អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

លោកត្រាំចង់ដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន តែខ្លាចអាហ្វហ្កានីស្ថានក្លាយជាមន្ទីរពិសោធន៍សម្រាប់ពួកភេរវជន

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ថ្លែង​ថា លោក​មាន​បំណង​ចង់​ដក​ទ័ពអាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន។ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក​ត្រាំ​ក៏​បារម្ភ​ខ្លាច​ប្រទេស​អាស៊ីកណ្តាល​មួយ​នេះ​ក្លាយ​ជា​មន្ទីរពិសោធន៍​របស់​ពួក​ភេរវជន បើ​គ្មាន​វត្តមាន​ទ័ពអាមេរិក។ ការ​ថ្លែង​យ៉ាង​ដូច​នេះ​របស់​លោក​ត្រាំ​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក Fox News នា​ចុង​សប្តាហ៍​កន្លង​ទៅ។ លោក​ត្រាំ​បាន​បញ្ជាក់​ថា បើ​មាន​ការ​សម្រេច​ដក​ទ័ពអាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន​មែន លោក​នឹង​ពង្រឹង​បន្ថែម​នូវ​កម្លាំង​ចារកិច្ច​ជំនួស​វិញ។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ថ្លែង​របស់​លោក​ត្រាំ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​ក្រុម​ឧទ្ទាម​តាលីបង់​គ្រោង​ជួប​ចរចា​គ្នា​ជា​ថ្មី​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី៧ កក្កដា​ក្នុង​ប្រទេស​កាតា។

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ
ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បទសម្ភាសន៍​ដែល Fox News បាន​ថត​នៅ​ចុង​សប្តាហ៍ និង​ទើប​បាន​ចាក់​ផ្សាយ​នា​ថ្ងៃ​ចន្ទ ទី១ កក្កដា លោក​ដូណាល់ ត្រាំ​បាន​ប្រដូច​ប្រទេស​អាហ្វហ្កានីស្ថាន​ទៅ​នឹង​សកលវិទ្យាល័យ Harvard នៃ​ពួក​ភេរវជន។ នៅ​ក្នុង​បទសម្ភាសន៍​ដដែល លោក​ត្រាំ​បាន​និយាយ​ប្រាប់ Fox News ពី​កិច្ចសន្ទនា​ដែល​លោក​មាន​ជា​មួយ​ក្រុម​ឧត្តមសេនីយ​អាមេរិក​ប្រចាំ​អាហ្វហ្កានីស្ថាន​ដោយ​លោក​ប្រាប់​ពី​ពួក​គេ​ពី​បំណង​របស់​លោក​ចង់​ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។ តែ​ក្រុម​ឧត្តមសេនីយ​បាន​និយាយ​ប្រាប់​លោក​ត្រាំ​វិញ​ថា គេ​គួរ​តែ​ប្រយុទ្ធ​ទល់​នឹង​ពួក​ភេរវជន​នៅ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​ជាជាង​នៅ​ក្នុង​ទឹកដី​អាមេរិក។ តែ​ទន្ទឹម​នឹង​ចង់​ដក​ទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន លោក​ត្រាំ​ក៏​បាន​បារម្ភ​ខ្លាច​ប្រទេស​អាស៊ីកណ្តាល​មួយ​នេះ​ក្លាយ​ជា​មន្ទីរពិសោធន៍​របស់​ពួក​ភេរវជន បើ​គ្មាន​វត្តមាន​ទ័ព​អាមេរិក។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ត្រាំ​បាន​ធានា​ថា បើ​លោក​សម្រេច​ដក​ទ័ពអាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន លោក​នឹង​ពង្រឹង​បន្ថែម​នូវ​កម្លាំង​ស៊ើបការណ៍​សម្ងាត់​ជំនួស​វិញ ពោល​មិន​មែន​បោះបង់​ចោល​អាហ្វហ្កានីស្ថាន​ទាំង​ស្រុង​ទេ។ ការ​ថ្លែង​យ៉ាង​ដូច​នេះ​របស់​លោក​ត្រាំ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​មុន​ផ្ទុះ​អំពើ​ភេរវកម្ម​អត្តឃាត​ក្នុង​ទីក្រុង​កាប៊ូល ប្រទេស​អាហ្វហ្កានីស្ថាន​នា​ថ្ងៃ​ចន្ទ ទី១ កក្កដា​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៦នាក់ និង​របួស ១០៥នាក់​ផ្សេង​ទៀត។ ម្យ៉ាង​ទៀត ការ​ថ្លែង​របស់​លោក​ត្រាំ​ក៏​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​រដ្ឋាភិបាល​អាហ្វហ្កាស្ថាន និង​ក្រុម​តាលីបង់​គ្រោង​ជួប​ចរចា​គ្នា​ជា​ថ្មី​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី៧ កក្កដា​ក្នុង​ប្រទេស​កាតា​ដើម្បី​បន្ត​ស្វែង​រក​កិច្ចព្រមព្រៀង​នយោបាយ​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង។

ព័ត៌មាន​មួយ​នេះ​បាន​ប្រកាស​រួម​គ្នា​ដោយ​អាមេរិក និង​អាល្លឺម៉ង់​នៅ​ថ្ងៃ​ចន្ទ ទី១ កក្កដា។ អាល្លឺម៉ង់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​អន្តរជាតិ​សម្រាប់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ហើយ​កាតា​បាន​ដើរ​តួនាទី​ជា​អ្នក​ទាក់ទង​ជាមួយ​ចលនា​ឧទ្ទាម​តាលីបង់។ គួរ​រម្លឹក​ថា ពួក​តាលីបង់​បាន​បដិសេធ​ការ​ចរចា​ជាមួយ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ហ្កានី ហើយ​ការ​ព្យាយាម​អូសទាញ​ភាគី​ទាំង​ពីរ​ឲ្យ​ចូល​តុចរចា​កន្លង​មក​បាន​ទទួល​បរាជ័យ​ដោយសារ​តែ​មិន​ចុះ​សម្រុង​គ្នា​ស្តីពី​អ្នក​ចូលរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ