អានតួអត្ថបទ
ឥណ្ឌា-កាស្មៀរ

ឥណ្ឌា៖​មាន​ស្លាប់​ចំនួន ១១នាក់​នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​នៅ​តំបន់​កាស្មៀរ​ឥណ្ឌា

នៅ​ក្នុង​តំបន់​កាស្មៀរ​ឥណ្ឌា មាន​មនុស្ស​ស្លាប់​ចំនួន ១១នាក់ ក្នុង​នោះ​មាន​ជនស៊ីវិល ៧នាក់ ពួក​ឧទ្ទាម ៣នាក់ និង​ទាហាន​ម្នាក់​នា​ថ្ងៃ​សៅរ៍ ទី១៥ ធ្នូ។ កងទ័ព​បាន​បើក​ការ​បាញ់រះ​លើ​ហ្វូង​បាតុករ បន្ទាប់​ពី​មាន​ការ​​បាញ់ប្រហារ​ត តាំង​គ្នា​រវាង​កងទ័ព និង​ពួកឧទ្ទាម​អ្នកទាមទារ​ផ្តាច់ទឹកដី នេះ​បើ​យោង​តាម​ប្រភព​ពី​កម្លាំងសមត្ថកិច្ច និង​អ្នកទទួលខុសត្រូវ​មន្ទីរពេទ្យ។

នៅ​តំបន់​កាស្មៀរឥណ្ឌា ​មាន​ស្លាប់​ចំនួន ១១នាក់​នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា
នៅ​តំបន់​កាស្មៀរឥណ្ឌា ​មាន​ស្លាប់​ចំនួន ១១នាក់​នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា REUTERS/Danish Ismail
ផ្សាយពាណិជ្ជកម្ម

ការ​បាញ់ប្រហារ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ពូលវ៉ាម៉ា​ក្នុង​ពេល​ដែល​កម្លាំងទ័ព​កំពុង​ឡោមព័ទ្ធ​ផ្ទះ​មួយ​ដែល​ពួក​ឧទ្ទាម​កំពុង​លាក់ខ្លួន។ នៅ​ក្នុង​ការ​បាញ់ប្រហារ​នោះ មាន​ស្លាប់​មនុស្ស ៥នាក់ គឺ​ឧទ្ទាម​អ្នកទាមទារ​ផ្តាច់ទឹកដី​និយមចំនួន ៣នាក់ អតីត​ទាហាន​ម្នាក់​ដែល​បាន​ចូលរួម​ជា​មួយ​ពួកឧទ្ទាម និង​ទាហាន​រដ្ឋាភិបាល​ម្នាក់។ តែ​ក្នុង​ពេល​កើត​មាន​ការ​បាញ់ប្រហារ គេ​ឃើញ​មាន​ពលរដ្ឋ​ប្រមាណ​ជា ១០០នាក់​បាន​នាំ​គ្នា​ដើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​ដែល​ពួក​ឧទ្ទាម​លាក់ខ្លួន​ជាមួយ​នឹង​សម្រែក​គាំទ្រ​ពួក​អ្នកទាមទារ​ផ្តាច់ទឹកដី។ គឺ​ពេល​នោះ​ហើយ​ដែល​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពលរដ្ឋ​ទាំង​នោះ និង​កម្លាំងទ័ព​បាន​ផ្ទុះ​ឡើង​យ៉ាង​ហិង្សា។

ប៉ូលិស​ម្នាក់​មិន​ព្រមបញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា កងទ័ព​បាន​បើក​ការ​បាញ់រះ​សំដៅ​ត្រង់​លើ​ពលរដ្ឋ​ទាំង​នោះ​ដោយ​បណ្តាល​ឲ្យ​ស្លាប់​ចំនួន ៧នាក់ គឺ ៦នាក់​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើត​ហេតុ និង​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ក្រោយ​ពី​បាន​រងរបួស​ធ្ងន់។ អំពើហិង្សា​ថ្មី​នៅ​តំបន់​កាស្មៀរ​ឥណ្ឌា​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​ឆ្នាំ ២០១៨ ជិត​បិទបញ្ចប់​ជាមួយ​នឹង​ចំនួន​មនុស្ស​ស្លាប់​ជិត ៥៥០នាក់ ក្នុង​នោះ​មាន​ជនស៊ីវិល​ប្រមាណ​ជា ១៥០នាក់។ គឺ​ជា​តួលេខ​មួយ​ខ្ពស់​គិត​តាំង​ពី​ឆ្នាំ ២០០៩។ យោង​តាម​អ្នកទទួល​ខុសត្រូវ​សន្តិសុខ​នៃ​តំបន់​កាស្មៀឥណ្ឌា មាន​ស្លាប់​ពួក​ឧទ្ទាម​ចំនួន ២៣០នាក់​គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៨ ហើយ​ពួក​គេ​ជា​ភាគច្រើន​ជា​អ្នករស់នៅ​ក្នុង​តំបន់​កាស្មៀរ។

គួរ​រម្លឹក​ថា​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​អាណានិគមនិយម​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៤៧ តំបន់​កាស្មៀ​ត្រូវ​បាន​ពុះចែក​ជា​ពីរ គឺ​ម្ខាង​ជា​របស់​ប្រទេស​ឥណ្ឌា និង​ម្ខាង​ទៀត​ជា​របស់​ប្រទេស​ប៉ាគីស្ថាន។ តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ តំបន់​មួយ​នេះ​កំពុង​បន្ត​ទាមទារ​ផ្តាច់មុខ​ពី​ទីក្រុង​ញូដែលី និង​ពី​ទីក្រុង​អ៊ីស្លាម៉ាបាត។ ឥណ្ឌា​ដែល​តែង​ប្រឈម​នឹង​អំពើហិង្សា​បង្ក​ដោយ​ពួក​ឧទ្ទាមផ្តាច់ទឹកដី​និយម​ក្នុង​តំបន់​កាស្មៀរឥណ្ឌា​តែង​ចង្អុល​មុខ​ប៉ាគីស្ថាន​ពី​បទ​គាំទ្រ និង​បំពាក់​អាវុធ​ឲ្យ​ពួក​ឧទ្ទាមផ្តាច់ទឹកដីនិយម​នោះ។ សព្វថ្ងៃ ឥណ្ឌា​បាន​ដាក់​ពង្រាយ​កម្លាំង​ទ័ព​ប្រមាណ​ជា ៥០០ ០០០នាក់​នៅ​ក្នុង​តំបន់​កាស្មៀ​ដែល​ខ្លួន​កំពុង​កាន់កាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ