អានតួអត្ថបទ
ចិន-កូរ៉េខាងជើង

កាសែត​ជប៉ុន៖ លោកគីម ជុងអ៊ុន​សុំ​ឲ្យ​លោកស៊ី ជីនពីង​ជួយ​ដកចេញ​វិញទណ្ឌកម្ម​លើ​កូរ៉េខាងជើង

មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​ធ្លាប់​បាន​ទទូចសុំ​ឲ្យ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ជួយ អន្តរាគមន៍ ឲ្យ​មាន​ការដកចេញ​ទៅវិញទណ្ឌកម្ម​សេដ្ឋកិច្ច ទៅលើ​របប​ព្យុងយ៉ាង។ នេះ​បើតាម​ការចុះផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ របស់​កាសែត​ជប៉ុន ដែល​បាន​ដកស្រង់​ប្រភព​ជាច្រើន នៅប្រទេស​ចិន និង​កូរ៉េខាងជើង។ តាម​កាសែត​ជប៉ុន Yomiuri Shimbun លោកគីម ជុងអ៊ុន​បាន​ស្នើ​យ៉ាងដូច្នេះ នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក ទៅ​ទីក្រុង​ប៉េកាំង នៅក្រោយ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​ប្រធានាធិបតី​អាមេរិក នៅ​ប្រទេស​សិង្ហបុរី កាលពីថ្ងៃទី ១២​មិថុនា។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​មេដឹកនាំ​កូរ៉េខាងជើង នៅទីក្រុង​ប៉េកាំង ថ្ងៃទី ២០ មិថុនា ២០១៨
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​មេដឹកនាំ​កូរ៉េខាងជើង នៅទីក្រុង​ប៉េកាំង ថ្ងៃទី ២០ មិថុនា ២០១៨ ©KCNA via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ជាលើកទី ៣ ជាមួយ ប្រធានាធិបតី​ចិន នៅទីក្រុង​ប៉េកាំង មេដឹកនាំ​កូរ៉េខាងជើង បាន​ទទូចសុំ​ឲ្យ​ប្រមុខដឹកនាំ​ចិន ជួយ​បិទបញ្ចប់​ទណ្ឌកម្ម​ដែល​កំពុង​បិទខ្ទប់​ដណ្តើម​សេដ្ឋកិច្ច​កូរ៉េខាងជើង។ “កូរ៉េខាងជើង បាន​រងឈឺ ប៉ះពាល់ យ៉ាងខ្លាំង​ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ដោយសារ​ឥលូវនេះ កូរ៉េខាងជើង​បាន​សម្រេច​ជោគជ័យ ក្នុង​បើកជំនួបកំពូល​ជាមួយអាមេរិក ខ្ញុំ​សុំ​ឲ្យ​ប្រទេស​ចិន ធ្វើការ​យ៉ាងណា ដើម្បី ដកចេញ​ទៅ​វិញ ឲ្យ​បាន​ឆាប់ ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ដាក់​មក​លើ​កូរ៉េខាងជើង។ នេះជា​ប្រសាសន៍​របស់​លោក​គីម ជុងអ៊ុន នៅពេល​ជួប​ពិភាក្សា​ជាមួយ​លោកប្រធានាធិបតី​ស៊ី ជីនពីង ដែល​កាសែត​ជប៉ុន បាន​ដកស្រង់​ចេញពី​ប្រភព​មន្រ្តី ចិន និង​កូរ៉េខាងជើង។

សូមអាន​៖ សេចក្តីថ្លែងការណ៍​​រួម​រវាង​លោកត្រាំ និង​លោកគីមចែង​ពី​អ្វី​ និង​អាច​បិទបញ្ចប់​អធិករ​រវាង​គ្នា​​​​​ឬ​ទេ?

នៅ​ប៉ុន្មានខែ​មកនេះ ចិន និងកូរ៉េខាងជើង បាន​ត្រលប់មក​ស្តារ​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ឡើងវិញ នៅបន្ទាប់​រអាក់រអួល​មួយរយៈ ដោយសារ​ចិន បានចូលរួម ជាមួយ​អង្គការ​សហប្រជាជាតិ ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង សម្រាប់​ការផ្គើន​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ និងគ្រាប់មីស៊ីល។ មេដឹកនាំ​វ័យក្មេង របស់កូរ៉េខាងជើង បានជ្រើសរើស​យក​ចិន ជាប្រទេស​ដំបូង សម្រាប់ដំណើរ​ទស្សនកិច្ច​លើកទី១ នៅ​បរទេស។ នៅមុនបើក​ជំនួបកំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក លោកគីម ជុងអ៊ុន​បាន​ធ្វើដំណើរ​ទៅជួប​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ដល់ទៅ​២លើក ព្រោះថា ចិន មិនត្រឹម​តែ​ជា​ថៅកែ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​តែប៉ុណ្ណោះទេ ប៉ុន្តែ ជា​ចិន ក៏​ជា​អ្នកការពារ​យ៉ាងចេញមុខ របប​កុម្មុយនិស្ត​កូរ៉េខាងជើង នៅក្នុងឆាកអន្តរជាតិ។​

តាម​កាសែត ជប៉ុន Yomiuri Shimbun​ដដែល ប្រធានាធិបតី​ចិន បាន​សន្យា​តប​ទៅវិញ ថា លោកនឹង​ប្រឹង​អស់​សមត្ថភាព ដើម្បី បំពេញ​តាមបំណងប្រាថ្នា​របស់​កូរ៉េខាងជើង។ ប្រធានាធិបតី​ចិន បាន​និយាយ​ប្រាប់​ផងដែរ មេដឹកនាំ​កូរ៉េខាងជើង ថា ចិន​គាំទ្រ​យ៉ាងសកម្ម នយោបាយ​ធ្វើកំណែទម្រង់ និង​បើកចំហរ​របស់​ក្រុង​ព្យុងយ៉ាង។ នៅពេល​ដែល​លោកគីម ជុងអ៊ុន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន គាំទ្រ កូរ៉េខាងជើង នៅក្នុង​ដំណាក់កាល​ចរចា ជាមួយ​អាមេរិក ក្នុង​រឿង លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ លោក​ស៊ី ជីនពីង បានទាមទារ​ផងដែរ​ឲ្យ​កូរ៉េខាងជើង នៅតែ​បន្ត ពិគ្រោះយោបល់ ជាប់ជានិច្ច ជាមួយ ចិន នៅក្នុង​ដំណាក់កាល ចរចា​ជាមួយ អាមេរិក។

ចិន និង​អាមេរិក សង្ឃឹម​ថា នឹង​អាច​ឈាន​ទៅ​លុបបំបាត់ មិនឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ជាមួយ ប្រធានាធិបតី​អាមេរិក មេដឹកនាំ​កូរ៉េខាងជើង បាន​សន្យា​បំផ្លាញ​ចោល​អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ តាម​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​អាមេរិក ដែល​ដកស្រង់​សំដី​ដោយ​កាសែត The Washington Post កាលពី​ថ្ងៃ​សៅរ៍ ដោយលាក់​មិន​ឲ្យ​អាមេរិកដឹង កូរ៉េខាងជើង នៅ​តែ​រក្សា​ក្បាល​គ្រាប់​នុយក្លេអែរ ហើយ​និងទីតាំង​ផលិតអាវុធ​នុយក្លេអ៊ែរដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ