អានតួអត្ថបទ

ខ្វះ​ស្ត្រីក្នុង​ស្រុក បុរសចិនងាកទៅទិញស្រីវៀតណាម មកធ្វើប្រពន្ធ

នយោបាយ​កូន​ទោល​របស់​ចិន និង​ប្រពៃណី​ចង់​បាន​តែកូន​ប្រុស​សម្រាប់​បន្ត​ត្រកូល បាន​និង​កំពុង​បន្ត​ឱ្យ​សង្គម​ចិន​វិសមភាព បុរស​ច្រើន​ជាង​ស្ត្រី។ ដោយ​មិន​អាច​រក​ប្រពន្ធបាន​​នៅ​ក្នុង​ប្រទេស បុរស​ចិន​បាន​ងាក​ទៅ​រក​ទិញ​ស្រ្តី​នៅប្រទេស​ជិត​ខាង​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក្រៅ​អំពី​របាយការណ៍​ដ៏​រន្ធត់​ស្តី​អំពី​ការ​លក់​ដូច​ស្ត្រី​​​ភូមាទៅ​ឱ្យ​ចិន ​វៀតណាម​ក៏អ្នក​រងគ្រោះ​ដ៏​​សំខាន់​មួយ​នៃ​ការ​លក់ដូរ​​​ស្ត្រី​ភេទ​នេះ​ដែរ។

ភូមិ​នៅ​លីវ​មួយ​នៅ​ប្រទេស​ចិន ដែល​បុរស​ពេល​វ័យ​រក​ប្រពន្ធ​មក​រៀបការ​មិន​បាន
ភូមិ​នៅ​លីវ​មួយ​នៅ​ប្រទេស​ចិន ដែល​បុរស​ពេល​វ័យ​រក​ប្រពន្ធ​មក​រៀបការ​មិន​បាន © RFI/Heike Schmidt
ផ្សាយពាណិជ្ជកម្ម

មិន​ខុស​ពី​បណ្តា​ប្រទេស​ជិត​ខាង ជាពិសេស​ឡាវ​និង​ភូមា ស្ត្រី​វៀតណាម​ដែលភាគ​ច្រើន​​​​រស់​នៅ​ក្នុង​តំបន់​ក្រីក្រ ដាច់​ស្រយាល ក៏​កំពុង​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​​មនុស្ស តាមរយៈ​​ការ​​លក់​​យ៉ាង​ថ្លៃ​ទៅ​ឱ្យ​បុរស​ចិន។

ដើម្បី​បន្លំស្ត្រី​រងគ្រោះ ឈ្មួញ​បាន​អួត​អាង​អំពី​ជីវិត​ដ៏​ប្រសើរ​នៅ​ចិន និង​អំពី​ភាព​ទូលំទូលាយ​នៃ​ទីផ្សារ​ការ​ងារនៅ​ចិន​ ឬ​​ក៏ការ​រៀប​ចំ​អាពាហ៍ពិពាហ៍​ជាមួយ​បុរសអ្នក​មាន​ចិន។ ហើយ​ក៏​មានច្រើន​ដែរ​​ករណីចាប់​​ស្ត្រី​វៀតណាមយក​ទៅត្រង់ៗ​តែ​ម្តង ក្រោយ​ពី​បាន​​បង្អក​គ្រឿង​ញៀន។ ជាទូទៅ គឺ​ក្រុមគ្រួសារ និង​មនុស្ស​ជំនិត​របស់​ជន​រងគ្រោះ​ជា​អ្នក​រៀប​ចំ​ផែនការ​លក់​ស្ត្រី នេះ​ឡើង។

បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល Dragon bleu នាគខៀវ មាន​ស្ត្រី​ជា​ច្រើន​ពាន់​នាក់​ណាស់ ក្នុង​មួយ​ឆ្នាំៗ ដែល​បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ជំនួញ​ទិញ​ប្រពន្ធ។ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក អង្គការ​បាន​​​សង្គ្រោះ​ស្ត្រី​រងគ្រោះ​​វៀតណាម​មិន​តិច​ជាង​៤០០​នាក់​ ពី​អន្លង់​ទាសករ​ផ្លូវភេទ​ និងដែល​ត្រូវ​គេ​​រៀប​ការដោយ​​បង្ខំ​ ឱ្យ​រត់​គេច​ខ្លួន​ត្រលប់​មក​ពី​ចិន​វិញ​បាន។ ហើយ​ជា​ទូទៅ គឺ​ស្ត្រី​រងគ្រោះ​ផ្ទាល់​ជា​អ្នក​ស្វែង​អន្តរាគមន៍​សង្គ្រោះ។

​សកម្មភាព​របស់​អង្គការ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​កាន់​តែ​ច្រើន។ ក្នុង​អំឡុង​ពេល​៥​ឆ្នាំ​ចុងក្រោយ​​នេះ អង្គការ​ក៏​បាន​វែក​រក​ឃើញ​​អ្នក​ជួញដូរ​មនុស្ស​ឱ្យ​ខុស​ច្បាប់​៧៦​នាក់ ឱ្យ​តុលាការ​កាត់​ទោស។ ជា​ចំនួន​ដ៏​ច្រើន​បើ​យោង​ទៅ​លើ​ទំហំ​និង​មធ្យោបាយ​ដ៏​ស្តួចស្តើង​របស់​អង្គការ តែ​ជា​ចំនួន​ដ៏​តិច​បំផុត បើ​ប្រៀប​ទៅ​ចំនួន​ស្ត្រី​រងគ្រោះ។

ទោស​ជួញ​ដូរ​ស្ត្រី​ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ដល់​ទៅ ២០​ឆ្នាំ ប៉ុន្តែ​​​ជំនួញ​នេះ​ត្រូ​វ​បាន​រៀប​ចំ​ឡើង​ជា​​បណ្តាញ​ និងសុះ​សាយ​ខ្លាំង ព្រម​ទាំង​ផ្តល់​​ផល​យ៉ាង​កាក់កប ក្នុង​ទំហំ​ដល់​ទៅរាប់​សិប​​លាន​អឺរ៉ូ ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ព្រោះ​តម្រូវការ​មក​ពី​ខាងចិន​ មិន​​​ចុះ​ថយ​សោះ ហើយ​ការ​អប់រំ​ស្ត្រី​តាម​ជនបទ​ក៏​នៅ​មាន​កំរិត​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ