អាហ្វហ្កានីស្ថាន ៖ មានការវាយប្រហារក្នុងក្រសួងការងារ នាក្រុងកាប៊ូល
បន្ទាប់ពីបានបំផ្ទុះរថយន្តមួយគ្រឿងឱ្យផ្ទុះផ្អើលមក ជនប្រដាប់អាវុធមួយក្រុមបាននាំគ្នាសម្រុកចូលទៅក្នុងអាគារមួយរបស់ក្រសួងការងារអាហ្វហ្កានីស្ថានទៀត នាថ្ងៃចន្ទទី ២៤ធ្នូនេះ។ នេះបើតាមប្រភពព័ត៌មានផ្តល់ដោយអ្នកទទួលខុសត្រូវរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងសាក្សីជាច្រើន។ ពុំទាន់មានក្រុមណាចេញប្រមុខប្រកាសទទួលស្គាល់ទង្វើនេះទេ។ កងកម្លាំងសន្តិសុខអាចយកឈ្នះពួកប្រដាប់អាវុធបាន បន្ទាប់ពីមានការវាយប្រហារអស់រយៈពេលជាង៧ម៉ោង ដែល បង្កឱ្យស្លាប់៤៣នាក់ របួស ២៥នាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៦
អ្នកនាំពាក្យក្រសួងមហាផ្ទៃម្នាក់បានជូនដំណឹងអំពីការបំផ្ទុះរថយន្តមួយគ្រឿងដំបូង ! អ្នកនាំពាក្យម្នាក់ទៀត បានប្រាប់ថាមានការផ្ទុះរថយន្តមួយគ្រឿងទីពីរ នៅមាត់ច្រកចូលចំណតរថយន្ត... ហើយទន្ទឹមគ្នានោះជនប្រដាប់អាវុធជាច្រើននាក់ បាននាំគ្នាសម្រុកចូលក្នុងអាគារដែលជាការិយាល័យរបស់ក្រសួងការងារនិងកិច្ចការសង្គម នៅទីក្រុងកាប៊ូល។ សំឡេងបាញ់កាំភ្លើងបាញ់តគ្នាបានលាន់ឮឡើង នៅខាងក្នុងអាគារ រវាងជនប្រដាប់អាវុធជាមួយនឹងកងរក្សាសន្តិសុខ និងការបាញ់សំដៅទៅលើអាគាររបស់ភ្នាក់ងារចារកិច្ចអាហ្វហ្កានីស្ថាន ក្បែរនោះផង។ នេះបើតាមការរៀបរាប់របស់បុគ្គលិកក្រសួងការងារដែលរត់គេចរួច។
បើតាមប្រភពភ្នាក់ងារសន្តិសុខ ជនប្រដាប់អាវុធជាច្រើននាក់ពិតជាជ្រៀតចូលដល់ក្នុងក្រសួងការងារនិងកិច្ចសង្គមមែន។ ក្នុងពេលដែលការវាយប្រហារកំពុងបន្តសកម្មភាពនៅឡើយ ក្រសួងសុខាភិបាលបានរាប់ឃើញមានអ្នករបួសបួននាក់ ក្នុងនោះមានម្នាក់បានលោតតាមបង្អួច ពីជាន់ទីបី បង្កឱ្យបាក់ឆ្អឹងជាច្រើនកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១១កន្លះ ម៉ោងសកល ថ្ងៃចន្ទទី ២៤ធ្នូ ២០១៨ ! និងមានការប្រយុទ្ធតតាំងគ្នាជាច្រើនម៉ោង។ក្រោយពីមានការប្រយុទ្ធតតាំងគ្នាអស់ប្រមាណពីរបីម៉ោង កងកម្លាំងរក្សាសន្តិសុខអាហ្វហ្កានីស្ថាន បានសម្លាប់ជនប្រដាប់អាវុធបានពីរនាក់ និងរំដោះបុគ្គលិកក្នុងអាគារបានជាងពីររនាក់ ខណៈដែលមានជនស៊ីវិលជាច្រើននាក់ផ្សេងទៀត ជាប់ជាចំណាប់ថ្នូរក្នុងដៃសត្រូវនៅឡើយ។ ជាង៧ម៉ោងក្រោយ ទើបកងកម្លាំងរក្សាសន្តិសុខអាហ្វហ្កានីស្ថាន អាចបញ្ចប់ប្រតិបត្តិការនិងរំដោះជនស៊ីវិលទាំងជាង៣៥០នាក់បាន។
គឺជាការវាយប្រហារទ្រង់ទ្រាយធំបំផុត គិតចាប់ពីក្រោយបំផ្ទុះរថយន្តនៅមុខទីស្នាក់ការក្រុមហ៊ុនសន្តិសុខអង់គ្លេសកាលពីថ្ងៃទី ២៨ វិច្ឆិកាមក។
ការវាយប្រហារនេះក៏បានកើតឡើង ក្នុងខណៈដែលអាហ្វហ្កានីស្ថាន កំពុងឆ្លងកាត់ស្ថានការណ៍មិនច្បាស់លាស់ ជាមួយនឹងសេចក្តីប្រកាស (មិនទាន់ជាផ្លូវការ) របស់អាមេរិក ចង់ដកកងទ័ពចំនួន ៧០០០នាក់ ចេញពីអាហ្វហ្កានីស្ថាន។ ជាសេចក្តីជូនដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកការទូត និងអ្នកនយោបាយនៅកាប៊ូល។ ថ្វីបើរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានប្រកាសថាការដកកងទ័ពអាមេរិកគ្មានផលប៉ះពាល់ដល់សន្តិសុខជាតិមែន តែនៅថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអាហ្វហ្កានីស្ថាន បានតែងតាំងអតីតមន្ត្រីចារកិច្ចពីរនាក់ ដែលមាននិន្នាការប្រឆាំងដាច់ខាតនឹងតាលីបង់ ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិនិងមហាផ្ទៃ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ