អានតួអត្ថបទ
ស្រីលង្កា

ស្រីលង្កា៖ប្រធានាធិបតី​ប្រឆាំង​​គម្រោងរបស់​រដ្ឋាភិបាល​ស្តីពី​កិច្ចព្រមព្រៀងយោធា​ជាមួយ​អាមេរិក

នៅ​ស្រីលង្កា ប្រធានាធិបតី​លោក​ម៉ៃទ្រីប៉ាឡា ស៊ីរីសេណា​បាន​ប្រកាស​ក្នុង​ថ្ងៃ​សៅរ៍ ទី៦ កក្កដា​ថា លោក​នឹង​ប្រើ​សិទ្ធិវ៉េតូ​ប្រឆាំង​នឹង​គម្រោង​កិច្ចព្រមព្រៀង​យោធា​រវាង​អាមេរិក និង​ស្រីលង្កា​ដែល​រដ្ឋាភិបាល​របស់​លោក​កំពុង​ចរចា​ជាមួយ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន។ គម្រោង​កិច្ចព្រមព្រៀង​យោធា​រវាង​ស្រីលង្កា និង​អាមេរិក​ក្រោម​ឈ្មោះ « Status of Forces Agreement » ឬ​ហៅ​កាត់ SOFA នឹង​អនុញ្ញាត​ឲ្យ​កម្លាំងទ័ព​អាមេរិក​ប្រើប្រាស់​កំពង់ផែ​ស្រីលង្កា​មួយ​ចំនួន​ដោយ​សេរី។ លោក​ស៊ីរីសេណា​យល់​ថា គម្រោង​កិច្ចព្រមព្រៀង​យោធា​រវាង​ស្រីលង្កា និង​អាមេរិក​ជា​ការ​រំលោភ​លើ​ឯករាជ្យ និង​អធិបតេយ្យ​របស់​ស្រីលង្កា។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា លោក​ស៊ីរីសេណា និង​នាយករដ្ឋមន្រ្តី​របស់​គាត់​កំពុង​បន្ត​ប្រជែង​កម្លាំង​គ្នា។

ប្រធានាធិបតីស្រីលង្កា​លោកម៉ៃទ្រីប៉ាឡា ស៊ីរីសេណា
ប្រធានាធិបតីស្រីលង្កា​លោកម៉ៃទ្រីប៉ាឡា ស៊ីរីសេណា ©REUTERS/Dinuka Liyanawatte/File Photo
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត នាយករដ្ឋមន្រ្តី​លោក​រ៉ានីល វីក្រេមីស៊ីនហ្គេ​ដែល​និយាម​បស្ចិមលោក​កំពុង​បន្ត​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ពី​ប្រធានាធិបតី​លោក​ម៉ៃទ្រីប៉ាឡា ស៊ីរីសេណា។ លោក​ស៊ីរីសេណា​បាន​ពន្យល់​ថា លោក​នឹង​ជំទាស់​លើ​គម្រោង​កិច្ចព្រមព្រៀង SOFA ដែល​រដ្ឋាភិបាល​ស្រីលង្កា និង​រដ្ឋបាល​អាមេរិក​កំពុង​ចរចា​គ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ។ « ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​កិច្ចព្រមព្រៀង​ណា​មួយ​ដែល​សំដៅ​បំពាន​លើ​ឯករាជ្យ និង​អធិបតេយ្យ​របស់​យើង​បាន​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ស៊ីរីសេណា​នៅ​ក្នុង​កិច្ចប្រជុំ​សាធារណៈ​មួយ​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​នា​ថ្ងៃ​សៅរ៍ ទី៦ កក្កដា។ តាម​លោក​ស៊ីរីសេណា គម្រោង​កិច្ចព្រមព្រៀង SOFA ជា​គម្រោង​ក្បត់ជាតិ ព្រោះ​មាន​កម្លាំង​បរទេស​ខ្លះ​ចង់​យក​ទឹកដី​ស្រីលង្កា​ធ្វើ​ជា​មូលដ្ឋានទ័ព​របស់​ពួក​គេ។

លោក​ស៊ីរីសេណា​បាន​បន្ថែម​ថា ដរាប​ណា​លោក​នៅ​មាន​តួនាទី​ជា​ប្រធានាធិបតី ដរាប​នោះ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​កិច្ចព្រមព្រៀង​ដែល​ប្រឆាំង​នឹង​ផលប្រយោជន៍ជាតិ​ស្រីលង្កា​ឡើយ។ តែ​គេ​មិន​ត្រូវ​និយាយ​ទេ​ថា ទន្ទឹម​នឹង​ការ​ចែចង់​របស់​អាមេរិក ប្រទេស​នៅ​អាស៊ីខាងត្បូង​ដែល​មាន​ពលរដ្ឋ​រស់នៅ​ចំនួន ២១លាននាក់​មួយ​នេះ​ក៏​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន​ដែរ។ កាល​ពី ១ឆ្នាំ​មុន ក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ផ្តល់​ជំនួយ​ឲ្យ​ស្រីលង្កា​ចំនួន ៣៩លានដុល្លារ​ដើម្បី​ពង្រឹង​សន្តិសុខ​ផ្លូវសមុទ្រ។ ចំណែក​ក្រុង​ប៉េកាំង​បាន​វិនិយោគ​នៅ​តាម​កំពង់ផែ និង​គម្រោង​សាងសង់​មួយ​ចំនួន​ក្នុង​ក្របខណ្ឌ​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ »។ ទន្ទឹម​គ្នា​នេះ ក្រុង​ប៉េកាំង​ក៏​បាន​សន្យា​បន្ត​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ រួម​ទាំង​ប្រាក់កម្ចី​ឲ្យ​រដ្ឋាភិបាល​ក្រុង​កូឡុំបូ។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​ថ្មីៗ​នេះ និង​ដោយ​គ្មាន​លទ្ធភាព​សង​បំណុល​ចិន​ដែល​ខ្ចី​សម្រាប់​សាងសង់​កំពង់ផែ Hambatota ស្រីលង្កា​បាន​ប្រគល់​កំពង់ផែ Hambatota ទៅ​ឲ្យ​ចិន​កាន់កាប់​រយៈពេល ៩៩ឆ្នាំ។ កំពង់ផែ​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​ចិន​ទទួល​បាន​កន្លែង​យុទ្ធសាស្រ្ត​មួយ​នៅ​ក្នុង​តំបន់​ដែល​ធ្លាប់​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ឥណ្ឌា​អស់​រយៈ​ពេល​យ៉ាង​យូរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ