ភូមា ៖ គណៈកម្មការពិគ្រោះវិបត្តិរ៉ូហ៊ីងយ៉ារងការរិះគន់ ពីសមាជិកឯង
សមាជិកគណៈកម្មការទទួលបន្ទុកផ្តល់ប្រឹក្សាដល់រដ្ឋាភិបាលភូមា ស្តីពីវិបត្តិរ៉ូហ៊ីងយ៉ា ទទួលការរិះគន់កាន់តែច្រើនឡើងៗ និងជាពិសេសពីសំណាក់សមាជិករបស់ខ្លួនឯង។ នៅល្ងាចថ្ងៃសៅរ៍ទី ២១កក្កដា ម្សិលមិញ មានសមាជិកម្នាក់ទៀត សុំលាលែងចេញពីតំណែង ជាសាធារណៈ។ មូលហេតុនៃការដើរចេញពីតួនាទី គឺមកពីលោកមើលឃើញអំពីស្ថានភាពរបស់គណៈកម្មការថាមិនអាចធ្វើអ្វីកើត និងគ្មានលទ្ធភាពផ្តល់ដំណោះស្រាយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥០
គណៈកម្មការទទួលបន្ទុកផ្តល់ប្រឹក្សាស្តីអំពីវិបត្តិរ៉ូហ៊ីង ជាប់ប្រឡៅក ! នេះជាពាក្យរិះគន់ប្រើដោយលោក កូបសាក់ ជុទិគុល Kobsak Chutikul ដែលបានលាលែងចេញពីតំណែងជាលេខាគណៈកម្មការ តាំងតែពីថ្ងៃទី ១០កក្កដាមក តែទើបប្រកាសជាសាធារណៈនិងផ្លូវការនៅថ្ងៃសៅរ៍ម្សិលមិញ។
ជាអតីតឯកអគ្គរដ្ឋទូត និងជាអតីតសមាជិកសភាថៃ លោក ជុទិគុល មានបន្ទុកប្រមែប្រមូលព័ត៌មាន និងឯកសារការងារត្រៀមប្រជុំ។ ប៉ុន្តែលោកមិនអាចទ្រាំនឹងការងារនេះបានតទៅទៀត ព្រោះបើតាមពាក្យបរិហាររបស់លោក គណៈកម្មការគ្មានមធ្យោបាយ បាននិងរងសម្ពាធ យ៉ាងធ្ងន់មិនឱ្យទទួលមូលនិធិអន្តរជាតិ ហើយម្យ៉ាងទៀតគ្មានតំណាងយោធាភូមាណាម្នាក់ឱ្យគណៈកម្មការជួបទេ។
នេះជាករណីលាលែងចេញពីតំណែងទីពីរហើយ គិតចាប់ពីខែធ្នូ ២០១៧ថ្ងៃ បង្កើតគណៈកម្មការប្រឹក្សានេះឡើងមក។ គ្រាន់តែគណៈកម្មការចាប់ដំណើរការបានមួយខែ មន្ត្រីទូតអាមេរិក លោកប៊ីល រីឆាសិន បានប្រកាសដើរចេញភ្លាមដែរ ជាមួយនឹងពាក្យបរិហារថាមានកង្វះសីលធម៌ដឹកនាំពីសំណាក់អ្នកទទួលត្រូវភូមា។
សូមបញ្ជាក់ថាគណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយលោកស្រី អ៊ុងសានស៊ូជី ដើម្បីជួយផ្តល់ប្រឹក្សាដល់រដ្ឋាភិបាល ក្នុងចំណាត់ការដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋអារ៉ាកាន។ តាំងពីខែសីហា ២០១៧មក ភូមាបានស្គាល់វិបត្តិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ ពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម គ្មានប្រទេសគ្មានសញ្ជាតិ ប្រមាណជិត៧សែននាក់ បាននាំគ្នារត់គេចខ្លួនពី ទង្វើបង្ក្រាបកាប់សម្លាប់របស់យោធាភូមា ទៅជ្រកកោននៅប្រទេសបង់ក្លាដែសជិតខាង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ