ប្រមុខការបរទេសអាមេរិកធ្វើដំណើរជាលើកទី៣ ទៅទីក្រុងព្យុងយ៉ាង
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានទៅដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃសុក្រនេះ ក្នុងបេសកកម្ម ទាមទារឲ្យកូរ៉េខាងជើង លម្អិតកម្មវិធី និងសកម្មភាពលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ ដែលមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានសន្យាទៅ លោកដូណាល់ ត្រាំ នៅក្នុងជំនួបកំពូលអាមេរិក កូរ៉េខាងជើង កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ។ នៅទឹកដីកូរ៉េខាងជើង ប្រមុខការបរទេសអាមេរិក នឹងពិភាក្សាផងដែរ ពីការស្វែងរកអដ្ឋិធាតុរបស់ទាហានអាមេរិកកាំង ប្រមាណ ២០០នាក់ ដែលបានស្លាប់ នៅក្នុងសង្រ្គាមកូរ៉េ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៧
នៅក្នុងទស្សនកិច្ចជាលើកទី៣ ទៅប្រទេសកូរ៉េខាងជើង លោក រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo ត្រូវបានទទួលស្វាគមយ៉ាងរាក់ទាក់ ពីលោកគីម យ៉ុងចុល មនុស្សដៃស្តាំរបស់លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ តាមទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters ដែលបានដកស្រង់សំដីរបស់អ្នកទទួលខុសត្រូវនៅ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នៅទីក្រុងព្យុងយ៉ាង ជាទីដែលលោកនឹងចំណាយពេល ស្នាក់នៅ មួយយប់ ជាលើកទី១ នោះ ប្រមុខការបរទេសអាមេរិក គ្រោងនឹងបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើង ធ្វើបញ្ជី ទីតាំងនុយក្លេអ៊ែរ ហើយនិងចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បី ឲ្យអាមេរិកអាចត្រួតពិនិត្យ និងប្រៀបធៀបជាមួយរបាយការណ៍របស់ក្រុមស៊ើបការណ៍អាមេរិក។
វត្តមានរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកនៅកូរ៉េខាងជើង ធ្វើឡើងនៅក្រោយ មន្រ្តីស៊ើបការណ៍សម្ងាត់ ហើយនិងរូបភាពផ្កាយរណបរបស់អាមេរិក បានបង្ហាញកាលពីចុងខែមិថុនាថា ក្រុងព្យុងយ៉ាងនៅតែបន្ត សកម្មភាព នៅទីតាំងរោងចក្រនុយក្លេអ៊ែរ នៅយ៉ុងប៊ីយ៉ុង។
នៅមុនទៅដល់ទីក្រុងព្យុងយ៉ាង លោករដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយប្រាប់អ្នកកាសែត ដែលអមដំណើររបស់លោក នៅក្នុងយន្តហោះថា នៅក្នុងដំណើរលើកនេះ ទៅទីក្រុងព្យុងយ៉ាង បេសសកម្មសំខាន់របស់លោក គឺចង់បានការបញ្ជាក់ ពីកូរ៉េខាងជើង ទាក់ទងនឹងកម្មវិធីលម្អិត ហើយកាលបរិច្ឆេទ នៃការដាក់ឲ្យអនុវត្ត សកម្មភាព លុបបំបាត់អាវុធ នុយក្លេអ៊ែរ ដែលមេដឹកនាំអាមេរិក ហើយនិងកូរ៉េខាងជើង ធ្លាប់បានសន្យាព្រមព្រៀងគ្នា នៅក្នុងជំនួបកំពូលកាលពីពាក់កណ្តាលខែមិថុនា។
នៅក្នុងជំនួបកំពូល ជាមួយប្រធានាធិបតីអាមេរិក លោកគីម ជុងអ៊ុន បានសន្យាថា នឹងប្រឹងប្រែងលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ នៅ ឧបទ្វីបកូរ៉េ។ ការសន្យារបស់មេដឹកនាំកូរ៉េខាងជើង មានលក្ខណៈទូលំទូលាយ ព្រោះ វាមិនបានបញ្ជាក់ច្បាស់ពីពេលវេលា និងមិនបានសរសេរជាផ្លូវការថា កូរ៉េខាងជើង សុខចិត្តលះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។
ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ការលុបបំបាត់ចោលទាំងស្រុងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងនឹងចាប់ផ្តើមនៅក្នុងរយៈពេលមួយឆ្នាំទៀត ប៉ុន្តែ អ្នកជំនាញ ហើយនិងអ្នករិះគន់លោកដូណាល់ ត្រាំ ជាច្រើន វាយតម្លៃថា សេចក្តីថ្លែងការណ៍រួម រវាងលោកដូណាល់ ត្រាំ ហើយនិងមេដឹកនាំកូរ៉េខាងជើង នឹងហុចផលតិចតួច ចំណែកដំណើការលុបបំបាត់ចោលនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ទៀតសោត ក៏នឹងត្រូវការពេលវេលាជាច្រើនឆ្នាំ បើសិនកូរ៉េខាងជើង យល់ព្រមធ្វើតាមការសន្យាមែននោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ