលចំណូលជិត២០០លានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចកូរ៉េខាងជើង គិតត្រឹមចន្លោះខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៧ប៉ុនណោះ។
ក្រុមអ្នកជំនាញដដែលក៏បានរកឃើញផងដែរ ភស្តុតាងដែលបង្ហាញអំពីកិច្ចសហប្រតិបត្តិការរបស់កូរ៉េខាងជើង ជាមួយស៊ីរី និងភូមា។ ស៊ីរី និង ភូមា ដែលបើតាមរបាយការណ៍ គឺនៅតែជាប្រទេសដែលបន្តទិញអាវុធពីកូរ៉េខាងជើង។ អ្នកជំនាញអង្គការសហប្រជាជាតិ ឲ្យដឹងថា កូរ៉េខាងជើង មានជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍកម្មវិធីអាវុធគីមីសម្រាប់ស៊ីរី ហើយថែមទាំងគ្រោងផ្ដល់មីស៊ីលបាលីស្ទីកទៅដល់ប្រទេសភូមាទៀតផង។
គួររំឭកជូនថា កាលពីឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចអនុម័តទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ទៅលើកូរ៉េខាងជើង ក្នុងគោលដៅកាត់បន្ថយចំណូលដែលប្រទេសនេះយកទៅអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ។ ប៉ុន្តែជាការពិត តាមរយៈរបាយការណ៍ចុងក្រោយនេះ គេដឹងថា កូរ៉េខាងជើងនៅតែគគ្លើន មិនខ្វាយខ្វល់ឬចាប់អារម្មណ៍ពីទណ្ឌកម្មដែលអន្ដរជាតិដាក់មកលើខ្លួនឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ