អានតួអត្ថបទ
ចិន-វៀតណាម-ហ្វីលីពីន

ហ្វីលីពីន និង​វៀតណាម​ប្រតិកម្ម​នឹង​វត្តមាន​យន្តហោះចម្បាំង​ចិន​នៅ​សមុទ្រចិន​ខាងត្បូង

ប្រទេស​វៀតណាម និង​ហ្វីលីពីន​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​វត្តមាន​យន្តហោះទម្លាក់គ្រាប់បែក​ចិន​ដែល​បាន​ចុះចត និង​ហោះឡើង​ចេញ​ពី​កោះ​មួយ​ដែល​ចិន​បាន​សាងសង់​ក្នុង​សមុទ្រចិន​ខាងត្បូង។ ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​ចាត់​វិធានការ​ទូត​មួយ​ចំនួន ហើយ​អាមេរិក​ក៏​បាន​បញ្ជូន​នាវាចម្បាំង​ជា​ច្រើន​គ្រឿង​ទៅ​កាន់​ទីនោះ។ ចំណែក​ក្រសួង​ការបរទេស​ចិន​បាន​អំពាវនាវ​ដល់​គ្រប់​ប្រទេស​កុំ​ឲ្យ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន និង​ថា អ្វី​ដែល​ចិន​បាន​ធ្វើ​នេះ​ជា​លំហាត់យោធា​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​តំបន់។

ហ្វីលីពីន និង​វៀតណាម​ប្រតិកម្ម​នឹង​វត្តមាន​យន្តហោះចម្បាំង​ចិន​នៅ​សមុទ្រចិន​ខាងត្បូង
ហ្វីលីពីន និង​វៀតណាម​ប្រតិកម្ម​នឹង​វត្តមាន​យន្តហោះចម្បាំង​ចិន​នៅ​សមុទ្រចិន​ខាងត្បូង REUTERS/CSIS's Asia Maritime Transparency
ផ្សាយពាណិជ្ជកម្ម

តាម​ព័ត៌មាន​ប្រកាស​ដោយ​កងទ័ព​ចិន យន្តហោះ​ទម្លាក់គ្រាប់បែក​ប្រភេទ H-6K បាន​ចុះចត និង​ហោះឡើង​ពី​ព្រលាន​ដែល​ចិន​បាន​សាងសង់​លើ​កោះ​ក្នុង​សមុទ្រ​ចិនខាងត្បូង និង​ថា ការ​ចុះចត ឬ​ការ​ហោះឡើង​របស់​យន្តហោះចម្បាំងចិន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​វឹកហាត់​ដែល​បាន​ចាប់​ផ្តើម​ក្នុង​សប្តាហ៍​កន្លង​ទៅ។ ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ហ្វីលីពីន​បដិសេធ​មិន​បញ្ជាក់ តែ​អ្នកនាំពាក្យ​ប្រធានាធិបតី​បាន​អះអាង​ពី​ការ​ទទួល​យក​ព័ត៌មាន​ជា​សាធារណៈ​មួយ​នេះ ហើយ​បាន​សម្តែង​ក្តីបារម្ភ​ជា​ថ្មី​ចំពោះ​ផលវិបាក​ដែល​អាច​ជះឥទ្ធិពល​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​វិធានការ​ផ្លូវទូត​មួយ​ចំនួន តែ​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។ ទន្ទឹម​នឹង​ប្រតិកម្ម​របស់​ហ្វីលីពីន អាមេរិក​ក៏​បាន​បញ្ជូន​នាវាចម្បាំង​ជា​ច្រើន​គ្រឿង​ទៅ​កាន់​សមុទ្រចិនខាងត្បូង។ ទង្វើ​របៀប​នេះ​របស់​អាមេរិក​ត្រូវ​បាន​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​លូ កង​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ដោយ​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ទាំង​អស់​កុំ​ឲ្យ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់​ចិន។ លោក​លូ កង​បាន​បន្ថែម​ថា កោះ​ក្នុង​សមុទ្រចិនខាងត្បូង​ជា​ផ្នែក​នៃ​ទឹកដី​របស់​ចិន និង​ថា ទង្វើ​របស់​ចិន​នៅ​ទីនោះ​ជា​លំហាត់សឹក​ធម្មតា​ដែល​គេ​មិន​គួរ​ធ្វើ​ការ​បកស្រាយ​ផ្តេសផ្តាស់​ឡើយ។

គួរ​រម្លឹក​ជូន​ថា ចំ​ពេល​ដែល​ចិន​បន្ត​ទាមទារ​ផ្តាច់មុខ​លើ​កោះ​ទាំង​អស់​នៅ​ក្នុង​សមុទ្រ​ចិនខាងត្បូង ក្រុម​ប្រទេស​ផ្សេង​ក្នុង​តំបន់​មាន​ហ្វីលីពីន ព្រុយនេ តៃវ៉ាន់ ម៉ាឡេស៊ី និង​វៀតណាម​ក៏​កំពុង​បន្ត​ចេញ​មុខ​ទាមទារ​យក​ចំណែក​របស់​ខ្លួន​ដែរ។ តាម​ក្រុម​អ្នកជំនាញ កោះ​ដែល​យន្តហោះចម្បាំង​ចិន​ចុះចត ហោះឡើង​មាន​ឈ្មោះ Woody ដែល​ជា​កោះ​ដ៏​ធំ​ជាង​គេ​នៃ​ទីប្រជុំ​កោះ Spratley’s។ ចំណែក​យន្តហោះចម្បាំង​ប្រភេទ H-6K ត្រូវ​បាន​គេ​ចាត់​ជា​ប្រភេទ​យន្តហោះ​ដ៏​ទំនើប​ដែល​អាច​ហោះ​បាន​ចម្ងាយ ៣ ៥០០គីឡូម៉ែត្រ ពោល​អាច​ទៅ​ដល់​ប្រទេស​អូស្រា្តលី និង​កោះ Guam របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ