ស្រីលង្កាមានរដ្ឋាភិបាលថ្មី បិទបញ្ចប់វិបត្តិនយោបាយផ្ទៃក្នុង
វិបត្តិនយោបាយដែលបានធ្វើឱ្យស្រីលង្កាជាប់គាំងអស់រយៈពេល៧សប្តាហ៍ បានឈានចូលវគ្គបញ្ចប់។ បន្ទាប់ពីបានព្រមព្រៀងតែងតាំងនាយករដ្ឋមន្ត្រីទម្លាក់ពីតំណែង ឱ្យឡើងកាន់តួនាទីជាថ្មីវិញ កាលពីថ្ងៃអាទិត្យ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានប្រកាសតែងតាំងរដ្ឋាភិបាលថ្មី ដែលមានសមាជិកសរុប ៣០រូប។
ចុះផ្សាយនៅថ្ងៃ៖
“ការបង្កើតរដ្ឋាភិបាលថ្មី ជួបភាពយឺតយ៉ាវ ក៏ព្រោះតែប្រធានាធិបតីចង់រក្សាអំណាចគ្រប់គ្រងប្រព័ន្ធឃោសនាព័ត៌មាននិងប៉ូលិស” ! នេះបើតាមសេចក្តីពន្យល់បំភ្លឺរបស់អ្នកនាំពាក្យរដ្ឋាភិបាល ក្នុងឱកាសប្រកាសបង្ហាញអំពីសមាសភាពរដ្ឋាភិបាលថ្មី ដោយបន្ថែមទៀតថា ពេលនេះ ប្រធានាធិបតីព្រលែងក្រសួងព័ត៌មានមួយហើយ។ តែក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Maithripala Sirisena មានទំនួលខុសត្រូវលើស្ថាប័នប៉ូលិស បន្ថែមពីលើតួនាទីជាប្រមុខរដ្ឋទៀត។
គ្មានរដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសាធារណៈ រដ្ឋាភិបាលស្រីលង្កាថ្មីនេះ ត្រូវដឹកនាំដោយ លោក Ranil Wickremesinghe ជាអតីតនាយករដ្ឋមន្ត្រី ដែលទើបត្រូវបានតែងតាំងជាប្រមុខរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ ទី ១៦ធ្នូ។
ចំណែកក្រសួងសំខាន់ៗដូចជា ក្រសួងហិរញ្ញវត្ថុ និងក្រសួងការបរទេស ត្រូវបានរក្សាទុក និងប្រគល់ទៅឱ្យរដ្ឋមន្ត្រីនៃរដ្ឋាភិបាលមុនគ្រប់គ្រងដដែល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦តុលា ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានសម្រេចជាអត្តនោម័តិដកលោក Ranil Wickremesinghe ចេញពីតួនាទីនាយករដ្ឋមន្ត្រី ហើយដាក់អ្នកជាតិនិយមលោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សេ ជំនួសវិញ។ ប៉ុន្តែដោយគ្មានសម្លេងភាគច្រើនដាច់ខាតនៅក្នុងរដ្ឋសភា ដោយប្រឈមនឹងការបដិសេធរបស់បក្សប្រឆាំង និងការបដិសេធរបស់តុលាការស្រីលង្កា ទើបលោកប្រធានាធិបតីក៏សុខចិត្តដកថយ នាពេលនេះ។ កាលពីថ្ងៃអាទិត្យទី ១៦ធ្នូ លោកបានប្រកាសទទួលស្គាល់ និងតែងតាំងលោក Ranil Wickremesinghe ជានាយករដ្ឋមន្ត្រីជាថ្មី ដោយអះអាងថា លោកនៅតែមិនចង់តែងតាំងលោក Wickremesinghe ជាប្រមុខរដ្ឋាភិបាលថ្មីដដែល ប៉ុន្តែលោកគ្មានជម្រើសអ្វីក្រៅអំពីទទួលព្រមស្តាប់សំឡេងភាគច្រើននៅក្នុងរដ្ឋសភា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ