សកម្មជនប្រជាធិបតេយ្យធ្វើបាតុកម្មប្រឆាំងកុំឱ្យលើកថ្ងៃបោះឆ្នោតសភា
នៅថ្ងៃសៅរ៍នេះ សកម្មជនប្រជាធិបតេយ្យថៃប្រមាណជាងបួនរយនាក់ បាននាំគ្នាជំនះធ្វើបាតុកម្ម នៅក្បែរវិមានប្រជាធិបតេយ្យ នៅកណ្តាលក្រុងបាងកក ដើម្បីទាមទារឱ្យរបបសឹក កុំលើកពេលរៀបចំបោះឆ្នោត ជាថ្មីទៀត។ តាមធម្មតា ការបោះឆ្នោត ត្រូវគ្រោងធ្វើ នៅខែវិច្ឆិកា ២០១៨។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៦
ការរៀបចំបោះឆ្នោតសភា ដែលជាដំណើរការស្តារលទ្ធិប្រជាធិបតេយ្យ ត្រូវបានលើកពេលជាច្រើនលើកច្រើនសាមកហើយ ! ហើយជាចុងក្រោយ របបសឹកដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ដែលបានឡើងក្រសោបអំណាចតាមរយៈរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ បានប្រកាសសន្យាកាលពីខែតុលា ឆ្នាំ២០១៧ ថានឹងរៀបចំបោះឆ្នោតសភា នៅខែវិច្ឆិកាចុងឆ្នាំ២០១៨នេះ។
ប៉ុន្តែ កាលកំណត់នេះ ទំនងជានឹងមិនអាចរក្សាឱ្យនៅដដែលបានឡើយ ! ការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត ទើបអនុម័តកាលពីខែមករា ជាសារមួយដែលអាចធ្វើឱ្យកាត់យល់ បានថា ថ្ងៃកំណត់បរិច្ឆេទបោះឆ្នោត នេះនឹងត្រូវពេល ទៅធ្វើនៅដើមឆ្នាំ ២០១៩វិញ !
ទស្សនៈវិស័យបែបនេះ កំពុងបំផុសកំហឹងនិងភាពមិនសប្បាយចិត្តរបស់ក្រុមសមាគមការពារលទ្ធិប្រជាធិបតេយ្យ ដែលចង់ឃើញប្រទេសវិលត្រលប់មកគ្រប់គ្រងដោយរបបស៊ីវិល។
ក្តីព្រួយបារម្ភ និងការស្រែកឃ្លានប្រជាធិបតេយ្យ កាន់តែរីកខ្លាំង បានជំរុញឱ្យពលរដ្ឋថៃជាច្រើនរយនាក់ ជំនះបម្រាមរបស់រដ្ឋាភិបាល ដែលបានហាមឃាត់ តាំងពីជាងបីឆ្នាំកន្លះមកមិនឱ្យមានប្រជុំគ្នាលើសពី៥នាក់ ដោយហ៊ានប្រមូលផ្តុំគ្នាកាន់តែច្រើនឡើងៗ លើកបដា បង្ហាញភាពស្អប់ខ្ពើមរបបផ្តាច់ការ និងស្រែកដង្ហើយឱ្យលោក ប្រាយុទ្ធចាន់អូចា ស្តាប់សំឡេងរាស្ត្រ ឈប់លើកថ្ងៃបោះឆ្នោត... ប៉ុន្តែកម្លាំងបាតុករមិនអាចរុលចូលទៅដល់ទីលានប្រជាធិបតេយ្យ តំណាងទីលានបាតុកម្មបានឡើយ ដោយអាជ្ញាធរបានដាក់ពង្រាយកម្លាំងប៉ូលិសបាំងនិង ព័ទ្ធហ្វូងបាតុករ យ៉ាងសន្ធឹកសន្ធាប់។
កាលពីចុងខែមករា បាតុករ៣៩នាក់ ត្រូវចាប់ខ្លួន ដោយហេតុបានប្រមូលផ្តុំគ្នា ធ្វើបាតុកម្មក្នុងបុព្វហេតុតែមួយនេះ ក្នុងចំណោមនោះខ្លះត្រូវជាប់បទចោទប្រកាន់ ដែលអាចមានទោសជាប់ក្នុងពន្ធនាគារដល់ទៅ៧ឆ្នាំ។ នៅថ្ងៃសុក្រម្សិលម្ង៉ៃ ប៉ូលិសថៃបានចេញដីកាតាមចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យបួននាក់។ ម្នាក់ត្រូវចាប់ខ្លួននាព្រឹកថ្ងៃសៅរ៍ ឯបីនាក់ផ្សេងទៀត លេចមុខក្នុងចំណោមហ្វូងបាតុករថ្ងៃនេះដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ