អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន៖​លោក​ឌុយទែរតេ​សម្រេច​ជា​ស្ថាពរ​មិន​ឲ្យ​ពលករ​ហ្វីលីពីន​ចេញ​ទៅ​ធ្វើ​ការ​នៅ​កូវ៉ែត

នៅ​ថ្ងៃ​អាទិត្យ ទី២៩ មេសា​នេះ លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​បាន​បញ្ជាក់​ពី​ការ​ហាម​ជា​ស្ថាពរ​មិន​ឲ្យ​ពលរដ្ឋ​ហ្វីលីពីន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កូវ៉េត​ទៀត​ឡើយ។ វិធានការ​ជា​ស្ថាពរ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​វិធានការ​ព្យួរ​ជា​បណ្តោះអាសន្ន​ប្រកាស​ដោយ​លោក​ឌុយទែរតេ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ អ្វី​ជា​ការ​កត់សម្គាល់ ចំណាត់ការ​របស់​លោក​ឌុយទែរតេ​ពេល​នេះ​នឹង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​រវាង​ហ្វីលីពីន និង​កូវ៉ែត​នៅ​ក្នុង​សំណុំរឿង​ពលករ​បរទេស។

លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte
លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte © Reuters
ផ្សាយពាណិជ្ជកម្ម

កំហឹង​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​ប្រឆាំង​ប្រទេស​កូវ៉ែត​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ឃាតកម្ម​សម្លាប់​ស្រ្តី​អ្នកបម្រើ​ជនជាតិ​ហ្វីលីពីន​ម្នាក់​នៅ​ក្នុង​គ្រួសារ​កូវ៉ែត​មួយ និង​ដែល​សាកសព​ស្រ្តី​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទូរទឹកកក​សម្រាប់​កក។ បន្ទាប់​មក រឿង​អាស្រូវ​មួយ​នេះ​ក៏​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ការទូត​ធ្ងន់ធ្ងរ​រវាង​ទីក្រុង​កូវ៉ែត និង​ម៉ានីល​ក្នុង​សប្តាហ៍​នេះ ក្រោយ​ពី​រដ្ឋាភិបាល​កូវ៉ែត​បាន​បណ្តេញ​ចេញ​ឯកអគ្គរដ្ឋទូត​ហ្វីពីលីន​ពី​កូវ៉ែត និង​បាន​កោះ​ហៅ​ឯកអគ្គរាជទូត​កូវ៉ែត​នៅ​ហ្វីលីពីន​ឲ្យ​ត្រឡប់​ចូល​ស្រុក​វិញ។

វិធានការ​ចាស់ដៃ​របស់​កូវ៉ែត​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ខ្សែអាត់​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​បេសកកម្ម​របស់​ក្រុម​មន្រ្តី​ការទូត​ហ្វីលីពីន​នៅ​កូវ៉ែត​ក្នុង​ការ​រៀបចំ​ជម្លៀស​អ្នកបម្រើ​ជនជាតិ​ហ្វីលីពីន​ចេញ​ពី​ក្រុម​គ្រួសារ​កូវ៉ែត​ណា​ដែល​បាន​វាយ​ធ្វើ​បាប​លើ​អ្នកបម្រើ​ជនជាតិ​ហ្វីលីពីន។ ទីក្រុង​ម៉ានីល​បាន​សម្តែង​ការ​សុំទោស​ចំពោះ​ការ​បែក​ធ្លាយ​ខ្សែអាត់​វីដេអូ​នោះ តែ​អ្វីៗ​ហាក់​យឺត​ពេល​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ភាគី​ទាំង​ពីរ​អាច​សម្រុះសម្រួល​គ្នា​ឡើង​វិញ។

ទីបំផុត​នៅ​ថ្ងៃ​អាទិត្យ ទី២៩ មេសា​នេះ លោក​ឌុយទែរតេ​បាន​ប្រកាស​នៅ​ចំពោះ​មុខ​ហ្វូង​អ្នកកាសែត​ក្នុង​ទីក្រុង​ដាវ៉ាវ​ថា ការ​ហាម​មិន​ឲ្យ​ពលករ​ហ្វីលីពីន​ចេញ​ទៅ​ធ្វើ​ការ​នៅ​កូវ៉ែត​លែង​ជា​បណ្តោះអាន្ន​ទៀត​ឡើយ តែ​ជា​អចិន្ត្រៃយ៍​ចាប់​ពី​ពេល​នេះ​ត​ទៅ ពិសេស​ចំពោះ​ស្រ្តី​បម្រើការ​តាម​ផ្ទះ។ គួរ​ជម្រាប​ជូន​ថា​បច្ចុប្បន្ន មាន​ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ ២៦២ ០០០នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កូវ៉ែត ក្នុង​នោះ​មាន​ជិត ៦០% ជា​អ្នក​បម្រើការ​តាម​ផ្ទះ។ លោក​ឌុយទែរតែ​ថែម​ទាំង​បាន​ចាត់​ទុក​ស្ថានការណ៍​នៅ​កូវ៉ែត​ជា​អន្តរាយ និង​បាន​អំពាវនាវ​ពលករ​ហ្វីលីពីន​ដែល​កំពុង​ធ្វើ​ការ​នៅ​កូវ៉ែត​ឲ្យ​ត្រឡប់​ចូល​ស្រុក​វិញ។

« យើង​ក្រ​មែន តែ​យើង​នឹង​អាច​រស់​បាន » នេះ​ជា​ការ​ថ្លែង​របស់​លោក​ឌុយទែរតេ​ដោយ​បន្ថែម​ថា សេដ្ឋកិច្ច​ហ្វីលីពីន​កំពុង​មាន​សន្ទុះ ហើយ​ហ្វីលីពីន​កំពុង​ខ្វះ​កម្លាំង​ពលកម្ម។ បច្ចុបន្ន មាន​ជនជាតិ​ហ្វីលីពីន​ប្រមាណ​ជា ១០លាននាក់​កំពុង​ធ្វើ​ការ​នៅ​បរទេស ក្នុង​នោះ មាន​ជាង ២លាននាក់​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស។ តាម​ធនាគារ​កណ្តាល​ហ្វីលីពីន ប្រាក់បៀវត្ស​របស់​ពលករ​ហ្វីលីពីន​នៅ​បរទេស​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់​សម្រាប់​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ហ្វីលីពីន។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៧ មាន​ទឹកប្រាក់​ជាង ២៨ ០០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ