កូរ៉េខាងជើងប្រារព្ធខួប ៦៨ឆ្នាំនៃការផ្តើមសង្រ្គាមកូរ៉េដោយគ្មានការតិះដៀលអាមេរិកដូចឆ្នាំមុនៗ
២៥ មិថុនា ឆ្នាំ ១៩៥០-២៥ មិថុនា ឆ្នាំ ២០១៨ ថ្ងៃនេះជាខួបគម្រប់ ៦៨ឆ្នាំនាំការផ្តើមផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ។ តាមទម្លាប់រៀងរាល់ឆ្នាំ របបក្រុងព្យុងយ៉ាងបានប្រារព្ធព្រឹត្តិការណ៍មួយនេះដោយពាក្យបរិហារ និងការតិះដៀលលើសហរដ្ឋអាមេរិក។ តែឆ្នាំនេះ និងក្រោយពីមានជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំកាលពីថ្ងៃទី១២ មិថុនាក្នុងប្រទេសសិង្ហបុរីមក ពាក្យពេចន៍ជេរប្រមាថ និងដៀមដាមប្រឆាំងអាមេរិកបានអវត្តមាននៅក្នុងកាសែតផ្លូវការកូរ៉េខាងជើង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៣
ជារៀងរាល់ឆ្នាំក្នុងថ្ងៃទី២៥ មិថុនា គ្រប់បណ្តាញសារព័ត៌មានកូរ៉េខាងជើងបានប្រើពាក្យពេចន៍ធ្ងន់ៗដើម្បីបរិហារ និងតិះដៀលប្រឆាំងអាមេរិក។ តែសម្រាប់ឆ្នាំនេះដែលជាខួបគម្រប់ ៦៨ឆ្នាំនៃការផ្ទុះសង្រ្គាមកូរ៉េក្នុងថ្ងៃទី២៥ មិថុនា ១៩៥០ គេមិនបានឃើញពាក្យជេរប្រមាថ និងតិះដៀលប្រឆាំងអាមេរិកទាំងអស់នោះទៀតឡើយ។ គួររម្លឹកជូនថា របបក្រុងព្យុងយ៉ាងតែងចោទអាមេរិកពីបទបង្កឲ្យមានសង្រ្គាមកូរ៉េ ព្រមទាំងទម្លាក់ការទទួលខុសត្រូវលើអាមេរិកពីបទបានពុះទឹកដីកូរ៉េជាពីរមកដល់សព្វថ្ងៃ។ ការពុះចែកឧបទ្វីបកូរ៉េដែលបានសម្រេចដោយអាមេរិក និងសម័យសហភាពសូវៀតនៅប៉ុន្មានថ្ងៃចុងក្រោយនៃសង្រ្គាមលោកលើកទី២។
គ្មានទេពាក្យជេរប្រមាថ និងតិះដៀលប្រឆាំងអាមេរិកដូចឆ្នាំមុនៗ តែថ្ងៃទី២៥ មិថុនានៅតែជាថ្ងៃដែលកូរ៉េខាងជើងមិនអាចបំភ្លេចបានឡើយ។ « រៀងរាល់ឆ្នាំថ្ងៃទី២៥ មិថុនា កងទ័ព និងប្រជាជនរបស់យើងតែងរម្លឹកការចងចាំជាមួយនឹងក្តីជំនឿ និងការប្តេជ្ញាចិត្តការពារជាតិ » នេះជាឃ្លានៅក្នុងកាសែតផ្លូវការកូរ៉េខាងជើង Rodong Sinmun។ កាសែតដដែលបានបន្ថែមថា អ្វីដែលបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល គឺសាមគ្គីភាព និងការប្តេជ្ញារបស់ពលរដ្ឋកូរ៉េខាងជើងក្នុងការកំចាត់សត្រូវ។ សត្រូវដែលកាសែតមិនបានចង្អុលចំប្រទេសណាមួយទេ ពោលខុសពីឆ្នាំ ២០១៧ ដែលកាសែតចង្អុលអាមេរិកជាចក្រពត្តិនិយម។
ក្រៅពីកាសែតផ្លូវការ សម្តីតិះដៀលប្រឆាំងអាមេរិកពីសំណាក់ពលរដ្ឋកូរ៉េខាជើងទូទៅក៏ហាក់មិនមានខ្ទរខ្ទារដូចមុនដែរ។ មែនទែនទៅ គឺទើបក្រោយជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំក្នុងថ្ងៃទី១២ មិថុនានៅប្រទេសសិង្ហបុរីទេដែលភាពប្រទូស្រ្តាយរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោនហាក់បានស្ងប់ស្ងាត់ច្រើន។ ក្រុមអ្នកជំនាញបានពន្យល់ថា ភាពអត់ធ្មត់ និងការបន្ទន់ឥរិយាបទរបស់កូរ៉េខាងជើងក៏ដោយសារតែក្រុងព្យុងយ៉ាងចង់បន្តរក្សា និងផ្តល់សន្ទុះលើលទ្ធផលវិជ្ជមាននៃជំនួបកំពូលគីម និងត្រាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ