អានតួអត្ថបទ
ភូមា-ហ្វីលីពីន

លោក​ឌុយទែរតេ​​និយាយ​សុំទោស​លោកស្រី​ស៊ូជីសម្រាប់​​ការប្រើពាក្យ​ប្រល័យពូជសាសន៍​នៅ​ភូមា

លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ នៅថ្ងៃ​សុក្រនេះ បាន​និយាយ​សុំទោស ជាសាធារណៈ ទៅប្រមុខដឹកនាំ​ភូមា លោកស្រី អ៊ុងសាន ស៊ូជី។ សារថ្លែង​សុំទោស​របស់​លោក​ឌុយទែរតេ ធ្វើឡើង នៅ​មួយ​សប្តាហ៍​ក្រោយ លោក​ប្រើពាក្យ​ប្រល័យ​ពូជសាសន៍ នៅ​ភូមា សម្រាប់​និយាយ​យោងដល់​ទុក្ខវេទនា​របស់​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា ដែល​បាន​រត់ភៀសខ្លួន ចេញ ពី អំពើហិង្សា នៅ​រដ្ឋរ៉ាឃីន ភាគខាងជើង ភូមា។

លោកប្រធានាធិបតី ឌុយទែរតេ​នៅថ្ងៃទី​១២​មេសា ២០១៨
លោកប្រធានាធិបតី ឌុយទែរតេ​នៅថ្ងៃទី​១២​មេសា ២០១៨ ©REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

នៅសប្តាហ៍មុន លោក​ប្រធានាធិបតី ហ្វីលីពីន ឌុយទែរតេ បាន​ប្រៀបធៀប​ការបង្រ្កាប​របស់​យោធា​ភូមា ទៅលើ​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន ថា ជា​ការកាប់សម្លាប់​ប្រល័យពូជសាសន៍។ ប៉ុន្តែ នៅ​ថ្ងៃ​សុក្រនេះ នៅក្នុង​សារ​ថ្លែង​ទៅកាន់​លោកស្រី មេដឹកនាំ​ភូមា អ៊ុងសាន ស៊ូជី លោក​ឌុយទែរតេ​បាន​និយាយ​សុំទោស លោកស្រី អ៊ុងសាន ស៊ូជី និង​និយាយ​ក្រឡាស់​សំដី​មកវិញ ថា ការដែល​លោក​និយាយ​ពាក្យ​ប្រល័យពូជសាសន៍ នៅ​រដ្ឋរ៉ាឃីន ក៏ព្រោះតែ​លោក​ចង់​និយាយ​តិះដៀល ដល់​សហភាពអឺរ៉ុប ដែលមិន​ព្រម​ជួយ​យក​អាសារ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ លោក​ឌុយទែរតេ បាន​ចេញមុខ​តានតឹង​ជាមួយ សហភាព​អឺរ៉ុប​ដែល​រិះគន់​លោក​ថា កំពុង​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ តាមរយៈ សង្រ្គាម​ប្រឆាំង​ក្រុមជួញដូរ​គ្រឿងញៀន។

នៅថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន នៅ​ចំពោះមុខមន្រ្តី​រដ្ឋការ​ហ្វីលីពីន លោក​ឌុយទែរតេ បាន​និយាយ​ថា រដ្ឋាភិបាល​ប្រទេស​អឺរ៉ុប​មិនអាច​ដោះស្រាយ​បញ្ហា​នៅ​រដ្ឋរ៉ាឃីន។ “បើសិន​ខ្ញុំ​អាច​និយាយ​បាន គឺថា​អ្វីដែល​កើតឡើង នៅ​រដ្ឋរ៉ាឃីន គឺជា​ការកាប់សម្លាប់​ប្រល័យពូជសាសន៍​ពិតៗ” នេះ​ជាប្រសាសន៍​របស់លោក​ឌុយទែរតេ ដែល​បាន​បញ្ជាក់ផងដែរថា លោក​ជា​មិត្ត​របស់​លោកស្រី​អ៊ុងសាន ស៊ូជី។

នៅក្រោយ​ប្រសាសន៍​របស់​លោកឌុយទែរតេ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ភូមា​បាន​និយាយ​វាយបក​វិញ​ថា លោក​ឌុយទែរតេ ចេះតែ​និយាយ និង​មិន​បាន​ដឹងរឿង​ពិតប្រាកដ​ដែល​កើតមាន​នៅ​រដ្ឋរ៉ាឃីន។

ដោយ​និយាយ​ថា មាន​អំពើប្រល័យពូជសាសន៍​នៅរដ្ឋរ៉ាឃីន លោក​ឌុយទែរតេ​កំពុង​ដើរផ្ទុយស្រឡះ​ពី​ប្រពៃណី របស់​ប្រទេស​សមាជិក​អាស៊ាន ដែល​នៅក្នុង​នោះ មេដឹកនាំ​អាស៊ាន​បាន​ប្រកាន់​ជំហរ មិន​លូកដៃ​ក្នុង​កិច្ចការផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត។

នៅ​សប្តាហ៍មុន លោក​ឌុយទែរតេ​បាន​បង្ហាញ ក្តី​អាណិតអាសូរ ដល់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា នៅភូមា និង​ថា លោកស្វាគម​រង់ចាំ​ទទួល​យក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា បើសិន​សហគមន៍​អឺរ៉ុប​ទទួល​យក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​កំពុងរត់ភៀសខ្លួន​ចេញពី​អំពើហិង្សា​នៅ​រដ្ឋរ៉ាឃីន។ នៅក្នុង​សន្និសីទ​នៅថ្ងៃ​សុក្រ នៅក្នុងសារ​ថ្លែង​សំដៅ​ទៅ​កាន់​លោកស្រី អ៊ុងសាន ស៊ូជី លោក​ឌុយទែរតេ បាននិយាយ​ថា លោក​មិន​បាន​ត្រៀមខ្លួន​ដើម្បី​លូកដៃ​ចូលក្នុង​កិច្ចការផ្ទៃក្នុង ក្នុង​សង្រ្គាម​ស៊ីវិល របស់​ភូមា​ទេ។ “គេ​(សហភាពអឺរ៉ុប) នៅតែ​បន្តរិះគន់​យើង រិះគន់​លោកស្រី​អ៊ុងសាន ស៊ូជី និង​អ្នកដទៃ។ ហេតុអ្វី​បាន​ជាខ្ញុំ​និយាយ​ដូច្នេះ (ថា មាន​អំពើប្រល័យពូជសាសន៍​នៅភូមា)? ខ្ញុំ​ចង់​និយាយ​ប្រាប់​លោកស្រី​ថា ខ្ញុំ​ចង់​និយាយ​ចំអក​ឲ្យ​ប្រទេស​លោកខាងលិច” នេះ​ជា​ប្រសាសន៍​របស់លោក​ឌុយទែរតេ។

ម្ចាស់លាភីណូបែល​សន្តិភាព លោកស្រី​អ៊ុងសាន ស៊ូជី ដែល​បាន​រងការរិះគន់​ពី​សហគមន៍​អន្តរជាតិ ក្នុង​រឿងអសមត្ថភាព​មិនអាច​ដោះស្រាយ​បញ្ហា​នៅ​រដ្ឋរ៉ាឃីន បាន​បដិសេធ​ទាត់ចោល​ការអះអាង​របស់អង្គការ​ការពារ​សិទ្ធិមនុស្ស និង​អង្គការ​សហប្រជាជាតិ ​ដែល​ថា ការសម្លាប់​ប្រល័យពូជសាសន៍ កំពុង​កើតមាន​នៅ​រដ្ឋរ៉ាឃីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ